Saturday, November 16, 2024
Homeតារាខ្មែរព្រះកាយច័ន្ទ បានតំណែងតួឯករឿងភាគទី១១ "ជញ្ជីងជីវិត" ក្រុងពលីចេញថតព្រឹកមិញនេះ

ព្រះកាយច័ន្ទ បានតំណែងតួឯករឿងភាគទី១១ “ជញ្ជីងជីវិត” ក្រុងពលីចេញថតព្រឹកមិញនេះ

ប៉ុស្ដិ៍លេខ៥ ដែលមានគោលការណ៍ផលិតរឿងភាគខ្មែរ ឲ្យបានយ៉ាងហោចណាស់ក៏១៥រឿងនោះ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានធ្វើពិធីសែនក្រុងពលីរឿងថ្មីរបស់ខ្លួន គឺរឿង ”ជញ្ជីងជីវិត” នៅសណ្ឋាគារសូហ្វីតែល ភោគីត្រា ភ្នំពេញ ដោយមានតារាល្បីៗជាច្រើនបានចូលរួម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។

មិនខុសពីលើកមុនៗទេ ដែលលើកនេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានយករឿងភាគថៃ មកកែច្នៃជាលក្ខណៈខ្មែរសាជាថ្មីទៀត ទើបធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ថា ហេតុអីបានជាប៉ុស្ដិ៍លេខ៥ មិនផលិតរឿងភាគខ្មែរដោយខ្លួនឯង។

លោកស៊ិន សុផាត ប្រធានគណៈកម្មករត្រួតពិនិត្យរបស់ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”រឿង ”ជញ្ជីងជីវិត” នេះជារឿងភាគខ្មែររបស់ប៉ុស្ដិ៍លេខ៥ ទី១១ ហើយដែលយើងបានផលិតដោយខ្លួនឯងនេះ មិនគិតពីផលិតកម្មផ្សេងៗដែលសហការជាមួយយើងទេ។ ដោយសារតែយើងមានតម្រូវការក្នុង១ឆ្នាំ គឺធ្វើរឿងខ្មែរឲ្យបានយ៉ាងហោចណាស់ក៏១៥រឿង អីចឹងតម្រូវការអ្នកនិពន្ធយើងមិនទាន់អាចគ្រប់តាមតម្រូវការបាន អីចឹងយើងក៏យករឿងភាគគេមកច្នៃឲ្យទៅជាលក្ខណៈខ្មែរ តែយើងមិនចោលអ្នកនិពន្ធយើងទេ។ ដោយឡែក រឿង ”ជញ្ជីងជីវិត” នេះ យើងចេញដំណើរការថតចាប់ពីថ្ងៃទី១៣​ខែមីនា នេះហើយ ដែលការថតមានរយៈពេលពី៣ទៅ៣ខែកន្លះ ទីតាំងភាគច្រើននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ រឿងនេះមាន៣៥ភាគ ហើយអាចនឹងដាក់បញ្ចាំងនៅពាក់កណ្ដាលឆ្នាំ២០១៨ ខាងមុខនេះ”។

រឿង “ជញ្ជីងជីវិត” មានតួឯកស្រី ព្រះកាយច័ន្ទ និងតួឯកប្រុស លោកមុំ សុទ្ធារ៉ា ជាមួយតួអង្គសំខាន់១គូទៀត គឺកញ្ញាសយ រតនា និងលោកសូ ឆាន្នី។ ក្នុងនោះមានតារាល្បីៗជាច្រើនដួងទៀតផងដែរ ដែលចូលរួមសម្ដែងក្នុងរឿងនេះ មានដូចជា លោកប៊ុនថុល ប៊ុនថេង , រិទ្ធី នី, លៀង ឧត្តម , វឌ្ឍនៈ, តុង វិរៈបញ្ញា , ដាវណ្ណ រីកគី, ខូច ហ្គេចឡាង, ផា ណាម៉ុច, អ៊ូន លីណា , វឿន ពុទ្ធារី, ញឹម សុខា , ផួង សុភា​, ហ៊ត ស៊ីផេង, ឥន សម្ផស្ស, ឆន យុវ៉ាណ្ណា, ច័ន្ទ សោភ័ណ្ឌ , ណាណៃ , ស ច័ន្ទដានី ។

កញ្ញាព្រះកាយច័ន្ទ បានឲ្យដឹងថា ”នេះគឺលើកទី៣ហើយសម្រាប់ខ្ញុំ ដែលបានថតសម្ដែងជាតួឯកនៅប៉ុស្ដិ៍លេខ៥ គឺរឿងទី១ ”អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន?”, ទី២ ”ទណ្ឌកម្មស្នេហ៍” និងរឿងទី៣ ”ជញ្ជីងជីវិត” នេះ។ ខ្ញុំសប្បាយចិត្តដែលបានចាប់ដៃគ្នាជាលើកដំបូង ជាមួយមុំ សុទ្ធារ៉ា ក្នុងការសម្ដែងរឿងថ្មីនេះ ហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកុំឲ្យទស្សនិកជនខកចិត្ត។ រឿងនេះខ្ញុំមានកូន២នាក់ ហើយត្រូវតួអង្គប្រុសធ្វើបាបចិត្ត ព្រោះគេធ្លាប់មានសង្សារពីមុន អីចឹងគេនៅនឹកដល់សង្សារចាស់គេ…”។

ចំណែកលោកមុំ សុទ្ធារ៉ា បានឲ្យដឹងដែរថា ”នេះជាលើកទី១ហើយសម្រាប់ខ្ញុំ ក្នុងការថតជាតួឯកឲ្យខាងប៉ុស្ដិ៍លេខ៥នេះ ហើយក៏ជាលើកដំបូងដែរ ដែលខ្ញុំបានចាប់ដៃគូជាមួយព្រះកាយច័ន្ទ ក្នុងការសម្ដែងជាភាពយន្ដជាមួយគ្នាជាតួឯកនេះ។ រឿងនេះខ្ញុំ និងព្រះកាយច័ន្ទ ជាប្ដីប្រពន្ធ តែពេលដែលខ្ញុំមានកូនហើយ គឺនៅតែនឹកដល់សង្សារចាស់ អីចឹងធ្វើឲ្យគាត់ពិបាកចិត្តច្រើន…”។

លោកសុផាឆៃ វីរៈភុឆុង ដែលជាថៅកែទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា “លោកមានការរីករាយដែលបានចូលក្រុងពលីក្នុងរឿង ”ជញ្ជីងជីវិត” នេះ ហើយលោកមើលឃើញថា តារាខ្មែរទាំងអស់ពេលនេះកាន់តែមានរូបសម្រស់ស្អាតទៅៗ និងមានសមត្ថភាពខ្ពស់គ្រប់ៗគ្នា។ លោកសូមឲ្យក្រុមការងារប៉ុស្ដិ៍លេខ៥ ដែលដឹកនាំថតរឿងនេះ រួមទាំងតារាសម្ដែងទាំងអស់បន្ដសហការណ៍គ្នាល្អបន្ដទៅទៀត ដើម្បីឲ្យរឿង ”ជញ្ជីងជីវិត” បានថតឲ្យចប់ និងជោគជ័យទៅតាមផែនការ៕

RELATED ARTICLES