ប៊ុត សីហា ដែលអស់សិទ្ធិជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស ទៀត ដោយសារតែមានការពាក់ព័ន្ធគ្រឿងញៀន ធ្វើឲ្យហង្សមាស ប្រកាសសុំផ្ដាច់និស្ស័យនោះ បានឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១០ ខែមីនា ថា រូបគេនឹងត្រៀមខ្លួនទៅពិនិត្យទឹកនោម ដើម្បីឲ្យដឹងថា ខ្លួនមានសេពគ្រឿងញៀនដូចការចោទប្រកាន់មែន ឬក៏អត់នោះ ដោយមិនខ្លាចលទ្ធផលចេញមកជះមកលើខ្លួននោះវិញឡើយ។ ការតាំងចិត្តបែបនេះរបស់ប៊ុត សីហា អាចជាសញ្ញាមួយនៃការឆ្លើយតបទៅផលិតកម្មរស្មីហង្សមាសដែលវាយប្រហារមកលើខ្លួនកន្លងមកថា បានប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ តែទុកពេលឲ្យកែខ្លួន នៅតែមិនព្រមកែខ្លួន ទើបហង្សមាស សុំចែកផ្លូវគ្នាជាមួយសីហា ដែលនាំឲ្យតារាចម្រៀងរូបនេះលែងទាំងបានចេញទៅចម្រៀងសម្ដែងនៅអាមេរិក ជាមួយកញ្ញារ៉ាប៊ី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះទៀតផង ដែលរឹតតែធ្វើឲ្យសីហា មិនសប្បាយចិត្ត ព្រោះបាត់បង់តំណែងនៅហង្សមាស ហើយបាត់ឱកាសចេញទៅរកលុយនៅក្រៅប្រទេសទៀតផង។
ប៊ុត សីហា បានឲ្យដឹងថា ”ខ្ញុំនឹងចេញទៅពិនិត្យទឹកនោម នៅមន្ទីពេទ្យមួយ នៅថ្ងៃច័ន្ទ ទី១២ ខែមីនា (ម្សិលមិញ) ហ្នឹងហើយ ដើម្បីឲ្យដឹងសខ្មៅ ការពិត ខ្ញុំមិនខ្លាចទេ…។ ចំពោះរឿងចេញទៅអាមេរិកនោះ ខ្ញុំក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះខាងស្ថានទូតអាមេរិក ឲ្យខ្ញុំរៀបចំឯកសារជាថ្មីម្ដងទៀត”។
ថ្វីត្បិតតែមានការអះអាងពីប៊ុត សីហា ច្បាស់ៗថា រូបគេនឹងទៅពិនិត្យទឹកនោមរកគ្រឿងញៀននៅថ្ងៃច័ន្ទ មែន តែតាំងពីថ្ងៃច័ន្ទ រហូតមកដល់ពេលនេះ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលេខទូរស័ព្ទរបស់ប៊ុត សីហា តែមិនអាចទាក់ទងបានឡើយ ព្រោះទូរស័ព្ទបានបិទ ហេតុនេះហើយទើបមិនអាចបញ្ជាក់បានទេថា តើលទ្ធផលដែលសីហា ពិនិត្យទឹកនោមនោះចេញមកបង្ហាញឲ្យឃើញថា រូបគេពិតជាផ្ទុកសារជាតិញៀនមែន ឬក៏គ្មានដូចអ្វីដែលគេតែងតែថា ប៉ូលិសចាប់ខ្លួន គេជាការច្រឡំនោះ។
ប៊ុត សីហា ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនកាលពី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលភ្លាមៗនោះ ផលិតកម្មរស្មីហង្សមាស បានប្រកាសថា ម្ចាស់ពាន The Voice Cambodia រដូវកាលទី១នេះ លែងជាតារាចម្រៀងរបស់ខ្លួនតទៅទៀត ហើយចាប់ពីពេលនេះតទៅ ខណៈដែលសីហា ថារូបគេគឺជាភ្នាក់ងារសម្ងាត់របស់អង្គភាពប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះដែរ តារាចម្រៀងម៉ៃ សុគន្ធ បានបញ្ចេញទស្សនៈថា រឿងនេះបើចង់ឲ្យដឹងសខ្មៅថា ប៊ុត សីហា មានផ្ទុកសារជាតិគ្រឿងញៀនមែនឬអត់នោះ គឺមានតែឲ្យតារាចម្រៀងរូបនេះទៅពិនិត្យទឹកនោមទៅ ប្រាកដជាបានដឹងច្បាស់ជាមិនខាន។ ពេលនេះតារាចម្រៀងប៊ុត សីហា បានធ្វើតាមម៉ៃ សុគន្ធ ហើយ ដែលសំណួររបស់មហាជនចង់ដឹងបំផុតនោះថា បើសិនជាសីហា ត្រូវបានគ្រូពេទ្យពិនិត្យទឹកនោមហើយ បង្ហាញថា គ្មានសារជាតិញៀននោះ ប្រាកដជាអ្នកចម្រៀងរូបនេះទៅតទល់ជាមួយហង្សមាស ជាមិនខាន ដល់ពេលនោះ តើហង្សមាស នឹងដោះស្រាយយ៉ាងណាជាមួយសីហា? អ្នកសិល្បៈមួយចំនួនដែលស្និទ្ធសីហា និយាយថា ធម្មតាមនុស្សម្នាក់បើដឹងថា ខ្លួនឯងមានសេពគ្រឿងញៀននោះប្រាកដជាមិនហ៊ានទៅពិនិត្យទឹកនោមនោះទេ ចុះករណីប៊ុត សីហា ប្រកាសថា មិនខ្លាចក្នុងការទៅពិនិត្យទឹកនោមនោះ នឹងធ្វើឲ្យខ្លួនឯងកាន់តែវ័ន្តករថែមទៀត ឬមួយក៏អ្នកចម្រៀងរូបនេះគិតថា មាសសុទ្ធមិនខ្លាចភ្លើង?៕