នាយទាហានម្នាក់នេះ ក្រៅពីការងាររាជការ បានឆ្លៀតប្រកបរបរចិញ្ចឹមមាន់ ដែលមុនដំបូងមាន ដើមទុនឪពុកចែកឱ្យជាង១០ម៉ឺនរៀល ទៅទិញបានមាន់២ក្បាល មកចិញ្ចឹម។ ប្រពន្ធឃើញប្តីចាប់មុខរបរនេះ ក៏ចំអកឱ្យថា អន់ ណាស់ មិនបាននៅរកស៊ីជាមួយ ប្តីទេ។ លុះរំលងបាន៥ឆ្នាំ មាន់ ក៏សាយកូន បានរាប់ពាន់ក្បាលភ្ញាស់ជាកូនមាន់ លក់ បានចំណេញ១ខែៗ រាប់ពាន់ដុល្លារ ធ្វើឱ្យប្រពន្ធភ្ញាក់ខ្លួន ចូលមករួមចំណែករកស៊ីជាមួយប្តីទៅ…។
លោកវរសេនីយ៍ត្រី ប៉ិល សម្បត្តិ អាយុ៥២ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបរាប់ថា លោកមានភរិយាឈ្មោះប្រាក់ សារិន អាយុ៥០ឆ្នាំ និងមានកូន២នាក់ (ប្រុស១ ស្រី១) ដោយបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ១៩៨៩។ ទីនេះ ជាទឹកដីកំណើតរបស់លោក បានបង្កើតជាកសិដ្ឋានចិញ្ចឹមមាន់ជាង៤ឆ្នាំមកហើយ តាំងពីគ្មានអ្វីសោះ រហូតដល់មានភាពល្បីល្បាញមិននឹកស្មានដល់។ តាមពិត រូបលោកជានាយទាហានការពារព្រំដែន នៅបាវិត ខេត្តស្វាយរៀង តែងទៅមកៗ ធ្វើរាជការផង រកស៊ីឯកជនផង ព្រោះបៀវត្ស
តិចតួចពេក ទាល់តែរកផ្សែផ្សំខាងក្រៅតាមសម្មាអាជីវោ ទើបចូលចំណោមនឹងគេបាន។ លោកក៏ធ្លាប់ធ្វើជាសន្តិសុខកាស៊ីណូ នៅក្រុងបាវិត ដែរ កាលនោះបានប្រាក់ខែ៥០០ដុល្លារ តែគ្មានសល់អ្វីជាដុំកំភួនទេ លុះដល់ឆ្នាំ២០១០ ស្រាប់តែឪពុកបង្កើតមានជន្មាយុជាង៩០ឆ្នាំ មានជរាពាធធ្ងន់ លោកក៏មកថែទាំអ្នក មានគុណ ដែលមានគេហដ្ឋានសង់នៅលើដីទួលទំហំប្រមាណ២ហិកតារនេះ។ កាលនោះ ជីវភាពលោក ត្រដាបត្រដួសខ្លាំងណាស់ ធ្វើឱ្យឪពុកអាណិតក៏ឱ្យលុយលោកខ្ចីចំនួន៣០ដុល្លារ ស្មើនឹង១២ម៉ឺនរៀល ទុកធ្វើដើមទុនរកស៊ី។ កន្លងមក លោកធ្លាប់ឃើញបងជីទួតមួយ ប្រកបរបរចិញ្ចឹមមាន់ជាទ្រង់ទ្រាយធំ ក៏ចង់ធ្វើតាមបង តែគ្មានដើមទុន ទើបឪពុកឱ្យខ្ចី ដែលកាលនោះ លោកបានយកទៅទិញមេមាន់១ក្បាល អាគក១ក្បាល យកមកចិញ្ចឹមសាកល្បង។
លោកសម្បត្តិ បន្តទៀតថា កាលនោះសាច់ញាតិបងប្អូនមិត្តភក្តិ ជាពិសេស ភរិយាជាទីស្រលាញ់ ហាក់ មើលស្រាលចំពោះមុខរបរនេះ ពួកគេចំអកឱ្យថា វាគ្មានកំណើតទេ។ ដោយសារលោកធ្លាប់ចុះឡើងស្គាល់ សេដ្ឋកិច្ចទីផ្សារច្បាស់ និងធ្លាប់ទៅរៀនពីប្រទេសវៀតណាម ផងនោះ ទោះជាឪពុកបានលាចាកលោកទៅហើយក្តី ក៏លោកមិនព្រមចាកចេញពីដីកេរឪពុកនេះទេ នៅតែបន្តដាំដុះ និងចិញ្ចឹមមាន់។ ពេលវេលាបានកន្លងទៅជាង៥ឆ្នាំ សត្វចិញ្ចឹមរបស់លោកបានសាយកូនចៅរាប់ពាន់ក្បាល អាចរកប្រាក់ចំណូលទប់ទល់ជីវភាព និងពង្រីកកសិដ្ឋាន ឱ្យកាន់តែធំ និងទំនើបជាងមុន។
លោកនាយទាហានបន្តទៀតថា ចាប់តាំងពីលោកដាក់ចិត្តដាក់កាយរកស៊ីចិញ្ចឹមមាន់មក ក៏រស់នៅតែម្នាក់ឯង ដាំស្ល ហូបចុកក៏ឯកោដែរ ព្រោះប្រពន្ធកូនអត់មកនៅក្បែរ ព្រោះពួកគេយល់ថា ជាមុខរបរមិនកំណើត ដោយមិនសហការ។ ទោះជាប្រពន្ធកូនព្រងើយកន្តើយ លោកនៅតែខំព្យាយាមរហូតសន្សំដើមទុនបានខ្លះ ដើម្បី ពង្រីកមុខរបរដោយសារមាន់ចេះតែកើតច្រើនទៅៗ ព្រោះលោកចេះរបៀបចិញ្ចឹមមិនឱ្យវាងាប់ទាំងហ្វូងៗ ដូចចាស់ៗជំនាន់មុនធ្លាប់ចិញ្ចឹម ឱ្យតែធ្លាក់ខ្យល់កត្តិក ឬមានភ្លៀងធំក្តៅដី មាន់ងាប់រពុយ។ កន្លងមក អ្នកស្រុកមានទម្លាប់ចិញ្ចឹមមាន់ឱ្យធំយកសាច់លក់ មិនទាន់មានការភ្ញាស់កូនតាមបច្ចេកទេសវិទ្យាសាស្ត្រលក់នៅឡើយ។ លុះលោកចេះរបៀបភ្ញាស់កូនលក់ ក៏មានអតិថិជនមករកទិញកូនមាន់ មិនដែលដាច់ នាំប្រភពចំណូលមិនចេះរីងស្ងួត។
លោកប៉ិល សម្បត្តិ បន្តទៀតថា ៣ឆ្នាំចុងក្រោយនេះ កសិដ្ឋានរបស់លោក ដែល មុនដំបូង បានយកឈើកែច្នៃ រហូតដល់ផលិតធុងភ្ញាស់ពងមាន់ធ្វើពីដែក ប្រកបដោយ ជោគជ័យ ក៏មានអ្នកមកឃើញជួយបង្ហោះតាមហ្វេសប៊ុក យូធូប ធ្វើឱ្យអតិថិជនបាន ដឹង ក៏មកកុម្មង់មួយខែរាប់ពាន់កូនមាន់ គឺមានប៉ុន្មានក៏មិនសល់ដែរ ដែលជួនកាល ក្នុង១ថ្ងៃ គេកុម្មង់១០ទូ ក៏មានដែរ។ និយាយត្រង់ទៅ ក្នុង១ខែ លោកអាច រកចំណូលបានជាមធ្យម ពី៦ពាន់ទៅ១ម៉ឺនដុល្លារ ដោយជួលកម្មករមក ជួយផង។ លុះឃើញប្តីរកលុយបានពីមុខរបរនេះ ស្រាប់តែប្រពន្ធ ភ្ញាក់ខ្លួនសុំទោសប្តី និងមកជួយរកស៊ីគ្នា មិនព្រងើយកន្តើយទៀតទេ។
ដោយឡែក អ្នកស្រីប្រាក់ សារិន អាយុ៥០ឆ្នាំ ជាភរិយា បានឱ្យដឹងថា មុនដំបូង គាត់គិតថា មុខរបរនេះ មិនអាចរស់បានទេ ទើបគាត់មិនសហការជាមួយប្តី ដោយនៅមើលថែ កូនផង រកស៊ីខ្លួនឯងឯផ្ទះផង។ លុះឃើញមុខរបរប្តីកាក់កប ធ្វើឱ្យអ្នកស្រីភ្ញាក់ខ្លួនស្គាល់កំហុស ក៏លែងហ៊ាន ចំអកឱ្យប្តីទៀត និងបានមកជួយជាកម្លាំងមើល ការខុសត្រូវកសិដ្ឋានចិញ្ចឹមមាន់នេះ។ សព្វថ្ងៃតែងតែ មានអតិថិជនទូរស័ព្ទចូលរាប់សិបដង ដើម្បីទាក់ទងសុំទិញកូនមាន់ និងម៉ាស៊ីនភ្ញាស់ តម្រូវឱ្យគាត់ដោះស្រាយជំនួសប្តីដែលជាប់ការងាររដ្ឋផង។
លោកឃឿន សិទ្ធិតារា ហៅធុច អាយុ៣៧ឆ្នាំ ជាកម្មករថែទាំកូនមាន់ បានឱ្យដឹងថា លោកមកធ្វើការនៅទីនេះ បានប្រាក់ខែ២០០ដុល្លារ បាយទឹកនៅលើថៅកែ។ បានជាលោកសម្រេចចិត្តមកធ្វើការ គឺបានលុយផង បានចំណេះជំនាញភ្ញាស់កូនមាន់ផង មានញាតិរាប់អានច្រើនផង។ ការភ្ញាស់កូនមាន់លក់គ្រាន់ បើជាងលក់មាន់យកសាច់ ដោយរកប្រាក់ចំណូល បានច្រើន គឺបញ្ចោញកូនមាន់លក់ម្តងៗរាប់ពាន់ក្បាល ឯណោះ។ ជាក់ស្តែងកាលពីម្សិលមិញ (២១ កុម្ភៈ ២០១៨) ម៉ូយមកដឹកកូនមាន់ជិត២ពាន់ក្បាលឯណោះ ដែលក្នុង១ក្បាលតម្លៃ៣ដុល្លារ ដើម្បីយកទៅលក់ បន្ត។ នៅមានមេមាន់រាប់រយក្បាលទៀត និងអាគក រាប់សិបក្បាលសម្រាប់បង្កាត់ពូជយកពងភ្ញាស់ ដែល បញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់មិនធម្មតាទេ បើចេញ ពីទីនេះទៅ លោកនឹងបើកអាជីវកម្មខ្លួនឯងមិនខាន…៕