តារាវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាស នាងរ៉េត ស៊ូហ្សាណា ដែលត្រូវហង្សមាស លើកស្ទួយទាំងបទចម្រៀង ស្ពត និងការថតភាពយន្ដនោះ ឥឡូវពេលនេះ ហ្សាណា ល្បីឈ្មោះហើយ ដោយស្ថិតក្នុងចំណោមតារាសំខាន់របស់ទ្រនំធំនេះទៀតផង។ជាក់ស្ដែង នៅពេលដែលអ្នកចម្រៀងសាច់សខ្ចីដូចបណ្ដូលចេក ស៊ូហ្សាណា បង្ហាញខ្លួនទៅច្រៀងក្នុងកម្មវិធីដែលក្រុមហ៊ុន T-Shop រៀបចំកម្មវិធីប្រកាសតំណាងនាំចូល និងចែកចាយផ្ដាច់មុខជាផ្លូវការ នូវផលិតផលម៉ាក Baseus នៅផ្សារទំនើប AEON MALL កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នោះ មានទស្សនិកជនជាច្រើនបានចោមរោមមើលអ្នកចម្រៀងវ័យក្មេងរូបនេះច្រៀងសម្ដែង និងមានក្រុមអ្នកគាំទ្រចោមរោមថតរូប Selfie ជាមួយនាងទៀត។
ស៊ូហ្សាណា បានលើកយកបទល្បីរបស់ខ្លួនមកអូសទាញការគាំទ្រនោះ គឺបទ ”ប្រយោគស្នេហ៍” ដែលស្រីស្អាតរូបនេះ ថ្លែងពាក្យពេចន៍ស្នេហាទុក្ខសោកប្រាប់ឲ្យគេគ្រប់គ្នាបានដឹងធ្វើឲ្យអ្នកដែលស្ដាប់បទចម្រៀងនាងស្លុងអារម្មណ៍ជាមួយបទនេះ ពិសេសគឺរូបសម្រស់គួរឲ្យចង់គយគន់នោះ។
រ៉េត ស៊ូហ្សាណា និយាយថា “បទ ”ប្រយោគស្នេហ៍” នេះ ជឿជាក់ថា បងប្អូនពេញចិត្ត និងស្គាល់បទនេះទាំងអស់គ្នា អីចឹងបានជាខ្ញុំលើកយកបទនេះមកច្រៀងឲ្យបងប្អូនបានស្ដាប់។ សម្រាប់នាងខ្ញុំ ហ្សាណា ពិតជាមានកិត្តិយសនិងសប្បាយចិត្តមែនទែន ដែលថ្ងៃនេះបានចូលរួមកម្មវិធីដ៏ពិសេសនេះរបស់ T-Shop ហើយបានជួបបងប្អូនទាំងអស់គ្នា។
អ្នកគ្រប់គ្រង T-Shop បានឲ្យដឹងថា ”ថ្ងៃនេះ ក្រុមហ៊ុន T-Shop មានកិត្តិយសខ្លាំងដែលបានទទួលអាជ្ញាបណ្ណផ្ដាច់មុខពីក្រុមហ៊ុន Baseus មួយនេះ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ក្នុងរយៈពេលតែ១ឆ្នាំតែប៉ុណ្ណោះ។ បេសកកម្មរបស់យើង គឺចង់ក្លាយទៅជាម៉ាកយីហោលេខ១ នាំមុខគេផ្នែកផលិតផលតុបតែងគ្រឿងទូរស័ព្ទ (Phone Accessories) ក្នុងប្រទេសកម្ពុជា នៅឆ្នាំបន្ទាប់ទៀត។ សូមចូលទីកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Baseus Cambodia ឬតាមគេហទំព័ររបស់ក្រុមហ៊ុន WWW. tshopinternational.com “។
តារាធ្មេញច្រពើស នាងរ៉េត ស៊ូហ្សាណា ក៏បានយកក្រុមរាំអមផ្ទាល់ខ្លួនរបស់នាង ៤នាក់ មករាំកញ្រ្ជោកនៅកណ្ដាលផ្សារទំនើបអ៊ីអន នេះដែរ ហើយអ្នកចម្រៀងរូបនេះបន្ថែមភាពរីករាយតាមរយៈការច្រៀងបទជាភាសាអង់គ្លេស។
អ្នកដែលទៅទស្សនាស៊ូហ្សាណា ច្រៀងផ្ទាល់បានសរសើរនាងហ្សាណា ថា មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ តែថែមទាំងច្រៀងក៏ពិរោះទៀតអ្នកចម្រៀងរូបនេះគួរឲ្យចង់គយគន់មែន អីចឹងហើយបានជាឮថា លោកថៅកែហង្សមាស ពេញចិត្តនាងខ្លាំងណាស់ រហូតដល់ប្រឹងលើកស្រីក្មេងរូបនេះចង់បះជើងតែម្ដង។
រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ដោយធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអ្នកក្លាយទៅជាម្ចាស់ពាន គឺថែលថៃ។ ទោះជាមិនបានកាន់ពានមែន តែស្រីស្រស់ហ្សាណា ដែលធ្លាប់ត្រូវគេរិះគន់ថា នាងចម្រៀងមិនកើតដោយអក្ខរាវិរុទ្ធខ្មែរ មិនសូវច្បាស់ និងច្រៀងបទជាភាសាអង់គ្លេសបន្លំៗនោះ បានចូលទៅជ្រកផលិតកម្មហង្សមាស ដោយងាយ តាមរយៈការមានរូបសម្រស់ទាក់ទាញច្រើនជាងទឹកដមសំឡេងនោះ។ ដោយមិនខ្វល់ពីការវាយប្រហាតាមហ្វេសប៊ុកថា ហ្សាណា មិនគួរធ្វើជាអ្នកចម្រៀងនោះឡើយ គឺលោកថៅកែហង្សមាស បានប្រឹងប្រែងលើកស្ទួយស្រីក្មេងរូបនេះរហូតដល់ល្បី ហើយការរិះគន់ផ្សេង ត្រូវបានស្ងប់ស្ងាត់ទៅវិញ នៅពេលដែលនាងហ្សាណា ល្បីបាន២បទ គឺ ”ឈប់” និងបទ ”ប្រយោគស្នេហ៍” នេះ។ មិនត្រឹមតែស្ថិតក្នុងគោលការណ៍ដែលហង្សមាស ត្រូវលើកតម្កើងខ្លាំងនាពេលអនាគតនោះទេ តែពេលនេះ រ៉េត ស៊ូហ្សាណា ថែមទាំងលោកថៅកែតហង្សមាស ផ្ដល់តំណែងជាតួឯក ឲ្យធ្វើជាតួឯកក្នុងរឿងភាគដំបូងរបស់ទូរទស្សន៍ហង្សមាស រឿង ”បិសាចគួរឲ្យស្រលាញ់” ដោយចាប់ដៃជាមួយលោក Step ទៀត ហើយចុងក្រោយនេះ ហ្សាណា បានក្ដោបស្ពតពាណិជ្ជកម្មធំៗមួយចំនួន ដូចជា ទូរស័ព្ទ Oppoជាដើម ដែលរឹតតែធ្វើឲ្យគេចាប់អារម្មណ៍នាងជាងតារាវ័យក្មេងផ្សេងៗទៀតរបស់ហង្សមាស។
ប្រភពពីអ្នករៀបចំកម្មវិធីប្រគំតន្ដ្រី បានឲ្យដឹងថា នាងរ៉េត ស៊ូហ្សាណា ដែលឡើងកូដមួយក្រឺតនេះ ច្រៀងកម្មវិធីផ្សេងៗ រួមទាំង T-Shop មានតម្លៃខ្លួនជាង១ពាន់ដុល្លារឯណោះ ហើយនាងត្រូវក្រុមហ៊ុន Agency ចាប់អារម្មណ៍ច្រើន។ ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមានថា នាងរ៉េត ស៊ូហ្សាណា សំឡេងនៅមានកម្រិត គឺមិនអាចធ្វើព្យុះភ្លៀងឈានទៅចំណុចកំពូលនៅហង្សមាស ដូចជា ឱក សុគន្ធកញ្ញា ឬពេជ្រ សោភា បានឡើយ។
រ៉េត ស៊ូហ្សាណា តាំងពីចូលជ្រកនៅហង្សមាស ជាង១ឆ្នាំនេះ នាងត្រូវបានឪពុកម្ដាយតាមជាប់ជានិច្ច ហេតុនេះហើយមន្ដ្រីធំៗដែលសរសើរនាងចំៗថា ច្រៀងក៏ពីរោះ រូបសម្រស់ក៏ស្អាតនោះ មិនអាចសាសងសុំស្នេហ៍នាងហ្សាណា ដោយងាយៗបានឡើយ៕