ថ្មីៗនេះ ផលិតកម្ម LD Picture បានផលិតរឿង ”វិញ្ញាណទីងមោង” ដែលកំពុងតែដំណើរការថតយ៉ាងសម្រាក់សស្រាំ ដោយមានតារាកំប្លែងនាយគ្រឿន សម្ដែងជាតួអង្គសំខាន់ម្នាក់ និងធ្វើជាអ្នកដឹកនាំផង។ ប៉ុន្ដែតួអង្គឯកសំខាន់ក្នុងរឿងនេះត្រូវបាននាយគ្រឿម បង្ហើបឲ្យដឹងថា គឺជាលោកទេព រិនដារ៉ូ ដែលពោរពេញទៅដោយបទពិសោធន៍យ៉ាងជោគជាំក្នុងអាជីពសម្ដែងជាង២ទសវត្សន៍នេះ។
នាយគ្រឿន បានប្រាប់ថា ”រឿង ”វិញ្ញាណទីងមោង” នេះថតបានខ្ទង់៧០ភាគរយហើយ គឺខ្ញុំជាអ្នកដឹកនាំសម្ដែងផង ថតខ្លួនឯងផង។ និយាយទៅ រឿងនេះខ្ញុំជាតួអង្គសំខាន់ម្នាក់ដែរ ប៉ុន្ដែអ្នកដែលជាឆ្អឹងរឿងជាតួឯកសំខាន់ជាងគេនោះ គឺលោកទេព រិនដារ៉ូ ហ្នឹង គាត់ជាតួសំខាន់ណាស់ មានឈុតស្នេហាវ័យចំណាស់ច្រើន ហើយតួឯកស្រី កញ្ញាសាឡាត់ ស្រីឡាង។ សម្រាប់ខ្ញុំមិនមានភាគហ៊ុនអីជាមួយផលិតកម្ម LD ទេ តែខ្ញុំបានសហការធ្វើការជាមួយគាត់ជាយូរមកហើយ ដែលយើងថតផង ដឹកនាំផង”។
គេនៅមិនទាន់ដឹងថា តើរឿង ”វិញ្ញាណទីងមោង” របស់ LD ដែលឲ្យលោកទេព រិនដារ៉ូ ធ្វើជាតួធំជាងគេនោះ មានបង្កប់ការអប់រំទៅលើអបិយជំនឿកម្រិតណាឡើយ នៅពេលដែលរឿង ”វិញ្ញាណទីងមោង” ត្រូវដាក់បញ្ចាំងនោះ ច្បាស់ជាមានអ្នកចូលទៅទស្សនាច្រើនជាមិនខាន។ គេជឿថា ផលិតកម្ម LD នឹងលាតត្រដាងពីអបិយជំនឿនេះជាមិនខាន ដើម្បីឲ្យអ្នកទស្សនាភាពយន្ដរបស់ខ្លួន ទទួលបានចំណេះដឹង ក៏ដូចជាការអប់រំមនុស្សទូទៅឲ្យបានដឹងរឿងនេះ។
ដោយឡែក នាយគ្រឿន ដែលជាតួអង្គសំខាន់ក្នុងរឿង ”វិញ្ញាណទីងមោង” នេះ តារាកំប្លែងនិងជាអ្នកចម្រៀងផលិតកម្មថោន រូបនេះក៏ថតរឿងផ្សេងៗទៀតព្រមគ្នាដែរ មានដូចជារឿង ”ចិញ្ចៀន”, ”ផ្ទះចុងភូមិ” ជាដើម។ ចំណែកលោកទេព រិនដារ៉ូ ត្រៀមថតភាពយន្ដថ្មីមួយទៀតជាមួយដៃគូចាស់ អ្នកនាងអម្ពរ ទេវី ក្នុងពេលខាងមុខនេះហើយ៕