Wednesday, October 8, 2025
Homeព័ត៌មានជាតិនឹកប្រពន្ធកូនខ្លាំងពេក បុរសឥណ្ឌាលួចឆ្លងដែនខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួន

នឹកប្រពន្ធកូនខ្លាំងពេក បុរសឥណ្ឌាលួចឆ្លងដែនខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី១១ ខែមីនា កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត បានឃាត់ខ្លួនជនជាតិឥណ្ឌាម្នាក់ ឆ្លងដែនចូលមកកម្ពុជា ខុសច្បាប់។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅភូមិត្រពាំងកក់ ឃុំក្រាំងអំពិល ស្រុកសំរោងទង។

ជនជាតិឥណ្ឌាខាងលើឈ្មោះ ASWANT JSINGH ភេទប្រុស អាយុ៤៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ J0993102 ចូលមកកម្ពុជា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ (តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ)។

សមត្ថកិច្ចសាកសួរ បុរសរូបនេះឆ្លើយប្រាប់ថា មូលហេតុដែលលោកសម្រេចចិត្តឆ្លងដែន ចូលមកកម្ពុជា ខុសច្បាប់នេះ ព្រោះតែខ្លួននឹករលឹកប្រពន្ធ និងកូនប្រុសជាទីស្រលាញ់ដែល បែកគ្នាជាយូរមកហើយ។ រវាងរូបលោក និងប្រពន្ធស្គាល់គ្នា កាលពីអំឡុង២ឆ្នាំមុន នៅម៉ាឡេស៊ី គឺពេលដែលប្រពន្ធធ្វើចំណាកស្រុកទៅធ្វើការនៅទីនោះ។ ស្នេហារវាងរូបលោក និងប្រពន្ធបានឈានដល់ភាពស៊ីជម្រៅ ស្រាប់តែប្រពន្ធមានផ្ទៃពោះ ពេលនោះលោកនិងប្រពន្ធ គិតថា ឱ្យនាងត្រឡប់មកកម្ពុជាវិញ ដើម្បីសម្រាក និងរង់ចាំសម្រាលកូនអស់ពេល៩ខែ១០ថ្ងៃ ប្រពន្ធលោកកើតបានកូនប្រុសម្នាក់។ ដោយអត់ទ្រាំនឹករលឹកខ្លាំង រូបលោកធ្វើដំណើរឆ្លងដែនពីម៉ាឡេស៊ី មកដល់ថៃ ចូលមកកម្ពុជា ដើម្បីជួបមុខប្រពន្ធ និងកូន បើគិតមកដល់ពេលនេះ កូនប្រុសរបស់លោកមានអាយុ២ឆ្នាំហើយ។

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើ បានឱ្យដឹងស្របគ្នាថា ស្នេហាថ្វីត្បិតតែមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ក៏ពិតមែន តែគួរណាស់បុរសរូបនេះរិះរកមធ្យោបាយដែលស្របច្បាប់ ដើម្បីរស់នៅជួបជុំប្រពន្ធនិងកូន មិនគួរចង់ចូលមកក៏ចូល ចង់ចេញស្រុកខ្មែរ ស្រេចតែចិត្តនោះទេ ព្រោះប្រទេសនីមួយៗមានច្បាប់រៀងៗខ្លួន។

បច្ចុប្បន្ននគរបាលជំនាញអន្តោប្រវេសន៍ បានបញ្ជូនបុរសឥណ្ឌានេះទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ៕

RELATED ARTICLES