Saturday, November 16, 2024
Homeតារាខ្មែរតារាចម្រៀង តាក់ ចន្ធី ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ស្ថានទូតអាមេរិក បង្ហាញការសោកស្តាយ

តារាចម្រៀង តាក់ ចន្ធី ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ស្ថានទូតអាមេរិក បង្ហាញការសោកស្តាយ

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី រ៉ុកខែនរ៉ូល តាក់ ចន្ធី  ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកភ្លើងស្តុបមួយ កណ្តាលរាជធានីភ្នំពេញ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ រយៈពេល៣នាទីនិង៣៨វិនាទី បង្ហាញពីការសម្តែងចុងក្រោយបង្អស់របស់តារាចម្រៀង តាក់ ចន្ធី ព្រមទាំងបានបង្ហោះសារមួយថា “ស្ថានទូតអាមេរិក សូមសំដែងសមានទុក្ខចំពោះគ្រួសារ និងមិត្តភក្តិរបស់កាក់ ចន្ធី ដែលច្រៀងនៅក្នុងគំរោង Cambodian Space Project ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលនៅថ្ងៃអង្គារ៍នេះ។ ទេពកោសល្យផ្នែកចំរៀង តន្ត្រីរបស់ចន្ធី បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកមានការសប្បាយ ដោយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ជាទីដែលគាត់បានសំដែងជាច្រើនលើក ហើយគាត់បានបង្ហាញពីលក្ខណៈពិសេសដោយឡែកមួយនៃតន្ត្រីសម័យរបស់ខ្មែរ។ គាត់បានធ្វើជាដៃគូជាច្រើនដងជាមួយស្ថានទូតអាមេរិក។ សូមមើលការសំដែងក្នុងពេលថ្មីៗបំផុតនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧ យើងមានការសោកស្តាយចំពោះគាត់…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅចំណុចភ្លើងស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ស្ត្រីរងគ្រោះដែលត្រូវរថយន្តព្រុសរបស់ស្រីស្អាតវ័យក្មេងបើកបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង មានឈ្មោះតាក់ ចន្ធី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀងរ៉ុកខេនរ៉ូល ប្រចាំហាងបារាំងមួយកន្លែង មានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ក្នុងបន្ទុក ស្នាក់នៅម្តុំផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកនារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុ មានឈ្មោះងួន ស្រីនិច អាយុ២១ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បី១គ្រឿង របស់ក្រុមហ៊ុន (Pass App) ដឹកភ្ញៀវ២នាក់ (តារាចម្រៀងតាក់ ចន្ធី និងបុរសជាជនបរទេសម្នាក់) ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចប្រសព្វរវាងផ្លូវម៉ៅសេទុង និងផ្លូវលេខ១៦៣ (ភ្លើងស្តុបទន្លេបាសាក់) ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រុស ពណ៌កណ្តុរល្មែះ គ្មានពាក់ស្លាកលេខ បើកបរដោយយុវតីរូបស្រស់ម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូកង់៣ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឱ្យតារាចម្រៀង តាក់ ចន្ធី បោកក្បាលនឹងដែកកង់បីស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។

សាកសពតារាចម្រៀង តាក់ ចន្ធី ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES