Saturday, February 1, 2025
Homeសន្ដិសុខសង្គមផឹកស៊ីក្លែមសម្តី កាប់៣កាំបិតរយះក្បាល

ផឹកស៊ីក្លែមសម្តី កាប់៣កាំបិតរយះក្បាល

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់មួយក្រុមជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា បានទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ចាប់ផ្តើមក្លែមសម្តីចុះឡើង ធ្វើឱ្យកើតជាជំលោះតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតកាប់ ប្រហារទៅលើមិត្តភក្តិរបស់ខ្លួនចំនួន៣កាំបិត បណ្តាលឱ្យរយះក្បាល និងដៃរងរបួសធ្ងន់។

ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់។

ជនដៃដល់ដែលផឹកស្រវឹងកាប់មិត្តភក្តិរយះក្បាល មានឈ្មោះម៉ិញ ណាន ហៅអាក្រាញ់ អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះជួន ទិត្យ អាយុ៥២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា រងរបួសត្រង់ក្បាល ២កាំបិត និងដៃខាងឆ្វេង១កាំបិត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចំណាស់មួយក្រុម ដែលសុទ្ធសឹងជាមិត្តភក្តិជិតស្និទ្ធ រស់នៅភូមិជាមួយគ្នា បានជួបជុំគ្នាទិញស្រាមកផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ តាំងពីថ្ងៃរហូតដល់យប់ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏បែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួនអស់ នៅសល់តែជនរងគ្រោះ និងជនដៃល់តែ២នាក់ប៉ុណ្ណោះ ដែលនៅអង្គុយផឹកស៊ីបន្តទៀត។

ប្រភពដដែលបន្តថា ដោយសារតែអ្នកទាំង២ សុទ្ធតែស្រវឹងជោកជាំដូចគ្នា ទើបចេះតែក្លែមសម្តី ឌឺដង ដៀមដាមដាក់គ្នាទៅវិញទៅមក រហូតធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា។ ភ្លាមនោះ ជនដៃដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិត មកកាប់ប្រហារទៅលើគូទំនាស់ចំនួន៣កាំបិត ត្រូវចំក្បាលចំនួន២កាំបិត និងចំដៃខាងឆ្វេង ចំនួន១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនជនដៃដល់ នាំយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារជនរងគ្រោះឱ្យរងរបួសមែន មូលហេតុដោយសារតែស្រវឹងស្រាខ្លាំងពេក ណាមួយខឹងនឹងជនរងគ្រោះចេះតែនិយាយឌឺដងដៀមដាមខ្លាំងពេក ទើបទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញកាំបិតកាប់តែ ម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង នឹងបញ្ជួនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES