ពិធីការិនីដែលមានសម្រស់ដាច់គេ នាងហ៊ិន ច័ន្ទនីរ័ត្ន ដែលវិលរកអាជីពចាស់វិញ ក្នុងតំណែងជាតួឯករឿង “ធ្មប់” ក្រោយពេលដែលនាងបោះបង់អាជីពសម្តែងជាច្រើនឆ្នាំនោះ ធ្វើឱ្យបណ្តាផលិតកម្មផ្សេងៗ កំពុងតែដណ្តើមគ្នាចង់បានស្រីស្អាតរូបនេះ ទៅធ្វើជាតួឯកក្នុងភាពយន្ត។
ប៉ុន្តែ គួរឱ្យស្តាយ ព្រោះតារាធ្មេញច្រពើសរូបនេះ បានកំណត់តម្លៃខ្លួន៥ពាន់ដុល្លារ ក្នុង១រឿង ទើបនាងយល់ព្រមថត ធ្វើឱ្យក្រុមផលិតករមួយចំនួន បានលាន់មាត់គ្រប់គ្នាថា ហ៊ិន ច័ន្ទនីរ័ត្ន ស៊ីថ្លៃជ្រុល…។
ខុសពីតារាស្រីល្បីៗមួយចំនួនទៀត ដែលច្រើនកំណត់ថ្លៃខ្លួន ថត1ថ្ងៃ ស៊ីថ្លៃ300ទៅ350ដុល្លារនោះ តែសម្រាប់ស្រីស្អាតគួរឱ្យក្នាញ់ នាងហ៊ិន ច័ន្ទនីរ័ត្ន វិញ គឺថតភាពយន្ត1រឿង ទាល់តែបានតម្លៃខ្លួន 5ពាន់ដុល្លារ ទើបនាងព្រមថត បើសិនជាតម្លៃខ្លួនក្រោមនេះ គឺនាងមិនព្រមថតជាដាច់ខាត។
ការដាក់កំណត់តម្លៃខ្លួនយ៉ាងតឹងតែងរបស់នាងហ៊ិន ច័ន្ទនីរ័ត្ន បែបនេះ ធ្វើឱ្យផលិតករមួយចំនួនបានរអ៊ូថា នីរ័ត្ន ស៊ីថ្លៃជ្រុល ព្រោះថា រឿងខ្លះប្លង់តួឯក ត្រូវថត គឺសម្រុកតែ1អាទិត្យ ចប់ទៅហើយ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ពិធីការិនីប៉ុស្តិ៍បាយ័ន ហ៊ិន ច័ន្ទនីរ័ត្ន បានឱ្យដឹងថា នាងពិតជាកំណត់តម្លៃខ្លួន ដូចការលេចឮបែបនេះមែន ហើយបើសិនជាមិនបានទេ គឺនាងក៏មិនព្រមថតដែរ។
ពិធីការិនីធ្មេញច្រពើសដែលប្រុសណាក៏ចង់បាននាងធ្វើជាសង្សារនេះ បានបញ្ជាក់ថា “ចំពោះការកំណត់តម្លៃខ្លួនហ្នឹងថា ខ្ញុំទារ5ពាន់ដុល្លារ ក្នុង1រឿងនេះ គឺការពិតអ៊ីចឹងមែន។ ខ្ញុំបានទារខាងផលិតកម្ម 5ពាន់ដុល្លារ សម្រាប់1រឿងមែន ព្រោះខ្ញុំយល់ថា ការប្រឹងប្រែងរបស់យើងគឺយូរដែរ ហើយម៉្យាងទៀត តម្លៃខ្លួននេះ ទើបអាចទប់ទល់ការចំណាយរបស់យើងបានទៅលើសម្លៀកបំពាក់ សាំងឡាន និងគ្រឿងអលង្ការផ្សេងៗ ដែលយើងប្រើប្រាស់ក្នុងការថតនោះ។ ខ្ញុំនៅតែប្រកាន់បើមិនបានតម្លៃខ្លួនប៉ុណ្ណឹងទេ ខ្ញុំមិនថតទេ ព្រោះយើងចង់បានតម្លៃខ្លួនមួយដែលសមរម្យដែរ”។
ហ៊ិន ច័ន្ទនីរ័ត្ន ផ្អាកការថតភាពយន្ត និងខារ៉ាអូខេ ស្ទើរតែទាំងស្រុង តាំងពីនាងចេញពីប៉ុស្តិ៍លេខ3 ផ្តាច់ខ្លួនចូលប៉ុស្តិ៍បាយ័ន នោះមក គឺទើបតែថ្មីៗនេះទេ ដែលអតីត Freshie Girl លេខ1 ឆ្នាំ2007 រូបនេះ បនាវិលត្រឡប់មកកាន់តំណែងតួឯកជាថ្មីក្នុងរឿង “ធ្មប់” ដោយនីរ័ត្ន សម្តែងជាតួបុរាណសម័យលង្វែក។
ប្រភពបានឱ្យដឹងថា ផលិតកម្មមួយចំនួនបានស្រងាកចិត្តចំពោះការទារតម្លៃខ្លួន5ពាន់ដុល្លារ របស់ហ៊ិន ច័ន្ទនីរ័ត្ន នាពេលនេះ ហេតុនេះហើយនឹងអាចធ្វើឱ្យនារីតូចតន់រូបនេះ របូតតំណែងតួឯកអស់ជាច្រើនរឿងថែមទៀតជាមិនខាន ព្រោះថតសម្រាប់ស្រីស្អាតៗមួយចំនួនឱ្យតែឮថា បានតំណែងជាតួឯកនោះ ថត1រឿង ក្រោម1ពាន់ដុល្លារ ក៏ព្រម ព្រោះថា ពួកគេចង់ល្បី។
ពិធីការិនីប៉ុស្តិ៍បាយ័ន រូបនេះបន្ថែមថា “ខ្ញុំក៏មិនដឹងជាធ្វើម៉េចដែរ បើគាត់ថាតម្លៃប៉ុណ្ណឹងថ្លៃនោះ តែខ្ញុំនឹងមិនចុះថ្លៃជាងនេះទេ។ ចំពោះការថតរឿង “ធ្មប់” នោះ ខ្ញុំបានជោគជ័យខ្លាំងដែរ ដោយសារតែមានគេទៅមើលច្រើន។ ឥឡូវមានផលិតកម្មមួយចំនួន គាត់ទាក់ទងហៅឱ្យថតរឿងថ្មីៗទៀតដែរ តែនៅចរចាតម្លៃខ្លួនហ្នឹងនៅឡើយ។ ខ្ញុំមិនផ្លាស់ប្តូរទេ គឺបើក្នុង1រឿង មិនបានតម្លៃដែលខ្ញុំដាក់ (5ពាន់ដុល្លារ) ប្រហែលជាខ្ញុំនឹងមិនថតទេ ព្រោះអីខ្ញុំរវល់ទៅលើការងារជាពិធីការិនីច្រើនដែរ។ ប៉ុន្តែ នៅឆ្នាំ2018នេះ ខ្ញុំទទួលទាំងអស់ ទាំងការថតភាពយន្ត និងខារ៉ាអូខេ ឱ្យតែអាចឆ្លៀតបាន”៕