ខេត្តព្រៃវែង ៖ ជនដៃដល់ម្នាក ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលបាននាំគ្នាធ្វើសកម្មភាព កាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យរងរបួសប៊ិះដាច់កញ្ចឹងក កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចរោងការមួយកន្លែង ក្នុងភូមិអញ្ចាញឃុំក្របៅ ស្រុកកំចាយមា ត្រូវបានកម្លាំងអាវុធហត្ថចុះស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ។
ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន មានឈ្មោះតឿ ខី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ។ ចំណែកយុវជនរងគ្រោះ ដែលត្រូវក្មេងទំនើងកាប់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះចេន ភា អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ រងរបួសកញ្ចឹងក ខាងក្រោយត្រចៀកឆ្វេង។
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យដៃដល់ខាងលើ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង រួមមាន ដាវកែច្នៃ១ដើម ដែលជនដៃដល់ប្រើសម្រាប់កាប់ទៅលើជនរងគ្រោះ ម៉ូតូចំនួន១គ្រៀង និងទូរស័ព្ទដៃចំនួន៣គ្រឿង។
លោកមេបញ្ជាការ បញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរជនសង្ស័យ ដើម្បីរៀបចំកសាងសំណំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានករណីកាប់ប្រហារគ្នាមួយបានកើតឡើងនៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ដោយយុវជន២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងពិធីចូលរោងការកូនអ្នកភូមិ លុះក្រោយពីផឹកស៊ីស្រវឹងឡើងរាំលេង ក៏កើតមានទំនាស់ពាក្យសម្តីជាមួយគ្នា និងត្រូវក្រុមក្មេងស្ទាវជាភ្ញៀវខាងកូនកំលោះព្រួតគ្នាកាប់ភ្ញៀវ កូនក្រមុំម្នាក់ បណ្តាលឱ្យរងរបួសដាច់រយះត្រង់កញ្ចឹងកយ៉ាងធំ ស្ទើរដាច់ក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អ្នកភូមិម្នាក់ឈ្មោះជួន ជាម បានរៀបចំពិធីសូត្រមន្តចូលរោងការកូនស្រី ដោយបានអញ្ជើញញាតិមិត្ត និងអ្នកភូមិចូលរួមយ៉ាងច្រើន។ លុះយប់ឡើង ក៏មានការជួបជុំផឹកស៊ី និងចាក់ធុងបាស់ដើម្បីឱ្យអ្នកភូមិរាំលេងកម្សាន្តផងដែរ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញជនរងគ្រោះនិងមិត្តភក្តិនៅក្នុងភូមិ បាននាំគ្នាឡើងរាំលេងយ៉ាងសប្បាយ ស្រាប់តែក្រោយមក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្រុមក្មេងស្ទាវ១ក្រុមទៀត ដែលគេសង្ស័យថាជាក្រុមភ្ញៀវរបស់កូនកំលោះ បន្ទាប់មកក៏ត្រូវក្រុមក្មេងស្ទាវនោះ ព្រួតគ្នាធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដាច់រយះត្រង់កញ្ចឹងកយ៉ាងធ្ងន់ធ្ងរ និងត្រូវក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ៕