ភ្នំពេញ ៖ អតីតអ្នកនាំពាក្យអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) លោកយ៉ែម បុញ្ញឫទ្ធិ បានប្រតិកម្មទៅនឹងសម្តី របស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ដែលបានថ្លែងថា បើសិនជា លោកកឹម សុខា ស្លាប់ក្នុងពន្ធនាគារ ដូចការ ថ្លែងព្រួយបារម្ភរបស់ក្រុមមេធាវីមែន រាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវ ក្នុងការយកសពទៅ បញ្ចុះ ឬបូជា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
លោកយ៉ែម បុញ្ញឫទ្ធិ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ថា “សម្តីអ្នកចេញពីក្រុមគ្រួសារ រៀនពីសាលា ស្តាប់ពីសាសនា ឮពីប្រព័ន្ធផ្សព្វ- ផ្សាយ ខ្មែរយើងមានវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ល្អខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿង តែពេលនេះ សម្តីអ្នកម្តេចប្រែក្លាយទៅជាយ៉ាងនេះ?
សម្តីអ្នក ក្នុងនាមជាយុវជនបន្តវេន យើងនាំគ្នាប្រឹងប្រែងកសាងវប្បធម៌របស់យើងដែល កំពុងបាក់បែកខ្ទេចខ្ទាំនេះឡើងវិញពីពេលនេះ តទៅ។ យើងប្រកួតប្រជែងក្នុងលក្ខណៈថ្លៃថ្នូរ គុណធម៌ សីលធម៌ រៀបចំសង្គមខ្មែរ ដើម្បី មាតុភូមិកម្ពុជាយើងគង់វង្ស កុំឱ្យមានការបែកបាក់ជាតិកាន់តែធ្ងន់ទៅៗ ដោយសារសម្តីអ្នក។
សម្តីអ្នកនាពេលនេះមានគ្រប់រសជាតិ ទាំងការសើចចំអក ជេរប្រមាថ លាបពណ៌ មួលបង្កាច់ ញុះញង់បំបែកបំបាក់សង្គមជាតិ ដែលយុវជនបន្តវេនមិនយកតម្រាប់តាមគំរូគម្រក់ បែបនេះក្នុងការដឹកនាំនាវាកម្ពុជា នាថ្ងៃខាងមុខ ដើម្បីឱ្យសមជាពលរដ្ឋខ្មែរ អ្នកកសាងអង្គរ”។
គួរបញ្ជាក់ថា លោកយ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យអតីតគណបក្សសង្គ្រោះជាតិ បាន ប្រតិកម្មខាងលើនេះ បន្ទាប់ពីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបោះពាក្យសម្តី តបទៅក្រុមមេធាវីលោក កឹម សុខា ដែលព្រមានថា បើមិនមានការ ដោះលែងលោកកឹម សុខា ឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន ដើម្បីទៅព្យាបាលជំងឺទេ ក្នុង ករណីដែលលោកកឹម សុខា ដែលកំពុងជាប់ ពន្ធនាគារសព្វថ្ងៃស្លាប់ដោយជំងឺនៅក្នុងពន្ធនាគារ រាជរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ដោយ លោកសុខ ឥសាន បានថ្លែងថា បើលោកកឹម សុខា ស្លាប់ក្នុងពន្ធនាគារមែន រាជរដ្ឋាភិបាល កម្ពុជា មានការទទួលខុសត្រូវ ក្នុងការយក សពទៅបញ្ចុះ ឬបូជាស្របតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ។
ទោះបីយ៉ាងណា លោកសុខ ឥសាន បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ថា ការដែលលោកបានលើកឡើង ទាក់ទងនឹងសុខភាពលោកកឹម សុខា នោះ មិនមែនជាការប្រមាថជីវិតរបសលោកកឹម សុខា នោះទេ តែការលើកឡើងក្នុងន័យជាក់ស្តែង។
លោកសុខ ឥសាន បានមានប្រសាសន៍ ថា “អាហ្នឹងគាត់កាន់ជើងគ្នាគាត់ហ្នឹង ខ្ញុំលើក តេឡេក្រាមរបស់ខ្ញុំអត់ខុសទេ ពេលណាកឹម សុខា ស្លាប់ បានសេចក្តី ទី១ កឹម សុខា ខ្លួនឯង ហ្នឹង ទទួលខុសត្រូវខ្លួនឯង បើស្លាប់ៗខ្លួនឯង គ្មានអ្នកណាស្លាប់ជំនួសគាត់ទេ ត្រូវមិនត្រូវ អាហ្នឹង? ហើយទី២ អ្នកដែលមេបដិវត្តន៍ពណ៌ ដែលដឹកនាំគាត់ឱ្យអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលហ្នឹង អាហ្នឹងគាត់ក៏អ្នករួមចំណែកទទួល ខុសត្រូវដែរ។ ទី៣ រដ្ឋាភិបាលក៏ទទួលខុសត្រូវ ដែរ ដែលទទួលខុសត្រូវយកសពកឹម សុខា ទៅកប់ ឬបូជា មិនទទួលខុសត្រូវ? មិនមែន អ្នកទុកឱ្យគាត់ហើមក្នុងគុកស្អុយគេស្អុយឯងទេ អាហ្នឹងមានតែប៉ុណ្ណឹងតើ! មើលក្នុងតេឡេក្រាម ខ្ញុំទៅ ហើយមានអីទៀត ត្រង់គាត់និយាយថា ម៉េច អាហ្នឹងរឿងគាត់ ការយល់ឃើញរបស់ គាត់។ គាត់ដែលនិយាយត្រូវគ្នា? គណបក្ស កាន់អំណាច ហើយនិងគណបក្សប្រឆាំង ដែល និយាយត្រូវគ្នា? បើនិយាយត្រូវគ្នា គេម៉េច ហៅថាប្រឆាំង”។
លោកសុខ ឥសាន បន្តថា “ក្នុងចំណុចនេះ គេនិយាយតែកឹម សុខា ស្លាប់តើ! ហើយខ្ញុំៗ ចាក់បណ្តោយតាមគេតើ! ខ្ញុំមានផ្តើមគំនិតឱ្យ កឹម សុខា ស្លាប់ឯណា ហើយមុនកាលគេចាប់ ដាក់គុកហ្នឹង ម៉េចក៏ក្លាហានម៉្លេះ អត់ដែលឮ ថា កឹម សុខា ឈឺអីបន្តិចផង ដល់ចូលគុក ថា ទឹកនោមផ្អែម ឯណា កប់សរសៃស្មាឯណា អាហ្នឹង រឿងតែគាត់តើ! ខ្ញុំមានអ្នកប្រមាថជីវិតគាត់ ឯណា គាត់អ្នកប្រមាថជីវិតខ្លួនឯង។ សុំផ្តាំទៅ លោកយ៉ែម បុញ្ញឫទ្ធិ ថា អាហ្នឹងគាត់ប្រមាថ ជីវិតខ្លួនឯងទេ ហើយគ្នាគាត់ហ្នឹងក៏ប្រមាថ ជីវិតគ្នាគាត់ដែរ ខ្ញុំមានដែលប្រមាថជីវិតអ្នក ណា? ដូចកាលមុនហ្នឹង ខ្ញុំថា ហេងហើយដែល កឹម សុខា ក្បត់ជាតិក្នុងសម័យកាលនេះនោះ។ សម័យកាលនេះ រដ្ឋធម្មនុញ្ញអត់មានឱ្យប្រហារ ជីវិតទេ បើជំនាន់មុន អាហ្នឹងប្រហារជីវិត ហើយ អាហ្នឹងខ្ញុំថា កឹម សុខា សំណាងហើយ តែមូលហេតុអីមកជេរខ្ញុំថា ខ្ញុំប្រមាថជីវិតមនុស្ស? ខ្ញុំថា គាត់សំណាងតើ!”។
លោកសុខ ឥសាន បន្តទៀតថា “ចំពោះ ការឱ្យលោកកឹម សុខា បានទៅព្យាបាលនៅ សិង្ហបុរី នោះ អាហ្នឹងយើងអត់អាចលូកមាត់ បានទេ ជាឆន្ទានុសិទ្ធិរបស់តុលាការ ពីព្រោះ កឹម សុខា ជាជនជាប់ចោទ ដែលកំពុងស្ថិតនៅ ក្រោមនីតិវិធីរបស់តុលាការ។ អ៊ីចឹងយើងថា ចង់ឱ្យចេញឱ្យចូលម៉េច យើងអត់ថាត្រូវទេ ពីព្រោះយើងជ្រៀតជ្រែកក្នុងកិច្ចការតុលាការ អ៊ីចឹងទេ ទុកឱ្យតុលាការអ្នកសម្រេច”។
ភាសាឆ្លើយឆ្លងគ្នារវាងអតីតអ្នកនាំពាក្យ អតីតគណបក្សប្រឆាំង និងអ្នកនាំពាក្យគណបក្សកាន់អំណាចខាងលើ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ បានសម្រេចឱ្យលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាប់ឃុំ ក្នុងពន្ធនាគារដដែល គឺរក្សាតម្កល់សាលដីកា សាលាឧទ្ធរណ៍ទុកជាបានការ។
សំណើសុំឱ្យលោកកឹម សុខា នៅក្រៅឃុំ បានដាក់ទៅកាន់តុលាការគ្រប់ជាន់ថ្នាក់អស់ ហើយ ដែលរួមមានសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល។ ប៉ុន្តែចាប់ តាំងពីតុលាការជាន់ទាប រហូតដល់តុលាការកំពូល សុទ្ធតែបដិសេធសំណើសុំនៅក្រៅឃុំ របស់លោកកឹម សុខា។
ក្រុមមេធាវី លើកឡើងថា ការស្នើឱ្យ ដោះលែងលោកកឹម សុខា ពីពន្ធនាគារជា បណ្តោះអាសន្ន គឺដើម្បីឱ្យលោកបានទៅព្យាបាលជំងឺនៅឯបរទេស។
បើតាមក្រុមមេធាវី លោកកឹម សុខា មាន ជំងឺដល់៣ប្រភេទឯណោះ គឺលើសឈាម ទឹកនោមផ្អែម និងកៀបសរសៃដៃខាងឆ្វេង។ ប៉ុន្តែ តុលាការមិនអនុញ្ញាតឱ្យលោកកឹម សុខា នៅ ក្រៅឃុំតាមការស្នើសុំ ទើបក្រុមមេធាវីបារម្ភ ខ្លាចលោកកឹម សុខា ស្លាប់នៅក្នុងពន្ធនាគារ ដោយសាររោគាពាធ។
លោកកែត ឃី មេធាវី១រូប ក្នុងចំណោម មេធាវីទាំង៨រូប របស់លោកកឹម សុខា ធ្លាប់ បានប្រាប់ “នគរធំ” ថា “យើងបានលើកហេតុផលជាច្រើន ដើម្បីឱ្យតុលាការកំពូលពិចារណា អំពីគាត់ គួរតែបាននៅក្រៅឃុំ គឺបញ្ហាសុខភាពរបស់គាត់ ដែលវ័យគាត់ចាស់ ហើយអា ជំងឺកៀបសរសៃហ្នឹង ធ្វើឱ្យគាត់ឈឺចុកចាប់ រាល់យប់។ អ៊ីចឹងគាត់សម្រាន្តអត់បាន ដល់ កាលណាសម្រាន្តអត់បាន អាជំងឺលើសឈាម ហ្នឹង ក៏កាន់តែរួមរឹតថែម ហើយអាជំងឺទឹកនោមផ្អែម ក៏កាន់តែរួមរឹតគាត់ទៀត។ អ៊ីចឹង គាត់ទៅជាជំងឺ៣មុខ ក្នុងពេលតែមួយ។ អ៊ីចឹង យើងបានបង្ហាញពីទុក្ខលំបាករបស់គាត់ ប៉ុន្តែ ការយល់ឃើញរបស់ចៅក្រមហ្នឹង យើងអត់ ទាន់បានទទួលបានទេ។ ឥឡូវនេះ យើងបាន ដាក់ពាក្យមួយដើម្បីប្តឹងឧទ្ធរណ៍ លើដីកាសម្រេច ពន្យារការឃុំខ្លួនគាត់តទៅទៀត។ ក្នុងដីកា នោះបានបញ្ជាក់ថា កាលណាឃុំគាត់យូរ មិនព្រមរកយុត្តិធម៌ឱ្យគាត់ឱ្យបានឆាប់ ធ្វើឱ្យគាត់ កាន់តែលំបាកក្នុងស្ថានភាពជំងឺ គឺយើងទាំងអស់ គ្នាយល់ថា គាត់មិនមានទោស ដូចការចោទប្រកាន់ទេ។ អ៊ីចឹងបានសុំឱ្យលើករឿងនេះមក ជម្រះឱ្យបានឆាប់ ដើម្បីឱ្យឃើញថា តើគាត់ មានទោសដូចការចោទប្រកាន់ឬអត់?”៕
កុលបុត្រ