Wednesday, October 8, 2025
Homeព័ត៌មានជាតិបាត់ខ្លួន២ថ្ងៃ កម្មករសំណង់ជួបរឿងអកុសល

បាត់ខ្លួន២ថ្ងៃ កម្មករសំណង់ជួបរឿងអកុសល

ខេត្តកណ្តាល ៖ យុវជនជាកម្មកសំណង់ម្នាក់ បានបាត់ខ្លួនពីកន្លែងធ្វើការដោយមិនដឹងមូលហេតុ ទោះជាមិត្តភក្តិរួមការងារតាមរកយ៉ាងណាក៏មិនឃើញសោះ ស្រាប់តែ២ថ្ងៃក្រោយមក ក៏ត្រូវបានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅក្នុងទឹកទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង។

ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះយ៉ាន បូរ៉ា ហៅចី អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានមកធ្វើជាកម្មករសំណង់នៅក្នុងការដ្ឋានសំណង់ក្នុងភូមិសាស្ត្រកើតហេតុខាងលើ តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ មកម៉្លេះ។ លុះមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានបាត់ខ្លួន ដោយគ្មានអ្នកណាម្នាក់បានដឹងទាល់តែសោះ ហើយភ្លាមៗនោះ ត្រូវបានមិត្តភក្តិរួមការងារនាំគ្នាដើរតាមរកសព្វកន្លែងដែរ តែមិនឃើញ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក៏មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅក្នុងទឹកទន្លេ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះស្រង់យកសាកសពជនរងគ្រោះឡើងមកលើគោក រួចទាក់ទាងប្រាប់សមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES