ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវចំនួន២នាក់ មិនដឹងជាមានគំនុំអ្វីជាមួយអ្នកណា ក៏បានធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាចូលក្នុងបរិវេណសាលា រួចក៏បោកគ្រាប់បែក បណ្តាលឱ្យផ្ទុះកក្រើក ធ្វើឱ្យយុវជនជាសិស្សសាលាម្នាក់រងរបួសធ្ងន់ និងបង្កឱ្យកើតមានការផ្អើលឆោឡោពេញសាលា ចំណែកក្រុមក្មេងទំនើង បានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ។
ករណីក្មេងទំនើងជិះម៉ូតូចូលសាលាបោកគ្រាប់បែក បណ្តាលឱ្យសិស្សម្នាក់រងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណអនុវិទ្យាល័យ អូរម៉ាល់ ស្ថិតក្នុងភូមិអូរសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
យុវសិស្សដែលទទួលរងរបួសក្នុងហេតុការណ៍គប់គ្រាប់បែកចូលសាលានេះ មានឈ្មោះមួង សៅហ៊ឺ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិកំពង់សីម៉ា ក្រុងបាត់ដំបង កំពុងសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយ។ ចំណែកជនដៃដល់ទាំង២នាក់ បាននាំគ្នាគេចខ្លួនអស់ទៅហើយ ប៉ុន្តែយ៉ាងណាក្តី ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា ព្រមទាំងស្គាល់ឈ្មោះទៀតផង ដោយក្នុងនោះម្នាក់ឈ្មោះពន្លឺ និងម្នាក់ទៀតឈ្មោះពន្លក មានទីលំនៅជិតភ្នំសំពៅ ក្នុងស្រុកបាណន់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងទំនើងមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក MSX ចូលមកក្នុងបរិវេណអនុវិទ្យាល័យអូរម៉ាល់។ លុះពេលចូលមកដល់ ក្មេងទំនើងម្នាក់ដែលជិះពីក្រោយ បានធ្វើសកម្មភាពបោកគ្រាប់បែកផាវ ដែលមានរុំស្កុតជិត ទៅក្នុងបរិវេណសាលា បណ្តាលឱ្យផ្ទុះលាន់ឮកក្រើក និងធ្វើឱ្យអំបែងគ្រាប់ ខ្ទាតទៅត្រូវយុវជនជាសិស្សរងគ្រោះ ដែលកំពុងអង្គុយលេងនៅក្បែនោះ។
តាមប្រភពពីអ្នកគ្រូម្នាក់បានបង្ហើបប្រាប់ថា ក្មេងទំនើងទាំង២នាក់ដែលគប់គ្រាប់បែកចូលសាលា កាលពីសប្តាហ៍មុន ធ្លាប់បានមកអុកឡុកក្នុងសាលានេះ២លើកមកហើយ ប៉ុន្តែស្ទាក់ចាប់អត់បាន និងមិនដឹងថា ពួកគេមានទំនាស់អ្វីជាមួយនិងសិស្សម្នាក់ណាក្នុងសាលានេះទេ។ ស្រាប់តែលើកនេះ ក្មេងទំនើងទាំង២នាក់ ហ៊ានដល់គប់គ្រាប់បែកចូលសាលាតែម្តង។
ចំណែកយុវសិស្សរងគ្រោះ ក្រោយពេលដឹងខ្លួនឡើងវិញ បានអះអាងថា រូបគេនិងជនទំនើងទាំង២នាក់នោះ មិនដែលស្គាល់គ្នា ហើយក៏មិនធ្លាប់មានទំនាស់អ្វីនឹងគ្នាដែរ ស្រាប់តែនៅសុខៗ ពួកគេបានមកគប់គ្រាប់បែកចូលសាលា បង្កគ្រោះថ្នាក់ដល់រូបគេដែលកំពុងអង្គុយក្បែរនោះ តែម្តង។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមក្មេងទំនើងខាងលើ នាំយកមកផ្តន្ទាទោសតាមច្បាប់៕