Friday, January 17, 2025
Homeសង្គម និងជីវិតក្មេងស្រីរូបស្រស់ ខឹងមីងស្តីបន្ទោស រត់ចោលផ្ទះបាត់

ក្មេងស្រីរូបស្រស់ ខឹងមីងស្តីបន្ទោស រត់ចោលផ្ទះបាត់

ភ្នំពេញ ៖ ក្មេងស្រីរូបស្រស់ម្នាក់ ព្រោះតែតូចចិត្តតូចថ្លើមនឹងរឿងម្តាយមីងស្តីបន្ទោសតិចតួច រឿងមិនជួយធ្វើការងារផ្ទះ ស្រាប់តែជិះម៉ូតូចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង អស់១យប់១ថ្ងៃ ធ្វើឱ្យស្ត្រីជាម្តាយភ័យព្រួយពីសុវត្ថិភាពកូនស្រី ក៏កាន់រូបថតទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

ក្មេងស្រីដែលរត់ចេញពីផ្ទះ ព្រោះតែខឹងម្តាយមីងស្តីបន្ទោសតិចតួចនេះ មានឈ្មោះសៅ មុន្នីរ័ត្ន ហៅស្រីពេជ្រ អាយុ១៧ឆ្នាំ មុខរបររៀន អ៊ុតសក់ក្បែរផ្ទះ មានលំនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងស្រីរូបនេះ គឺជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១) មានម្តាយឈ្មោះប៉ាត ស្រីផា អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា ការរស់នៅក្នុងគ្រួសាររវាងម្តាយនិងកូនរបស់គាត់ មិនដែលមានបញ្ហាមាត់តូចមាត់ធំដាក់គ្នាឡើយ ហើយកន្លងមក ដោយដឹងថាកូនស្រីមានចំណូលចិត្តចង់រៀនជំនាញអ៊ុតសក់ ទើបគាត់បានអនុញ្ញាតឱ្យកូនស្រីទៅរៀនជំនាញតាមចំណង់ចំណូលចិត្តរបស់នាងទៀតផង។

ស្ត្រីជាម្តាយបន្តថា នៅមុនពេលដែលកូនស្រីបាត់ខ្លួនប្រមាណ៣ថ្ងៃ នៅពេលដែលកូនស្រីរបស់គាត់ម្នាក់នេះ វិលត្រឡប់មកពីរៀនអ៊ុតសក់មកដល់ផ្ទះវិញ នាងមិនបានជួយធ្វើការងារផ្ទះនោះទេ ទើបធ្វើឱ្យម្តាយមីងរបស់នាងដែលរស់នៅជាមួយគ្នា បានស្តីបន្ទោស២-៣ម៉ាត់ ធ្វើឱ្យកូនស្រីនេះខឹងសម្បា តែពួកគាត់ក៏មិននឹកស្មានដល់ថា កូនស្រីអាក់អន់ចិត្ត រហូតដល់មានគំនិតរត់ចេញពីផ្ទះបែបនេះឡើយ។

ស្ត្រីជាម្តាយបានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ បានជិះម៉ូតូ១គ្រឿងម៉ាកធូដេ ចេញទៅរៀនអ៊ុតសក់តាមធម្មតា រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ជាពេលដែលកូនស្រីត្រូវវិលមកផ្ទះវិញ បែរជាបាត់មិនឃើញកូនស្រីសោះ លុះដល់យប់ជ្រៅទៅហើយ នៅតែមិនទាន់ឃើញកូនស្រីត្រឡប់មកផ្ទះទៀត ទើបគាត់ជាម្តាយនឹកបារម្ភ តាមទៅរកកូនស្រីដល់ផ្ទះដែលនាងទៅ រៀនអ៊ុតសក់ លុះទៅដល់ក៏ត្រូវបានមេជាងប្រាប់ថា កូនស្រីរបស់គាត់ បានជិះម៉ូតូចេញទៅវិញបាត់ហើយ។

ម្តាយក្មេងស្រីដែលបាត់ខ្លួន បានអះអាងថា សម្ភារៈដែលកូនយកទៅជាមួយ រួមមានកងដៃមួយឈុតពាក់ជាប់នឹងដៃ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកធូដេ១គ្រឿង។

បន្ទាប់ពីបាត់កូនស្រីអស់១យប់ និងដោយអស់លទ្ធភាពក្នុងការតាមស្វែងរកផង ទើបស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួន បានសម្រេចរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឱ្យជួយអន្តរាគមន៍ ប្រកាសស្រាវជ្រាវស្វែងរកកូនស្រីត្រឡប់មកវិញ។ ជាមួយនេះស្ត្រីជាម្តាយ បានអំពាវនាវដល់សាធារណៈជន កាលបើប្រទះឃើញក្មេងស្រីដូចភិនភាគខាងលើ មេត្តាជួយឃាត់រាយការណ៍ទៅសមត្ថកិច្ចផង ឬបើកូនស្រីបានឮ បានដឹងថា ម្តាយកំពុងតាមស្វែងរកហើយ ត្រូវត្រឡប់មកផ្ទះវិញជាបន្ទាន់ ព្រោះគាត់ពិតជាបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់៕

RELATED ARTICLES