ឱក សុគន្ធកញ្ញា ធ្លាប់ប្រកាសថា នឹងចូលរោងការនៅឆ្នាំ២០១៨នេះហើយ គឺមិនឱ្យផុតពីអាយុ៣១ឆ្នាំទេ ដែលដំណឹងនេះ ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ទាំងមហាជន និងចង្កោមអ្នកសិល្បៈ ព្រោះថា សុគន្ធកញ្ញា ជិតក្លាយជាប្អូនថ្លៃលោកថៅកែហង្សមាស។ ប៉ុន្តែ ម្តាយឱក សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច បែរជានិយាយនៅពេលនេះថា គាត់មិនដឹងរឿងសុគន្ធកញ្ញា ចូលរោងការឆ្នាំនេះឡើយ ហើយបើតាមមើលទៅ គឺមិនអាចរៀបការនៅឆ្នាំ២០១៨ នេះបានទេ…។
មហាជន និងអ្នកសិល្បៈមួយចំនួនអាចនឹងខកចិត្តទៅវិញ ក្រោយការអះអាងរបស់ម្តាយឱក សុគន្ធកញ្ញា ថា មង្គលការអ្នកចម្រៀងល្បីផលិតកម្មហង្សមាស នេះ មិនអាចប្រព្រឹត្តទៅដូចការលេចឮនោះបានឡើយ ហើយអ្នកស្រីអ៊ិន ថាច និយាយថារឿងទាំងនោះអាចជាការស្តាប់ទៅច្រឡំច្រើនជាងការពិត។
ថ្លែងតាមទូរស័ព្ទ អ្នកស្រីអ៊ិន ថាច និយាយដោយមានការប្រុងប្រយ័ត្នថា គាត់មិនដែលឮកូនស្រីមកប្រាប់ គាត់ទេថា នឹងរៀបការនៅឆ្នាំ2018នេះ អ៊ីចឹងអ្នកស្រីគិតថា រឿងនោះអាចជាការយល់ច្រឡំច្រើនជាង មើលទៅ។
អ្នកស្រីអ៊ិន ថាច និយាយថា “កូនខ្ញុំការឆ្នាំហ្នឹងមែន? ពីណាគេ និយាយទៅ អីក៏ច្បាស់ម៉្លេះ? ខ្ញុំអត់ដឹងរឿងទាំងនោះទេ ព្រោះអាកញ្ញា ក៏មិនដែលនិយាយរឿងចង់ការហ្នឹងប្រាប់ខ្ញុំដែរ។ តាមមើលទៅ ការពេលហ្នឹងមិនកើតទេ ព្រោះគេរវល់ខ្លាំងណាស់”។
ឱក សុគន្ធកញ្ញា បានប្រកាសថា នាងនឹងចូលរោងការនៅឆ្នាំ2018 ឬមិនឱ្យផុតពីអាយុ31ឆ្នាំទេ ដែលវាចាបែបនេះ ធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងល្បីរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនមួយ នៅកោះពេជ្រ កាលពីខែមុន ហើយសុគន្ធកញ្ញា ត្រូវបានពិធីការិនីសួរពីរឿងចូលរោងការនោះ។
ទស្សនិកជនជាច្រើន បានយល់ថា ការថ្លែងរបស់សុគន្ធកញ្ញា នៅពេលនេះ ប្រាកដជានាងមានទំនុកចិត្តជាមួយគូស្នេហ៍ច្បាស់លាស់អស់ហើយ បានជាចង់ដឹកដៃគ្នាក្រាបផ្ទឹម។
អ្នកស្រីអ៊ិន ថាច បានបញ្ជាក់ថា “រឿងប្រកាសចូលរោងការនៅឆ្នាំ2018 ហ្នឹង អាចជាការស្តាប់ច្រឡំហើយមើលទៅ ព្រោះថា កូនខ្ញុំអាចច្រៀងចប់បទ “ឆ្នាំអូន31” ហើយត្រូវពិធីករសម្ភាសថា ចង់រៀបការអាយុប៉ុន្មាន អីក៏ឆ្លើយថា អាយុ31ហ្នឹងតែម្តងទៅ។ ខ្ញុំនៅតែប្រាប់ថា អត់បានដឹងរឿងកូនស្រីចង់រៀបការហ្នឹងមែន ព្រោះគេមិនដែលប្រាប់ខ្ញុំសោះ។ មិនអីទេ បើអាកញ្ញា ការមែន ចិត្រឯង (អ្នកយកព័ត៌មាន) ត្រូវតែមកថតផ្សាយឱ្យបានមុនគេ គ្មានអីជាអាថ៌កំបាំងទេ អ្នកណាក៏ត្រូវតែរៀបការដែរ”។
ឱក សុគន្ធកញ្ញា ដែលល្បីសុសសាយរឿងមានស្នេហាជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ធ្វើឱ្យអាជីពចម្រៀង និងស្នេហាសុគន្ធកញ្ញា ល្បីព្រមគ្នាតែម្តង។ អ្វីដែលធ្វើឱ្យមហាជនកាន់តែស្រឡាំងកាំងថែមទៀតនោះ ស្រាប់តែឱក សុគន្ធកញ្ញា ហ៊ានបណ្តើរសង្សារថ្មី លោកអ៊ឹង សុខលី ជាចំហទៅចូលរួមកម្មវិធីមង្គលការកូនស្រីលោកជំទាវទ្រី សុខា នៅកោះពេជ្រ កាលពីពេលថ្មីៗនេះ នាំឱ្យទាំងអ្នកសិល្បៈរួមអាជីព និងភ្ញៀវទាំងឡាយ ចោលភ្នែកមើលអ្នកចម្រៀងនេះគ្រប់គ្នា ហើយសរសើរថា សមគ្នាខ្លាំងណាស់ នាំឱ្យតារាល្បីរូបនេះញញឹមបិទមាត់មិនជិតឡើយ។ ប៉ុន្តែនៅពេលដែលអ្នកសិល្បៈរួមអាជីព ដែលស្និទ្ធស្នាលជំរុញឱ្យប្រញាប់ចូលរោងការនោះ កញ្ញា និងលោកសុខលី បែរជាគ្រាន់តែញញឹម និងគ្មានការតបអ្វីទាំងអស់។
ថ្វីត្បិតតែស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ហាក់គ្មានឧបសគ្គ ព្រោះលោកឧកញ៉ាអ៊ឹង ឆៃងួន មិនបានជំទាស់ក្តី ប៉ុន្តែ អ្នកសិល្បៈជាច្រើនបាននិយាយស្របគ្នាថា ការចូលរោងការមុនពេលកំណត់ ទើបជាជម្រើសល្អសម្រាប់អ្នកចម្រៀងល្បីរូបនេះ ព្រោះថា លោកសុខលី មានស្រីក្មេងៗជាច្រើនចោមរោមស្នេហ៍ អ៊ីចឹងហើយបានជាគេថា ស្នេហាអ្នកចម្រៀងល្បីរូបនេះ អាចផុយស្រួយគ្រប់ពេល ដោយសារតែមានការបង្ហើបថា លោកសុខលី ធ្លាប់បែកបាក់ស្នេហ៍ជាមួយតារាស្រីស្អាត 5លើកមកហើយ មុនពេលដែលភ្ជាប់ស្នេហ៍លើកទី6 ជាមួយឱក សុគន្ធកញ្ញា នេះ។
មុនពេលលេចឮរឿងឱក សុគន្ធកញ្ញា គ្រោងរៀបគម្រោងបញ្ចប់ភាពនៅលីវត្រឹមឆ្នាំ2018នេះ ធ្លាប់មានព័ត៌មានថា សុគន្ធកញ្ញា និងលោកសុខលី បានទិញវីឡាទ្រនំស្នេហ៍រួមគ្នានៅបុរីមួយ តម្លៃ24ម៉ឺនដុល្លារ តែម្តាយឱក សុគន្ធកញ្ញា បដិសេធថា គាត់មិនបានដឹងរឿងនេះទេ។
ដោយឡែកតារាចម្រៀងមួយចំនួន នៅផលិតកម្មរស្មីហង្សមាស បានបង្ហើបថា ឱក សុគន្ធកញ្ញា ជាអ្នកចម្រៀងស្រីល្បីខ្លាំង 7ឆ្នាំចុងក្រោយនេះ នាងរកប្រាក់ចំណូលបានមិនក្រោម3ម៉ឺនដុល្លារឡើយ ក្នុង1ខែៗ ហេតុនេះហើយ បើសុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ខ្លាំងម្នាក់ គឺពួកគេពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ហេតុនេះហើយបានជាពួកគេចេះតែជំរុញឱ្យកញ្ញា រៀបការឱ្យឆាប់ ចៀសវាងចំណងស្នេហ៍មានការប្រែប្រួល៕