Sunday, December 22, 2024
Homeព័ត៌មានជាតិម៉ែបង្ខំឱ្យយកប្តី កូនស្រីរត់តាមសង្សារ

ម៉ែបង្ខំឱ្យយកប្តី កូនស្រីរត់តាមសង្សារ

សម័យនេះ រឿងនំមិនធំជាងនាឡិ អស់ឥទ្ធិពលទៅហើយ ដោយសារតែយុវវ័យ បានជ្រើសយក គូស្នេហ៍ដោយខ្លួនឯង ទោះជាម៉ែឪ ជំទាស់ក៏មិនឈ្នះកូន។ យ៉ាងណាមិញ នារីម្នាក់នេះត្រូវម្តាយបង្ខំឱ្យយកប្តី ដែលនាងមិនស្រលាញ់ ក៏ឱបបង្វេចរត់តាមសង្សារ លុះអង្ករក្លាយជាបាយ មិនដឹងបានអីរៀបការ ខាងប្រុសក៏លក់ទូកចាប់ត្រីកញ្ចាស់ មួយ យកលុយសែនមួយព្រឹកទៅ…។

នាងសំ ដាលីន អាយុ១៨ឆ្នាំ ជាកូនស្រីទោល ឪពុកស្លាប់ចោល នៅតែម្តាយឈ្មោះមិន ស្រីអូន អាយុ៥០ឆ្នាំ សព្វថ្ងៃនាងកំពុងរួមរស់ជាមួយប្តីដ៏ក្រីក្រនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា ដោយសារតែកំព្រាឪពុកតាំងពីតូច ទើបនាងបញ្ឈប់ការ សិក្សាត្រឹមថ្នាក់ទី៤ មិនចប់បឋមសិក្សាផង។ ក្រោយពី បោះបង់សាលារៀនមក នាងតែងត្រាច់ចរចេញស៊ីឈ្នួល ជួលព័ទ្ធគេគ្រប់ទីកន្លែង ដើម្បីរកកម្រៃជួយម្តាយមេម៉ាយ។ ដោយសារខ្លួនជាប់សែស្រឡាយចិន មានសម្បុរសជ្រះ ទើប មិនខ្វះប្រុសចោមស្រលាញ់តាំងពីអាយុ១៥ឆ្នាំម៉្លេះ ប៉ុន្តែ ត្រូវនាងបដិសេធជាបន្តបន្ទាប់។ លុះចូលវ័យ១៦ឆ្នាំ ស្រាប់តែ បងប្រុសជីដូនមួយរបស់នាងឈ្មោះសំ ឆៃ អាយុបងនាង ដល់ទៅ៨ឆ្នាំ រស់នៅក្បែរគ្នា ព្យាយាមលួងលោមសុំស្នេហ៍ ពីនាងបណ្តាលឱ្យនាងទន់ចិត្ត លួច

លោកសំ ឆៃ

ទាក់ទងគ្នាមិនឱ្យម៉ែដឹង។ ខណៈដែលនាងនិងសង្សារជាបងជីដូនមួយនេះកំពុង សាងក្តីស្នេហ៍ល្អូកល្អិន ស្រាប់តែមានកំលោះម្នាក់ទៀត (សុំមិនប្រាប់ឈ្មោះ) ជាកូនអ្នកមានធូរធារ បានឱ្យឪពុកម្តាយ គេចូលចែចូវនាង ដោយគេប្រាប់ថា បានលួចស្រលាញ់នាង យូរហើយ។ ពេលគេចូលសួរត្រឹមត្រូវនោះ ដោយឃើញពីស្ថានភាពគ្រួសារគេធូរធារ មានដីស្រែច្រើន ម្តាយនាងក៏យល់ព្រមលើកនាងឱ្យគេទៅ ដោយមិន បានសួរយោបល់នាងទេ។ ក្រោយមកទើបម៉ែប្រាប់ឱ្យដឹង តែនាងបានបដិសេធដាច់អហង្ការ ដោយសារមានម្ចាស់បេះដូងរួចទៅហើយ មិនអាចក្បត់គ្នាបាន ជាដាច់ខាត។

នាងសំ ដាលីន បង្ហាញរូបថតប្តី

នាងសំ ដាលីន បន្តទៀតថា ដោយសារតែម្តាយ បង្ខំឱ្យយកប្តីដែលនាងមិនស្រលាញ់ ទោះជាប្រកែក យ៉ាងណា ក៏គាត់ប្រកាន់ទ្រឹស្តីចាស់ នំមិនធំជាងនាឡិ បានទាំងប្រាប់គាត់ត្រង់ៗថា បេះដូងនាងបានប្រគល់ ជូនបងជីដូនមួយក្តី ក៏ម៉ែនៅតែជម្នះ និងព្រមាននាងថា យកបងប្អូនឯងរកស៊ីមិនមានទេ បានទាំងបង្គាប់ ឱ្យនាងផ្តាច់ចំណងស្នេហ៍ទៀតផង។ ដោយខ្លាច ម្តាយចាប់បង្ខំឱ្យរៀបការ ទើបនាងនិងសង្សារបាន ពង្រត់គ្នាទៅនៅជាយដែនកម្ពុជា-ថៃ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយនាងក៏បានប្រគល់ព្រហ្មចារីជូនសង្សារ នៅទ្រនំស្នេហ៍នោះទៅ។ លុះបាន២ខែ ក៏លេចម៉ែទៅដល់គាត់ឃើញពួកនាងដេកឱបគ្នា អង្ករ ក្លាយជាបាយទៅហើយ គេដឹងឮពេញភូមិ ក៏លែងមាត់កតទៅទៀត ដោយអង្វរពួកនាងឱ្យវិលទៅស្រុកវិញ។ ពេលទៅដល់ស្រុក ដោយគ្មានលុយរៀបការ ទើប ប្រុសសង្សារ ដែលមានតែទូកក្តារកញ្ចាស់មួយ សម្រាប់ចែវអុំរកត្រីនោះ សម្រេចលក់យកលុយ មកសែនព្រេនមួយព្រឹក បំពេញភ្នែកញាតិទៅ។

នាងដាលីន និងកូន

នាងដាលីន បន្តទៀតថា តាំងពីក្លាយជាប្តីប្រពន្ធ ស្របច្បាប់មក ប្តីនេះស្រលាញ់ថ្នាក់ថ្នមនាងណាស់ មិនដែលប្រើនាងឱ្យធ្វើការធ្ងន់ទេ គេធានាមួយចប់ រហូតដល់បង្កើតបានកូនប្រុស១ គ្រាន់ពនឹងគេហើយ។ ដោយសារតែជីវភាពខ្វះមុខខ្វះក្រោយ ទើបប្តីមិន សូវបាននៅជាប់លាប់ជាមួយនាង និងកូនទេ ព្រោះត្រូវ ចេញទៅរកត្រី រកអន្ទង់តាមព្រៃរនាម មកលក់រកកម្រៃចិញ្ចឹមជីវិត។ នាងក៏ទទួលស្គាល់ពាក្យម្តាយដែរ ដែលថា យកបងប្អូនឯងរកស៊ីមិនមាន ឃើញថាយ៉ាងនេះមែន ព្រោះតាំងពីចាប់ដៃ គ្នាជាមួយបងជីដូនមួយនេះមក ខំរកយ៉ាងណាក៏មិនសល់ដែរ បន្តិចកូនឈឺ បន្តិចម៉ែឈឺ ហើយអាចនឹងនៅតែក្រយ៉ាងនេះមួយជីវិត បើប្តីនៅតែប្រកបរបររកត្រីអន្ទង់ មិនព្រមប្តូរ មុខរបរថ្មីនឹងគេ។
ដោយឡែក លោកសំ ឆៃ អាយុ២៦ឆ្នាំ ជាប្តី បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា លោកជាកូនកសិករក្រីក្រ មិនបានរៀនសូត្រអ្វីឡើយ លុះធំពេញកំលោះក៏នៅតែក្នុងព្រៃរនាម រកត្រីអន្ទង់ ក្តាមខ្យងលក់យកកម្រៃតែប៉ុណ្ណោះ។ ពេលធំពេញកំលោះថ្មីៗ លោកគ្មានទំនាក់ទំនងស្នេហាជាមួយនារីណាទេ លុះឃើញប្អូនស្រីជីដូនមួយធំពេញក្រមុំ បែកសាច់ទ្រលុកទ្រលន់ ក៏ចាប់ចិត្តប្រតិព័ទ្ធតែម្តង។ លោកព្យាយាមសុំស្នេហ៍ពីនាងរហូតបានសម្រេច និងពិតជា បានពង្រត់គ្នាទៅសោយសុខនៅជាយដែនប្រាកដមែន ព្រោះតែម៉ែចង់បំបែក។ លុះម៉ែក្មេក តាមទៅឃើញពួកលោកកំពុងរស់នៅល្អូកល្អិននឹងគ្នាបំបែកលែងកើត ក៏នាំមកស្រុកចាត់ចែង សែនព្រេនឱ្យទៅ ដោយលោកមានតែទូកក្តារកញ្ចាស់មួយ ក៏សម្រេចលក់វាបានលុយបន្តិចបន្តួច ទិញក្បាលជ្រូក មាន់ស្ងោរ ចេកទុំ នំផ្អែម សែនខ្មោច បង្គ្រប់កិច្ច។ តាំងពីបានកូន១មក លោករវល់កាន់តែ ខ្លាំងក្នុងការរកស៊ីចិញ្ចឹមប្រពន្ធកូន ដោយចេញមក តំបន់ព្រៃរនាម រកត្រី រកអន្ទង់លក់ ហើយទោះជាក្រ យ៉ាងណា ក៏មិនដល់ថ្នាក់ដាច់បាយ ឬសំពះសុំអង្ករ គេនោះដែរ ជីវិតជាការតស៊ូ។

អ្នកស្រីជា សុខុន

អ្នកស្រីមិន ស្រីអូន អាយុ៥០ឆ្នាំ ជាម្តាយ ខាងស្រី បានឱ្យដឹងថា មុនដំបូង គាត់ព្យាយាមបំបែក មែន លុះយូរៗទៅនឹកអាណិតកាត់ទឹកមិនដាច់ កាត់សាច់មិនបាន ព្រោះអាកូនប្រសានេះ ត្រូវជាក្មួយផង ក៏ចាត់ចែងសែនព្រេនឱ្យទៅ។ គាត់មិនចង់ឱ្យកូនក្រលំបាកនោះទេ តែចំណាំឃើញថា បងប្អូនជីដូនមួយ យកគ្នាជាប្តីប្រពន្ធមិនសូវចម្រុងចម្រើនដូចគេទេ ឥឡូវឃើញថាមិនខុសមែន។
អ្នកស្រីជា សុខុន អាយុ៦១ឆ្នាំ ជាម្តាយខាងប្រុស ក៏បានឱ្យដឹងដែរថា មុនដំបូង គាត់និងប្អូនស្រី គិតលើកក្មួយដាលីន ឱ្យទៅកូនគេអ្នកមានធូរធារ ក៏ជួយបង្ខំ ស្រាប់តែនាងដាលីន និងសំ ឆៃ កូនប្រុស គាត់ពង្រត់គ្នាទៅបាត់ ក៏នាំគ្នាតាមហៅមកវិញ សែនព្រេនឱ្យទៅ។ ពួកគេក៏បានសុខសាន្តរហូតមក ទាស់ ត្រង់ជីវភាពក្រីក្របានព្រឹកខ្វះល្ងាច គ្មានសល់អ្វីជាដុំ កំភួននោះទេ។

អ្នកស្រីមិន ស្រីអូន

គួរបញ្ជាក់ថា មានព្រឹទ្ធាចារ្យវប្បធម៌ម្នាក់ ផ្តល់យោបល់ថា់ កូនស្រីកើតនៅស្រែ ជាកូនកសិករ គួរកុំ ដាក់ឈ្មោះល្អពេក នាំឱ្យអភ័ព្វ។ ឧទាហរណ៍ឈ្មោះ ដាលីន ដាណែត កូកា យ៉ាយ៉ា វៀរហ្ស៊ីនី ជាដើម សម្រាប់តែដាក់ឱ្យកូនអ្នកមាន ឬថៅកែ ឧកញ៉ា រដ្ឋមន្ត្រី ឬអ្នកសិល្បៈ បើយកឈ្មោះបែបនេះ ដាក់ឱ្យកូនអ្នកស្រែ ធ្វើឱ្យនាងអភ័ព្វ។ គួរដាក់ឈ្មោះ សាមញ្ញ ដូចជានាងសែម ចែម យ៉ង យ៉ាត ប្រសើរ ជាង ព្រោះស្របនឹងស្ថានភាពគ្រួសារ ទឹកដីភូមិសាស្ត្រ ទើបអនាគតនាងមិនអភ័ព្វ។ ដូច្នេះនាងសំ ដាលីន ដែលមានប្តីប្រកបរបររកត្រី អន្ទង់លក់នេះ អាចថា មកពីនាងឈ្មោះល្អពេក ក៏ជួបភាពក្រីក្រដូចអ្វីដែល ប្រឹទ្ធាចារ្យវប្បធម៌បានប្រាប់…”៕

RELATED ARTICLES