នៅប្រទេសថៃ រឿងភាគ “បុព្វេសន្និវាស” កំពុងល្បីល្បាញភ្លូកទឹកភ្លូកដី។ តារាឯកស្រី បេលឡា រ៉ានី ខេមពាន បានសាងនូវភាពភ្ញាក់ផ្អើលថ្មីឱ្យប្រិយមិត្តទូទាំងប្រទេស អង្គុយមុខទូរទស្សន៍រង់ចាំទស្សនារឿងភាគដែលនាងសម្តែងដូចត្រូវមន្តសណ្តំ។ នេះជាពេលដែលនាងដល់ចំណុចកំពូល ក្នុងជីវិតសិល្បៈរបស់នាង!…
គ្មាននរណាម្នាក់ជឿថា យុគសម័យទំនើបនៃបច្ចេកវិទ្យា អនឡាញទៅហើយ តែរឿងភាគបុរាណ “បុព្វេសន្និវាស” បែរជាអាចសណ្តំវិញ្ញាណមនុស្សសម័យថ្មីឱ្យលង់លក់ក្នុងសេចក្តីសុខបាន។
គ្រាន់តែចាក់ផ្សាយតាមទូរទស្សន៍ភ្លាម ក៏ល្បីល្បាញពេញនគរ ឆ្លងដែនទៅដល់បរទេសឱ្យជាតិសាសន៍ជាច្រើននាំយកទៅបកប្រែទស្សនាភ្លូកទឹកភ្លូកដី។ មន្តសណ្តំដែលអាចអន្ទងចិត្តទស្សនិកជន គឺទី១ បេលឡា ជានារីកូនកាត់ លុះពេលមកស្លៀកឈុតបុរាណ ធ្វើឱ្យនាងស្រស់ស្អាតឥតខ្ចោះ។ ទី២ នាងងាកមកសម្តែងតួអង្គអាក្រក់ (វគ្គខ្លះ) បានយ៉ាងស័ក្តិសមគួរឱ្យក្នាញ់បំផុត។
នាងបំពាក់វិញ្ញាណអាក្រក់បានល្អឥតខ្ចោះ ដោយកាយវិការពេបមាត់ និងបើកភ្នែកក្រឡោតប៉ុនពងក្ងាន។ សំខាន់គឺបេលឡា ប្រៀបដូចកំពូលថ្វីដៃ គ្មានគូប្រដូច។ នាងសន្សំវិជ្ជាគុនដល់ថ្នាក់កំពូល។ ទោះជានាងសម្តែងអ្វីក៏អាចអន្ទងចិត្តទស្សនិកជនជាដរាប។ តើអំឡុងពេលអាយុ២៨ឆ្នាំ គឺជាពេលដែលតារាមួយចំនួនឈានដល់ចំណុចកំពូលឬយ៉ាងណា? ខណៈ កែវ ណាត់ថៈផន ល្បីចេញពីរឿង “ព្រះម៉ែនាគី” ក៏មានអាយុ២៨ឆ្នាំ។ ឯ អែហ្វ ថ័ត្សអន ល្បីក៏ពេលអាយុ២៨ឆ្នាំ ហើយបេលឡា ក៏មកល្បីពេលអាយុ២៨ឆ្នាំ ដូចគ្នា។ ចាំមើលរឿង “ទ្រុងកម្ម” ដែលនាងសម្តែងរួមគ្នាជាមួយ ចេមស៍ជិ ជាតួអង្គស្រីពេស្យា នឹងល្បីល្បាញទៀតមិនខាន ព្រោះពេលវេលានៃភាពល្បីល្បាញរបស់នាង បានឈានចូលមកដល់ហើយ។
គ្រាន់តែទស្សនិកជនឈ្លក់វង្វេងនឹងរូបនាងដល់ថ្នាក់នេះទៅហើយ ចុះទម្រាំលោក វៀរ សុកុនឡៈវ៉ាត់ ជាសង្សាររបស់នាង តើឈ្លក់វង្វេងរូបនាងដល់ថ្នាក់ណាទៅ?។ គេថា វៀរ ឈ្លក់វង្វេងនឹងសង្សារស្រី រហូតទៅដល់ទីណា ក៏និយាយពីបេលឡា ដែរ។ អ៊ីចឹងហើយបានជា វៀរ ទទួលបានរហស្សនាមថ្មីថា “បុរសអួតសង្សារ២០១៨”។ អ្នកកំលោះនេះ តាមចុច Like និង Love គ្រប់រូបរបស់ បេលឡា រៀងរាល់ថ្ងៃ ព្រោះតែ បេលឡា ស្អាតឡើងៗ និងគួរឱ្យស្រលាញ់ជាលំដាប់។
មន្តស្នេហ៍នេះហើយ ដែលធ្វើឱ្យនាងមានប្រិយមិត្តប្រុសៗតាមគាំទ្រកាន់តែច្រើន។
បេលឡា និយាយថា “ខ្ញុំទទួលស្គាល់ថា មានប្រិយមិត្តប្រុសៗកាន់តែច្រើន ព្រោះប្រហែលមកពីពេលចូលរង្វង់សិល្បៈដំបូងៗ ខ្ញុំនៅថ្មីពេក។ ខ្ញុំជាមនុស្សមានទាំងភាពរមទម រៀបរយ និងរប៉ិលរប៉ូចនៅក្នុងខ្លួន។ ពេលខ្ញុំស្ថិតក្នុងពិភពសិល្បៈថ្មីៗ ខ្ញុំប្រហែលជារៀបចំឥរិយាបថមិនត្រូវ។ លុះពេលវេលាកន្លង ផុតទៅ ខ្ញុំកាន់តែមានជំនឿចិត្តទ្វេឡើង។ ជួនកាលបណ្តាញសង្គមធ្វើឱ្យមហាជនស្គាល់ខ្ញុំកាន់តែច្រើន ហើយក៏ធ្វើឱ្យគេបានឃើញខ្ញុំក្នុងតួអង្គចម្រុះ”។
នៅពេលដែលបេលឡា ចងក្រងចំណងស្នេហ៍ជាមួយ វៀរ ស្រាប់តែរាសីការងារឡើងក្រឺតៗ តើអាចមកពីអ្នកទាំងពីរមានដួងជតាជួយលើកស្ទួយគ្នាឬយ៉ាងណា? បញ្ហានេះត្រូវបានបេលឡា បកស្រាយថា “ជារឿងចៃដន្យច្រើនជាង ដែលអ្វីៗគ្រប់យ៉ាងកើតឡើងដំណាលគ្នា”។
បេលឡា ទទួលស្គាល់ថា ស្នេហាមានចំណែកជួយដល់ការនឿយហត់របស់នាង ដោយនាងនិយាយថា “ពេលនឿយហត់ វាមានកន្លែងឱ្យយើងបន្ធូរ។ បើរអ៊ូដាក់ម៉ែ ខ្លាចគាត់បារម្ភ។ ពេលខ្លះ គាត់ជាទីប្រឹក្សា។ ជួនកាលក៏ កាន់តឹងខ្លាំងពេក បងវៀរ ជួយនិយាយលើកទឹកចិត្តថា គាត់ជាអ្នកគាំទ្រខ្ញុំពីក្រោយខ្នង”។
ជាតារាល្បីដែលហ៊ានចេញមុខមកបើកចំហរឿងស្នេហាច្បាស់ៗបែបនេះ បេលឡា ប្រាប់ថា ពុំមែនជា ការពិបាករៀបចំឥរិយាបថសម្រាប់នាងឡើយ។ នាងប្រាប់ថា “ខ្ញុំមានអារម្មណ៍សប្បាយៗ ជាធម្មតា។ កន្លងមក ខ្ញុំក៏គ្មានអារម្មណ៍បា៍រម្ភដែរ។ ខ្ញុំធ្វើការច្រើន និងរៀនទៀតផង។ ខ្ញុំមានរឿងត្រូវទទួលខុសត្រូវច្រើន។ បងវៀរ គាត់យល់ គាត់មិនដែលបង្ខំទេ”។
សម្រាប់បុរសជាសង្សាររបស់បេលឡា បានអះអាងថា ទោះបីពេលនេះ ម្ចាស់ស្នេហ៍របស់គេកាន់តែ ល្បីល្បាញ និងក្លាយជាគោលដៅចោមរោមរបស់បុរសៗបែបនេះ ក៏គេមិនបារម្ភខ្លាចអ្នកដទៃឆក់យកនាងឡើយ ព្រោះគេទុកចិត្តនាង និងជឿជាក់លើស្នេហារបស់ពួកគេ៕