Friday, May 3, 2024
Homeនយោបាយលោកកឹម សុខា បន្តជាប់ឃុំ សហភាពអឺរ៉ុប ទាមទារឱ្យកម្ពុជា ដោះលែងអតីតមេបក្សប្រឆាំងជាបន្ទាន់

លោកកឹម សុខា បន្តជាប់ឃុំ សហភាពអឺរ៉ុប ទាមទារឱ្យកម្ពុជា ដោះលែងអតីតមេបក្សប្រឆាំងជាបន្ទាន់

ភ្នំពេញ ៖ ខណៈដែលលោកកឹម សុខា នៅបន្តជាប់ឃុំក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្ត ត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយ បរទេស” សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីនូវការទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវអតីតមេដឹកនាំគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) គឺលោកកឹម សុខា។

សេចក្តីថ្លែងការណ៍ របស់សហភាពអឺរ៉ុប (EU) ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បាន បញ្ជាក់ថា “សហភាពអឺរ៉ុប នៅតែព្រួយបារម្ភ យ៉ាងជ្រាលជ្រៅអំពីការបន្តធ្លាក់ដុនដាបធ្ងន់ធ្ងរ នៃស្ថានភាពនយោបាយនិងសិទ្ធិមនុស្ស នៅ ប្រទេសកម្ពុជា និងការសង្កត់សង្កិនរឹតតែខ្លាំង ឡើងទៅលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីនូវការទាមទារ ឱ្យមានការដោះលែងជាបន្ទាន់នៃមេដឹកនាំ គណបក្សប្រឆាំង កឹម សុខា។

ការរំលាយដោយបង្ខំនៃគណបក្សប្រឆាំង ដ៏សំខាន់ គឺគណបក្សសង្គ្រោះជាតិ ជាជំហាន មួយ ដែលឃ្លាតឆ្ងាយពីវិថីពហុនិយម និង លទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចែងកំណត់ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

សហភាពអឺរ៉ុប បញ្ជាក់ជាថ្មី ដំណើរការមួយ ដែលគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានផាត់ ចេញតាមទំនើងចិត្ត គឺ “មិនស្របច្បាប់ឡើយ”។

សហភាពអឺរ៉ុប បញ្ជាក់ជាថ្មី នូវការទាមទារ របស់ខ្លួនឱ្យមានការកែប្រែជាបន្ទាន់ចំពោះការ រំលាយគណបក្សសង្គ្រោះជាតិ និងការស្តារនីតិ សម្បទាឡើងវិញនូវតំណាងរាស្ត្រ និងក្រុម ប្រឹក្សាមូលដ្ឋានទាំងអស់។

សហភាពអឺរ៉ុប ក៏រំពឹងផងដែរថា រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល ដើម្បីបំពេញ តួនាទីស្របច្បាប់របស់ពួកគេ…”។

លោកមុត ចន្ថា ជំនួយការលោកកឹម សុខា ក៏បានលើកឡើងដែរថា លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ បន្តនៅជាមួយប្រជាពលរដ្ឋខ្មែរជាងបីលាននាក់ ដែលបានបោះឆ្នោត ជូនគណបក្សសង្គ្រោះជាតិ។

លោកមុត ចន្ថា បានបញ្ជាក់នៅក្នុងទំព័រ ហ្វេសប៊ុករបស់លោកថា “ទោះបីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល ក៏ដោយ ប៉ុន្តែខ្ញុំ ពលរដ្ឋខ្មែរជាងបីលាន នាក់ និងសហគមន៍អន្តរជាតិ នៅតែចាត់ទុក ថា គណបក្សសង្គ្រោះជាតិ នៅតែរស់រានមាន ជីវិត បន្តតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែល បានបោះឆ្នោតជូនគណបក្សនេះ។ រីឯសហគមន៍ អន្តរជាតិ ចាត់ទុកថា គណបក្សសសង្គ្រោះជាតិ តំណាងឱ្យលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ មិនអាចខ្វះបាន។ សហគមន៍បានចេញសេចក្តី ថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងចំពោះវិធានការរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការរំលាយ គណបក្សសង្គ្រោះជាតិ និងបានទាមទារជាដាច់ខាតឱ្យរដ្ឋាភិបាលខ្មែរ ផ្លាស់ប្តូរវិធានការរបស់ ខ្លួនមកលើអ្នកនយោបាយប្រឆាំង និងស្តារនីតិសម្បទាគណបក្សសង្គ្រោះជាតិ ឡើងវិញ ឬត្រូវ ប្រឈមនឹងវិធានការធ្ងន់។ ដោយសារគណបក្សសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ និងលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ នៅកម្ពុជា ដូច្នេះសហគមន៍អន្តរជាតិ មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីទាមទារឱ្យមានការកែប្រែ វិធានការពីសំណាក់រដ្ឋាភិបាលខ្មែរឡើងវិញ។ សហគមន៍អន្តរជាតិ នៅតែទទួលស្គាល់វត្តមាន គណបក្សសង្គ្រោះជាតិ និងទាមទារជាចាំបាច់ ថា គណបក្សនេះត្រូវតែមានវត្តមាននៅក្នុងការ បោះឆ្នោត ដើម្បីទទួលបាននូវភាពស្របច្បាប់។

ឯកឧត្តមកឹម សុខា បានបញ្ជាក់គោល ជំហររបស់លោក តាមរយៈក្រុមមេធាវីថា លោក នឹងបន្តនៅជាមួយគណបក្សសង្គ្រោះជាតិ ដែល តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដែលបាន បោះឆ្នោតជូន។ សម្រាប់ខ្លួនខ្ញុំ ក៏នឹងបន្តនូវ ស្មារតីនេះ”។

ទោះជាយ៉ាងណា បើតាមសេចក្តីប្រកាស ព័ត៌មានរួមរវាង សហភាពអឺរ៉ុប និងកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការចម្រុះកម្ពុជាសហភាពអឺរ៉ុប នៅ ទីក្រុងប៊្រុសសែល ប្រទេសប៊ែលហ្សិក ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ គឺមានខ្លឹមសារផ្ទុយ ទៅនឹងខ្លឹមសាររបស់សេចក្តីថ្លែងការណ៍របស់ សហភាព អឺរ៉ុបខាងលើ ដោយក្នុងនោះ ពុំមាន ការបញ្ជាក់ពីការទាមទាររបស់សហភាពអឺរ៉ុប ឱ្យកម្ពុជាដោះលែងអតីតមេបក្សប្រឆាំង លោក កឹម សុខា នោះទេ។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ ថា “កិច្ចប្រជុំគណៈកម្មាធិការចម្រុះសហភាព អឺរ៉ុប-កម្ពុជា លើកទី១០ បានប្រព្រឹត្តទៅនៅ ទីក្រុងប៊្រូសសេល នៅថ្ងៃទី១៤ ខែមីនាឆ្នាំ ២០១៨ ហើយត្រូវបានដឹកនាំដោយក្រុមការងារ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការ កសាងស្ថាប័នកំណែទម្រង់រដ្ឋបាលកំណែទម្រង់ ច្បាប់ និងតុលាការអភិបាលកិច្ច និងសិទ្ធិមនុស្ស និងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សហភាពអឺរ៉ុបបានស្វាគមន៍ និងកោតសរសើរដល់វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា នៅក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម និងបានវាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ សហភាពអឺរ៉ុប និងកម្ពុជា បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍សមភាព ការគោរពគ្នាទៅវិញទៅមក និងការពិភាក្សាដោយបើកចំហ និងដោយការ លើកកម្ពស់ការអនុវត្តគោលដៅ ដែលបាន កំណត់នៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប ឆ្នាំ១៩៩៧។

កិច្ចប្រជុំនេះ ត្រូវបានអនុញ្ញាតឱ្យមានការ ផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាទ្វេភាគីជាច្រើន។ រួម ទាំងការអភិវឌ្ឍន៍នយោបាយនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា និងបញ្ហាសហភាពអឺរ៉ុប និងពហុភាគី ដូចជានៅក្នុងអនុតំបន់មេគង្គ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន ការ ប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្ស នៅក្នុងវេទិការអង្គការសហប្រជាជាតិ។

សហភាពអឺរ៉ុបបានបង្ហាញសេចក្តីសន្និដ្ឋាន ដែលបានអនុម័តដោយរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលថា សហភាពអឺរ៉ុបបានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំងអំពីការវិវត្តន៍ថ្មីៗទាក់ទងនឹង លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ ជាការឆ្លើយតប កម្ពុជា បានរំលឹកឡើងវិញថា ការអភិវឌ្ឍ នាពេលថ្មីៗ នេះ នៅក្នុងប្រទេសកម្ពុជា គឺជាចំណាត់ការ របស់អាជ្ញាធរ មានសមត្ថកិច្ច និងស្ថាប័នផ្នែក ប្រព័ន្ធយុត្តិធម៌ ដើម្បីអនុវត្តច្បាប់គ្រប់គ្រង ការពារអធិបតេយ្យភាពរបស់ខ្លួន និងធ្វើឱ្យ ផលប្រយោជន៍ស្នូល នៃសន្តិភាព និងស្ថិរភាព របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍប្រកប ដោយចីរភាព។ ប្រទេសកម្ពុជា បានបញ្ជាក់ សាជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើក កម្ពស់សង្គមពហុនិយម និងការគោរពសេរីភាព មូលដ្ឋាន និងសិទ្ធិមនុស្ស ដូចដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា និងច្បាប់ ពាក់ព័ន្ធ។ ប្រទេសកម្ពុជា បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការបោះឆ្នោតសកល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមលំដាប់លំដោយ ដោយរលូន សេរី យុត្តិធម៌ និងដោយសន្តិភាព…”៕

កុលបុត្រ

RELATED ARTICLES