Wednesday, October 8, 2025
Homeព័ត៌មានជាតិប្អូនធម៌ចេញទៅធ្វើការបាត់ បងធម៌ចាប់រំលោភប្រពន្ធ

ប្អូនធម៌ចេញទៅធ្វើការបាត់ បងធម៌ចាប់រំលោភប្រពន្ធ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទើបនឹងចេញពីពន្ធនាគារថ្មីៗ ក៏មកសុំស្នាក់នៅបន្ទប់ជាមួយនឹងប្អូនធម៌ប្រុស លុះពេលដែលបុរសជាប្អូនធម៌ចេញទៅធ្វើការបាត់ ស្រាប់តែជនសង្ស័យជាបងធម៌បែកគំនិត ក៏ធ្វើសកម្មភាពចាប់រំលោភប្រពន្ធរបស់ប្អូនធម៌ តែមិនបានសម្រេច ដោយសារស្ត្រីរងគ្រោះប្រឹងរើបម្រះ និងស្រែកឆោឡោផ្អើលអ្នកជិតខាង ធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល។

ករណីបងធម៌ល្មោភកាមដែលទើបចេញពីគុក ប៉ុនប៉ងចាប់រំលោភប្រពន្ធរបស់ប្អូនធម៌ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវរ៉ារថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលប៉ងចាប់រំលោភប្រពន្ធប្អូនធម៌មិនបាន រត់គេចខ្លួនបាត់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជននេះទើបនឹងចេញពីពន្ធនាគារថ្មីៗ។ ចំណែកស្ត្រីរងគ្រោះមានអាយុ២០ឆ្នាំ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងបានរាប់អានជាមួយជនសង្ស័យជាច្រើនឆ្នាំមកហើយ រហូតដល់ទទួលយកគ្នាជាបងប្អូនធម៌ទៀតផង។ នៅមុនពេលកើតហេតុ ជនសង្ស័យទើបនឹងចេញពីពន្ធនាគារ អត់មានកន្លែងស្នាក់នៅ ក៏មកសុំប្តីរបស់នាងស្នាក់នៅជាបណ្តោះអាសន្ន១យប់សិន។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ខណៈដែលប្តីក្រោកចេញទៅធ្វើការ នាងក៏បានក្រោកដើរទៅសាកថ្មទូរស័ព្ទដែរ លុះបន្តិចក្រោយមក ជនសង្ស័យក៏ធ្វើសកម្មភាពចាប់នាងរំលោភទាំងកំរោល តែភ្លាមនោះ នាងបានប្រឹងរើបម្រះ ក៏ត្រូវជនសង្ស័យចាប់ខ្ទប់មាត់នាងជាប់មិនឱ្យស្រែក រួចបានវាយធ្វើបាបនាងទៀតផង។

ស្ត្រីរងគ្រោះបន្តថា ក្រោយមក នាងនៅតែព្យាយាមរើបម្រះ រហូតដល់អាចច្រានជនសង្ស័យចេញ រួចក៏ស្ទុះរត់ចេញមកក្រៅបន្ទប់ ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏រត់ចេញពីបន្ទប់របស់នាងគេចខ្លួនបាត់។ ចំណែកអ្នកនៅក្បែរនោះ មិនមានអ្នកណាម្នាក់ហ៊ានចេញមកជួយនាងឡើយ។

ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យទើបតែចេញមកពីពន្ធនាគារបានប៉ុន្មានថ្ងៃទេ ហើយជននេះក៏ជាមនុស្សញៀនថ្នាំផងដែរ ទើបបែកគំនិតធ្វើបែបនេះដាក់នាង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ១ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាប់៕

RELATED ARTICLES