តារាចម្រៀងល្បីរបស់ផលិតកម្មថោន និង Camtrax មាស សុខសោភា លេចមុខក្នុងកម្មវិធីសម្ពោធរោងកុនថ្មី Major Cineplex By Smart នៅផ្សាសុរិយា ដោយអ្នកចម្រៀងរូបនេះបានច្រៀងបទល្បីៗរបស់ខ្លួន អូសទាញភ្ញៀវដើកម្សាន្តផ្សារទំនើបមួយនេះ ឲ្យផ្អើលមកទស្សនាការសម្ដែងរបស់នាងនៅកណ្ដាលផ្សារជាន់ទី៥នោះ។
ការបង្ហាញខ្លួនជាមួយក្រុមរាំអមដោយមានការទាក់ទាញខ្លាំងនោះ មាស សុខសោភា ក៏បានបង្ហើបឲ្យដឹងថា នាងត្រូវបានផលិតកម្មមួយចំនួនហៅឲ្យថតភាពយន្ដផងដែរ ហើយពេលនេះនាងកំពុងតែសិក្សា និងត្រៀមខ្លួនសម្រាប់ការថតរឿង ដែលមិនមែនជារបស់ផលិតកម្មថោន នោះហើយ។
មាស សុខសោភា បានប្រាប់អ្នកកាសែតថា ”ខ្ញុំយល់ថា ការមានរោងកុនច្រើន គឺជំរុញឲ្យភាពយន្ដខ្មែរយើង ឈានទៅរកស្ដង់ដាមួយ ព្រោះពេលនេះរឿងខ្មែរយើងក៏ជោគជ័យដែរ។ ខ្ញុំគិតថា រឿងខ្មែរយើងពេលនេះមានគុណភាពល្អ អាចទទួលយកបាន ហើយរឿងបរទេសខ្លះក៏ល្អមើល ខ្លះក៏មិនល្អមើល អីចឹងដូចតែគ្នាទេ ហើយសំខាន់ពេលនេះបងប្អូនខ្មែរយើងងាកគាំទ្ររឿងខ្មែរយើងច្រើនជាងមុន។ យើងកុំយកបរិមាណច្រើន សំខាន់យើងយកគុណភាពប្រសើរជាង តែរឿងខ្លះខ្វះ Sponsor អីចឹងខ្ញុំសូមសំណូមពរឲ្យអ្នកឧបត្ថម្ភ មេត្តាជួយដល់កុនខ្មែរយើង ព្រោះជាមុខមាត់របស់ប្រទេសយើងផងដែរ។ សម្រាប់ខ្ញុំមកមើលកុន ១ឆ្នាំប្រហែលជា៥ដងអីទេ ហើយខ្ញុំចូលចិត្តបរទេស និងខ្មែរដូចគ្នា គឺខ្ញុំមិនប្រកាន់ទេឲ្យតែរឿងល្អមើល”។
មាស សុខសោភា បានបន្តថា “សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ ខ្ញុំមានបទចម្រៀង៤ទៅ៥បទដែរ ដូចជាបទ ”ឲ្យអស់ស្រឡះទៅ” ច្រៀងជាមួយលោកខេម និងបទ ”អួតទាំងបងទាំងប្អូន” ច្រៀងជាមួយចេន សាយចៃ, ឃុង ឃុយ និងខេម និងបទមួយចំនួនទៀត។ ខ្ញុំចូលចិត្តទាំងអស់សម្រាប់បទចម្រៀង ហើយខ្ញុំមិនអាចហាមឃាត់បងប្អូនមិនឲ្យស្ដាប់បទបែកស្លុយហើយងាកមកស្ដាប់បទប្រពៃណីរបស់ខ្ញុំនោះទេ ព្រោះជាសិទ្ធិសេរីភាពរបស់គាត់ សំខាន់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរយើងចាក់បទបរទេសមករាំនោះ គឺនាងខ្ញុំមិនសប្បាយចិត្តទេ។ ចំពោះការរីកចម្រើននៃកុនខ្មែរនេះ ខ្ញុំក៏ត្រៀមសម្ដែងភាពយន្ដខ្មែរផងដែរ នាពេលខាងមុខនេះ ហើយខ្ញុំចង់យកប្រជាប្រិយភាពចម្រៀងរបស់ខ្ញុំមកផ្ដោតលើការថតភាពយន្ដដែរ ព្រោះថា ពេលនេះតារាល្បីៗក៏ងាកមកថតភាពយន្ដដែរ។ ខ្ញុំមើលរឿងដែរ ទាល់តែរឿងនោះស័ក្តិសមជាមួយខ្ញុំ ហើយក្រៅពីថោន ខ្ញុំក៏សម្ដែងឲ្យប៉ុស្ដិ៍ផ្សេងបានដែរ ព្រោះខ្ញុំអត់មានកុងត្រាជាមួយថោន ទេ”។
ក្រៅពីមាស សុខសោភា ដែលចេញមុខអបអរសាខាថ្មីរបស់ Major Cineplex BY Smart នេះ ក៏មានតារាចម្រៀង Original Song នាងអេដា ឡើងច្រៀង រួមទាំងមានតារាសម្ដែងប្រុសស្រីល្បីៗជាច្រើនដួង ចូលរួមបង្ហាញភាពរីករាយក្នុងកម្មវិធីនេះដែរ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រពួកគេមានការចោមរោមថតតារាទាំងនោះនៅពេញផ្សារទំនើបសូរិយា ។
លោកសៅ សុខនី អ្នកគ្រប់គ្រងទូទៅរបស់រោងភាពយន្ដ Major Cineplex បានឲ្យដឹងថា ការសម្ពោធសាខាថ្មីរបស់រោងកុនទំនើបនេះ នឹងជួយជំរុញឲ្យវិស័យភាពយន្ដខ្មែរ កាន់តែមានភាពរីកចំរើនថែមទៀត ព្រោះតាមគោលការណ៍ លោកចង់ឃើញរឿងខ្មែរដាក់បញ្ចាំង៤០ទៅ៥០% នៅលើរោងកុន ខណៈដែលពេលនេះមានតែ២០ទៅ២៥%ប៉ុណ្ណោះ។
លោកសុខនី ថ្លែងថា ”ការសម្ពោធ Major Cineplex នៅសូរិយា នាពេលនេះ គឺស្របគ្នាទៅនឹងការសម្ពោធនៅខេត្តសៀមរាប ដែរ ហើយនៅអំឡុងខែឧសភា ឆ្នាំ២០១៨នេះ យើងនឹងសម្ពោធសាខាថ្មីមួយទៀតនៅផ្សារទំនើបអ៊ីអន២ ផងដែរ។ ចំពោះសាខាថ្មីរបស់យើងនៅផ្សារទំនើបសូរិយា នេះ ខ្ញុំគិតថា មានសក្ដានុពលខ្លាំង ព្រោះទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ តែម្ដង។ Major Cineplex មានបទពិសោធន៍២៤ឆ្នាំហើយ នៅថៃ ដែលផ្ដោតលើសេវាកម្ម គុណភាពខ្ពស់របស់រោងភាពយន្ដ ហើយខ្ញុំមានបទពិសោធន៍ផ្នែកនេះ ៧ឆ្នាំមកហើយ នឹងសម្រាប់នៅកម្ពុជានេះ យើងដំណើរការបាន៤ឆ្នាំ ដោយរលូនដែរ។ ខ្ញុំគិតថា ការមានរោងកុនទំនើបច្រើននេះ គឺនឹងធ្វើឲ្យភាពយន្ដខ្មែរយើងមានការរីកចម្រើន មិនមែនជាការសម្លាប់កុនខ្មែរទេ។ សម្រាប់រោងកុន Major Cineplex ទាំង៣សាខា កន្លងមកក្នុង១ថ្ងៃ មានអ្នកចូលទៅទស្សនាភាពយន្ដពីចន្លោះ៥ទៅ៥ពាន់នាក់ជាង ហើយដូចនេះក្នុង១ឆ្នាំ មានអ្នកទស្សនាភាពយន្ដរបស់យើងពី៨០ម៉ឺនទៅ១លាននាក់ក្នុងមួយឆ្នាំ ដែលសំបុត្រជាទូទៅ លក់៣,៥ដុល្លារ ដែលក្នុងនោះរោងកុនទំនើបអ៊ីអនម៉ល សាខាទី១ មានអ្នកទស្សនាច្រើនជាងគេ”៕