ខេត្តតាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តអ៊ីស៊ុយហ្ស៊ុយ បានបើកមកឈប់នៅលើចិញ្ចើមផ្លូវ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន មើលមុខមិនច្បាស់ក៏ជ្រុលបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0359 សណ្តោងកន្ទុយ ពាក់ស្លាកលេខ ភ្នំពេញ 4A-2247 បើកបរដោយជនស្គាល់ឈ្មោះម្នាក់។ ចំណែកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CX-4500។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តអ៊ីស៊ុយហ្ស៊ុយ១គ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ មិនដឹងជារថយន្តខាងលើ ជួបបញ្ហាអ្វី ស្រាប់តែអែបចិញ្ចើមផ្លូវឈប់តែម្តង។ លុះដល់វេលាកើតហេតុ ស្រាប់តែឃើញជនរងគ្រោះបើកម៉ូតូបោះពួយយ៉ាងលឿនដូចហោះមិនដឹងជាប្រញាប់ទៅជួបអ្នកណាឡើយ ហើយខ្វះការប្រុងប្រយ័ត្ន មើលមុខមិនច្បាស់ ក៏ជ្រុលបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យបោកបាក់កស្លាប់នៅកន្លែងកើតហេតុ គួរឱ្យសង្វេគជាទីបំផុត រីឯអ្នកបើកបររថយន្តឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើការទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារជនរង គ្រោះ មកទទួលសាកសពដឹកយកទៅលំនៅឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូរបស់ជនរងគ្រោះ និងរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបាទី រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕