ភ្នំពេញ ៖ លោកបណ្ឌិត ស៊ុយ សារ៉េត ដែលទទួលរងអំពើហិង្សាយ៉ាងឃោរឃៅ ត្រូវមហាជនព័ទ្ធវាយដំប៉ងសម្លាប់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរបំផុត កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាបន្តបន្ទាប់តាមដងផ្លូវនោះ បានរួចផុតពីសេចក្តីស្លាប់ហើយ ក្រោយពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យឯប្រទេសវៀតណាម។
បន្ទាប់ពីទទួលរងអំពើហិង្សាស្ទើរនឹងបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុនោះ លោកបណ្ឌិត ស៊ុយ សារ៉េត ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មក ដោយឃើញស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបក្រុមគ្រួសារ សម្រេចបញ្ជូនបន្តទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ហើយរហូតមកដល់ពេលនេះ លោកស៊ុយ សារ៉េត បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ និងបានដឹងខ្លួនឡើងវិញ ប៉ុន្តែស្ថិតក្នុងសភាពរបួសធ្ងន់ត្រង់មាត់ បាក់ធ្មេញស្ទើរគ្មានសល់ និងរបួសត្រង់ត្រចៀក និងរាងកាយ។
យោងតាមប្រភពពីហ្វេសប៊ុក លោកផែង វណ្ណៈ បានសរសេរបញ្ជាក់កាលពីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ថា “ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោកបណ្ឌិត ស៊ុយ សារ៉េត នៅព្រឹកនេះ គឺបានធូរច្រើនហើយ។ លទ្ធផលស្គេនក្បាល មិនមានអ្វីគ្រោះថ្នាក់ទេ តែលោកត្រូវនៅសំរាកព្យាបាលយូរថ្ងៃទៀត ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់ របួសមាត់ របួសត្រចៀក របួសរាងកាយ របួសលើផ្ទៃមុខ។
ហ្វេសប៊ុក លោកផែង វណ្ណៈ បានសរសេរបន្ថែមថា “បន្ទាប់ពីមើលឃើញអំពើព្រៃផ្សៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទារទោសតាមច្បាប់។ ចំណែកមេធាវីរបស់លោកបណ្ឌិត ក៏បានរៀបចំពាក្យបណ្តឹងដាក់ចូលឱ្យសមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ផងដែរ…”។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់អំពើហិង្សាដ៏ឃោរឃៅ និងគួរឱ្យរន្ធត់មួយបានកើតឡើង នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយបុរសម្នាក់បានបើករថយន្តទំនើបមួយគ្រឿង បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតមកដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ និងត្រូវបានប្រជាពលរដ្ឋជិះម៉ូតូប្រដេញតាមរាប់រយគ្រឿង ធ្វើឱ្យផ្អើលពេញរាជធានីភ្នំពេញ លុះចាប់ឃាត់រថយន្តបាន ប្រជាពលរដ្ឋក៏ផ្ទុះកំហឹងវាយបំផ្លាញរថយន្ត រួចព័ទ្ធវ៉ៃទៅលើបុរសជាអ្នកបើកបរ ប៉ងសម្លាប់ចោលនៅនឹងកន្លែងតែម្តង បណ្តាលឱ្យបុរសជាអ្នកបើកបររថយន្តរូបនោះទទួលរងរបួសធ្ងន់ធ្ងរបំផុត និងត្រូវបានបពាន្ជូទៅសង្គ្រោះនៅប្រទេសវៀតណាម៕