Sunday, November 17, 2024
Homeព័ត៌មានសិល្បៈស្រីស្អាតខឹងអ្នកសារព័ត៌មានថតពេលស្រវឹងដេកក្នុងរថយន្ត តាមវ៉ៃដល់បន្ទប់ទឹកប៉ុស្តិ៍ប៉ូលិស

ស្រីស្អាតខឹងអ្នកសារព័ត៌មានថតពេលស្រវឹងដេកក្នុងរថយន្ត តាមវ៉ៃដល់បន្ទប់ទឹកប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ មិនដឹងជាទើបនឹងចេញពីផឹកស៊ីនៅកន្លែងណា ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តទំនើប១គ្រឿង មកឈប់ចតដេកលើចិញ្ចើមផ្លូវ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងមានអ្នកសារព័ត៌មានចុះទៅថតផ្តិតយករូបភាព ស្រាប់តែក្រោយពេលភ្ញាក់ដឹងខ្លួន នារីរូបនោះបែរជាច្រឡោតខឹង ទាមទារឱ្យអ្នកកាសែតលុបរូបភាពចោល រួចបង្កជាហិង្សាស្ទុះទៅវ៉ៃអ្នកយកព័ត៌មានម្នាក់ទាំងកំរោល បណ្តាលឱ្យបែកមាត់ ហើមមុខ។

ករណីនារីរូបស្រស់ ស្រវឹងស្រាឈប់រថយន្តដេកតាមផ្លូវ មួយម៉ៅក្តៅក្រហាយនឹងអ្នកយកព័ត៌មានចុះថត ដេញវ៉ៃបណ្តាលឱ្យបែកមាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០ កែងនឹងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

នារីីដៃដល់ដែលវ៉ៃអ្នកកាសែតបែកមាត់នេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានរបរជាអាជីវករក្នុងផ្សារអូឡាំពិក បើករថយន្តទំនើប១គ្រឿង ម៉ាកឡិចស៊ីស LX-470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-8783។ ចំណែកបុរសរងគ្រោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ជាអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញនារីខាងលើបានបើករថយន្តម៉ាកឡិចស៊ីស LX-470 ពណ៌ស ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីលិចទៅកើត ទាំងស្ថានភាពស្រវឹងជោកជាំ ភ្នែកបើកមិនចង់រួច លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៦១ ទីតាំងកើតហេតុខាងលើ ដោយស្រវឹងស្រាខ្លាំងពេក បន្តដំណើរទៅមុខទៀតមិនរួច ទើបនារីរូបនោះបានឈប់រថយន្តនៅលើចិញ្ចើមផ្លូវ រួចក៏ប្រះខ្លួនដេកនៅក្នុងរថយន្តតែម្តង។ លុះមានអ្នកដំណើរឆ្លងកាត់ប្រទះឃើញ ខ្លាចមានបញ្ហាជាយថាហេតុ ដូចជាចោរកម្ម ឬគ្រោះថ្នាក់ចរាចរណ៍ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន និងក្រុមអ្នកសារព័ត៌មានបានចុះទៅដល់កន្លែងកើតហេតុ ហើយភ្លាមនោះ អ្នកសារព័ត៌មានក៏បានថតផ្តិតយករូបភាព ចំណែកសមត្ថកិច្ចបានព្យាយាមគោះកញ្ចក់រថយន្តផង អង្រួនរថយន្តផង ដើម្បីដាស់ស្ត្រីជាម្ចាស់រថយន្ត និងត្រូវចំណាយពេលមួយសន្ទុះ ទម្រាំស្ត្រីជាម្ចាស់រថយន្តភ្ញាក់ដឹងខ្លួន។ គ្រាន់តែភ្ញាក់ភ្លាម ឃើញមានសមត្ថកិច្ច រួមនឹងម៉ាស៊ីនថតឆ្វាត់ឆ្វែងក្បែររថយន្ត ស្រាប់តែធ្វើឱ្យនារីបង្កផ្ទុះកំហឹងស្ទុះចេញពីរថយន្តទាំងមមីងមមាំង ស្រែកទាមទារឱ្យអ្នកកាសែតលុបរូបភាពនាងចោលឱ្យអស់ លុះអ្នកកាសែតមិនព្រម ក៏ធ្វើឱ្យនារីបង្កមួម៉ៅក្តៅក្រហហាយកាន់តែខ្លាំង រហូតដល់ស្ទុះទៅវាយជនរងគ្រោះជាអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស បណ្តាលឱ្យបែកមាត់ ហូរឈាមច្រមុះ និងហើមមុខ ហើយទោះជាត្រូវសមត្ថកិច្ច២រូប នៅកន្លែងកើតហេតុជួយឃាត់យ៉ាងណា ក៏នារីបង្កមិនព្រមស្តាប់សោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនស្ត្រីជាអ្នកបើកបរ និងរថយន្តមកកាន់ប៉ុស្តិ៍នគរបាលសង្កាត់វត្តភ្នំ ដើម្បីសួរនាំ ចំណែកជនរងគ្រោះជាអ្នកសារព័ត៌មាន ក៏បានមកដាក់ពាក្យបណ្តឹងផងដែរ ស្រាប់តែត្រូវនារីជាជនបង្កបានតាមវ៉ៃជនរងគ្រោះដល់ក្នុងបន្ទប់ទឹកប៉ុស្តិ៍ប៉ូលិសទៀតផង ធ្វើឱ្យសមត្ថកិច្ចហួសចិត្តគ្រប់គ្នា ព្រោះតែឃើញនារីបង្កហាក់មិនព្រមត្រជាក់ចិត្តសោះ នៅតែបន្តឡូឡាពេញប៉ុស្តិ៍ប៉ូលិស១យប់។

រហូតមកដល់ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រួសារនារីបង្កខាងលើ បាននាំគ្នាមកដល់ប៉ុស្តិ៍នគរបាល និងបានព្យាយាមធ្វើការសម្របសម្រួលជាមួយនឹងភាគីរងគ្រោះ ដោយយល់ព្រមចេញសំណងជំងឺចិត្តឱ្យជនរងគ្រោះព្យាបាលរបួស ចំនួន១ពាន់ដុល្លារ។ ចំណែកជនរងគ្រោះដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ទទួលយកសំណង១ពាន់ដុល្លារ រួចដកពាក្យបណ្តឹងវិញទៅ៕

RELATED ARTICLES