តារាចម្រៀងផលិតកម្មថោន អ្នកនាងយក់ ថិតរដ្ឋា ឆក់បានតំណែងជាតួឯកក្នុងភាពយន្តរបស់ផលិតកម្ម LD ដោយថែមទាំងបានដឹកដៃប្តី លោកឃុំ ប៉ុណ្ណាដែត ឱ្យចូលលេងជាមួយគ្នាទៀតផង។ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលត្រូវបានគេចាត់ទុកជាតារាមានទ្រព្យច្រើនរូបនេះ បានបោះទុនជាង៣ម៉ឺនដុល្លារ បើកហាងលក់ផលិតផលគ្រឿងសម្អាង នាំចូលមកពីបរទេស តែរដ្ឋា ប្រាប់ថា មិនមានគម្រោងធ្វើពិធីសម្ពោធឡើយ…។
យក់ ថិតរដ្ឋា ដែលបាននាំប្តី ឃុំ ប៉ុណ្ណាដែត ទៅប្រទេសថៃ កាលពីថ្មីៗនេះ ដើម្បីសម្លឹងមើលមុខជំនួញថ្មីមួយ ទាក់ទងទៅនឹងផលិតផលគ្រឿងសម្អាងមកលក់នៅក្នុងស្រុកនោះ ពេលនេះបានចេញជារូបរាងហើយ ដែលអ្នកចម្រៀងថោន រូបនេះ បានបោះទុនជាង៣ម៉ឺនដុល្លារ បើកហាងនៅមុខផ្សារម៉ាក្រូ នៅក្បែរទីតាំងគម្រោងផ្សារទំនើបអ៊ីអនម៉លទី២។
ប្រភពបានឱ្យដឹងថា យក់ ថិតរដ្ឋា ឃើញស្វាមីនាង លោកប៉ុណ្ណាដែត ជោគជ័យនឹងមុខជំនួញហាង factory ហេតុនេះហើយបានជាអ្នកនាងចង់មានមុខរបរថ្មីមួយដែរ ក្រៅពីអាជីពចម្រៀងនោះ គឺការបើកហាងលក់ផលិតផលរក្សាសម្រស់នេះ។
ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ យក់ ថិតរដ្ឋា បានឱ្យដឹងថា ការបើកហាងនោះ ពិតជាបានសម្រេចមែន តែអ្នកនាងគ្មានគម្រោង និងធ្វើពិធីសម្ពោធឡើយ។
រដ្ឋា ប្រាប់ថា “ហាងនោះឈ្មោះ “ឆប” នៅមុខផ្សារម៉ាក្រូ ហ្នឹង ហើយដោយសារតែខ្ញុំរវល់ខ្លាំងពេក ទើបឱ្យប្អូនស្រីខ្ញុំជាអ្នកមើលខុសត្រូវវិញ។ ហាងនេះលក់ផលិតផលដែលមានគុណភាពល្អមកពីប្រទេសថៃ និយាយទៅ ឱ្យតែជាគ្រឿងសម្អាងនារីៗ គឺមាននៅហ្នឹងទាំងអស់។ ខ្ញុំបើកនៅដំណាក់កាលដំបូងនេះ គឺចំណាយថវិកាជាង៣ម៉ឺនដុល្លារ ហើយយើងសិក្សាសិន បើជោគជ័យ គឺអាចបន្ថែមសាខា និងទុនថែមទៀត។ ហាងថ្មីនេះខ្ញុំគ្មានគម្រោងធ្វើពិធីសម្ពោធអីទេ គឺរវល់ខ្លាំងពេក អត់មានពេលធ្វើ ម៉្យាងហាងហ្នឹង គឺតូចដែរ”។
យក់ ថិតរដ្ឋា ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើន ព្រោះនាងមានផ្ទះច្រើនកន្លែង និងជិះរថយន្តទំនើបៗ ផ្លាស់ប្តូរជាបន្តបន្ទាប់ ដោយមិនខ្វល់ពីលុយខាតឡើយ។ រដ្ឋា ពេលនេះ នាងបានផ្លាស់ប្តូរពីការជិះឡាន Mazda, Range Rover Evoque កូនកាត់ មកជិះ Range Rover Sport ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ តម្លៃជាង១០ម៉ឺនដុល្លារ៕