សួស វីសា ដែលជាអតីតសង្សារលោកមាស សាឡី នោះផ្អើលថា អ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង លោកថមមី។
តែនៅពេលដែលសាកសួររឿងស្នេហ៍ប្រុសក្មេងនេះ សួស វីសា បែរជាប្រកែក ដោយហៅអ្នកដែលថា នាងនិងថមមី ជាសង្សារនោះ ជាមនុស្សឆ្កួតទៀតផង ហើយថា តាមចិត្តក្តៅ នាងចង់តែយកសង្សារជាអ្នកកាសែត ដើម្បីកុំឱ្យមានអ្នកពូកែចុះផ្សាយទៀត?
សួស វីសា ធ្លាប់ភ័យដេកមិនលក់ឡើយ នៅពេលដែលកាលពីចុងឆ្នាំ២០១៧ តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះត្រូវបានអាណិកជនខ្មែរ នៅអាមេរិក លោកឆាំ ឆាន្នី ចោទនាងថា មានទំនាក់ទំនងស្នេហ៍ជាមួយនាយករដ្ឋមន្ត្រី ប៉ុន្តែនៅពេលនាងចេញមុខបដិសេធ ក៏ស្ងាត់វិញទៅ។ ប៉ុន្តែ ពេលនេះរឿងរ៉ាវទាំងនេះ ត្រូវបានស្ងប់ស្ងាត់ហើយ ស្រាប់តែនាងវីសា បានជំពប់ទៅរឿងស្នេហាជាមួយប្រុសក្មេងលោកប៊ុនថុល ប៊ុនថេង ហៅថមមី ដោយមានដំណឹងថា អ្នកទាំង២បានរួមរស់ជាមួយគ្នា ក្រោមដំបូលផ្ទះតែ១ទៀតផង។
ព័ត៌មានបានឱ្យដឹងថា ពួកគេស្រលាញ់គ្នាចាក់ទឹកមិនលិចទេ ហើយជាទម្លាប់ គឺវីសា ចូលចិត្តស្នេហ៍តែប្រុសក្មេងដូចលោកថមមី អ៊ីចឹង បើសិនជាប្រុសចាស់វិញ ទោះជាមានទ្រព្យច្រើនយ៉ាងណា ក៏នាងមិនចាប់អារម្មណ៍ឡើយ។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ សួស វីសា និយាយថា អ្នកដែលនិយាយថា នាងមានស្នេហាជាមួយលោកថមមី នោះ គឺសុទ្ធតែជាមនុស្សឆ្កួតទាំងអស់ ព្រោះនាងនិងប្រុសនោះ គ្រាន់តែរាប់អានគ្នាធម្មតាទេ។
សួស វីសា និយាយដោយក្តៅក្រហាយថា “ពីណានិយាយ និងចុះផ្សាយថា ខ្ញុំនិងថមមី ហ្នឹងជាសង្សារ ពួកហ្នឹងសុទ្ធតែជាឆ្កួតតើ! ព្រោះឱ្យតែឃើញគេស្និទ្ធស្នាលគ្នាបន្តិច មិនបាន។ ទាមចិត្ត ឥឡូវខ្ញុំចង់យកសង្សារជាអ្នកកាសែតវិញ ដើម្បីកុំឱ្យគេចុះយើងរឿងអាក្រក់ៗទៀត។ បើយកសង្សារជាអ្នកកាសែតវិញ គឺយកម្តង២នាក់ ឱ្យស្នេហាត្រីកោណពេញហ្នឹងចុះ ហើយឱ្យដឹងរសជាតិថា ពេលត្រូវគេចុះឈឺចាប់ប៉ុនណា ពេលដែលត្រូវគេចុះផ្សាយវិញហ្នឹង។ ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំនិងថមមី ហ្នឹងគ្មានអីពិសេសជាមួយគ្នាទេ រាប់អានគ្នាធម្មតាៗតើ!”។
ទោះជាវីសា ប្រកែកញ៉ាញថា នាងគ្មានទំនាក់ទំនងពិសេសជាមួយថមមី តែតាមរយៈរូបភាពកន្លងមក គេឃើញនាងវីសា និងថមមី មានការស្អិតល្មួតគ្នាខ្លាំងដូចប្តីប្រពន្ធអ៊ីចឹង ដូចជាវីសា ឱ្យថមមី គេងកើយលើភ្លៅនាង ហើយពួកគេបានប្រលែងគ្នាយ៉ាងសប្បាយរីករាយតែ២នាក់ជាដើម។ តែទោះជាមានភ័ស្តុតាងយ៉ាងនេះក៏ដោយ ក៏វីសា មិនទទួលស្គាល់ជាដាច់ខាតថា នាងនិងលោកថមមី មានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងជ្រាលជ្រៅ ដូចក្នុងរូបភាពនោះ។ អ្វីដែលកាន់តែចម្លែកនោះ វីសា បែរជាថា មិនចង់បានប្តីជាអ្នកសិល្បៈទេ គឺនាងចង់យកសង្សារជាអ្នកកាសែត ដើម្បីកុំឱ្យមានអ្នកចុះផ្សាយនាងពីរឿងមិនល្អទៀត។
តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះបន្ថែមថា “ខ្ញុំថតជាមួយថមមី ហ្នឹង គ្រាន់តែជាការថតលេងទេ មានទាក់ទងគ្នាស្នេហាអីមកពីណាទៅ? និយាយទៅ ខ្ញុំមិនយកប្តីអ្នកសិល្បៈ តែមិនមែនខ្ញុំស្អប់អ្នកសិល្បៈទេ គ្រាន់តែថា យើងមិនចង់បានប្តីជាអ្នកសិល្បៈដូចគ្នា។ មិនមែនថា អ្នកសិល្បៈមិនល្អ គឺមិនអ៊ីចឹងទេ គ្រាន់តែថា យើងមិនមានបំណងចង់យកប្តីជាអ្នកសិល្បៈដូចគ្នាទេ។ ចំពោះរឿងខ្ញុំជាមួយថមមី ហ្នឹង ដោយសារតែកន្លងមក ខ្ញុំនិងគាត់ធ្លាប់មានការសម្តែង Show ជាមួយគ្នា ទើបមានរឿងអ៊ីចឹង ឥឡូវខ្ញុំផ្អាកសម្តែងជាមួយគ្នាមួយរយៈសិន ដើម្បីកុំឱ្យមានគេច្រឡំទៀត”។
សួស វីសា ធ្លាប់សាងស្នេហាជាមួយលោកមាស សាឡី ជាច្រើនឆ្នាំ ដោយបានទាំងភ្ជាប់ពាក្យជាមួយគ្នា ត្រៀមដឹកដៃគ្នាចូលរោងការទៀតផង តែគូស្នេហ៍នេះបានចែកផ្លូវគ្នាអំឡុងពេលដែលវីសា ចូលហង្សមាស ហើយពេលនេះ លោកសាឡី បានរៀបការប្រពន្ធថ្មី ចោលវីសា ទៅហើយ ទើបធ្វើឱ្យអ្នកចម្រៀងហង្សមាស រូបនេះ ងាកមកស្និទ្ធជាមួយប្រុសក្មេងថមមី។ មហាជនបានលើកឡើងថា នាងសួស វីសា ដែលពេលនេះ អាជីពចម្រៀងនៅផលិតកម្មរស្មីហង្សមាស ហាក់នៅទ្រឹងនោះ បែរជាមកល្បីរឿងស្នេហ៍ប្រុសក្មេងខ្លាំងជាងទៅវិញ ហេតុនេះហើយបានជាចុងក្រោយនេះ វីសា ងាកទៅធ្វើបទចម្រៀងខ្លួនឯង សម្រាប់ចេញនៅលើយូធូប ដើម្បីកុំឱ្យស្ងប់ស្ងាត់ពេក ហើយល្បីតែរឿងស្នេហានោះ។
អតីតតារាចម្រៀង Rock រូបនេះ បានឱ្យដឹងទៀតថា “ខ្ញុំពិតជាត្រៀមធ្វើបទចម្រៀងខ្លួនឯងមែន គឺធ្វើបទពីដើមៗឡើងវិញ សម្រាប់ចេញលើយូធូប ហើយខ្ញុំនឹងសុំការអនុញ្ញាតពីហង្សមាស។ បទទាំងនោះ ខ្ញុំត្រៀមជិត១០បទ ហើយខ្ញុំគ្រាន់តែឈរថតច្រៀងលេង មិនប៉ះពាល់អីជាមួយហង្សមាស ទេ ព្រោះខ្ញុំអាចនឹងយកបទចម្រៀងទាំងនោះទៅច្រៀងនៅកម្មវិធីផ្សេងៗ ដើម្បីរំលឹកបទចម្រៀងទាំងនោះឡើងវិញ។ ខ្ញុំគិតថា ហង្សមាស នឹងមិនថាអីទេ ព្រោះថា កន្លងមក ខ្ញុំឃើញបងដួង វីរៈសិទ្ធ គាត់ធ្វើដែរហ្នឹង។ សម្រាប់ឆ្នាំ២០១៨ នេះ ខ្ញុំគ្មានគម្រោងចេញទៅច្រៀងសម្តែងនៅក្រៅប្រទេសទេ ព្រោះជាប់ធ្វើបទចម្រៀងខ្លួនឯង និងច្រៀងតាមខេត្តច្រើនណាស់៕