Monday, November 25, 2024
Homeកីឡាជាតិអតីតខ្សែការពារឆ្នើមជម្រើសជាតិកម្ពុជា ម៉ី ចាន់រដ្ឋា គាំងបេះដូងស្លាប់

អតីតខ្សែការពារឆ្នើមជម្រើសជាតិកម្ពុជា ម៉ី ចាន់រដ្ឋា គាំងបេះដូងស្លាប់

ភ្នំពេញ ៖ អតីតកីឡាករខ្សែការពារដ៏ល្អប្រចាំក្រុមជម្រើសជាតិ U16 កម្ពុជា និងជាយុវជនរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោកម៉ី ចាន់រដ្ឋា បានទទួលមរណភាពកាលពីវេលាវេលាមោ់ង៣រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ដោយកើតអាការៈគាំងបេះដូង និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវយ៉ាងអាណោចអធ័ម។

តាមប្រភពពីមិត្តភក្តិជិតស្និទ្ធរបស់កីឡាករ ម៉ី ចាន់រដ្ឋា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ចាន់រដ្ឋា បានសម្រាកថ្ងៃត្រង់ដូចសព្វមួយដង ស្រាប់តែពេលដែលកំពុងគេងសុខៗ ក៏កើតមានអាការៈដូចជាស្ទះខ្យល់ ធ្វើឱ្យត្រដរខ្យល់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗដែរ តែដឹកបានត្រឹមពាក់កណ្តាលផ្លូវ ចាន់រដ្ឋា ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

គួរបញ្ជាក់ថា កីឡាករ ម៉ី ចាន់រដ្ឋា ជាមិត្តភក្តិជិតស្និទ្ធនឹងកីឡាករល្បីៗមួយចំនួនដូចជា ណុប តុលា ហូយ ផល្លីន អ៊ិន វិច្ឆ័យ រស់ គង់សំរេច សាវី ស៊ើគីរីន លឺម យូ ស៊ុប អាម៉ាត់ និងសារ៉េត គ្រីយ៉ា ជាដើម។ គេតែងជាប់ជម្រើស១១នាក់ក្រោម ការបង្វឹករបស់គ្រូបង្វឹកសញ្ជាតិជប៉ុន។

ជុំវិញការប្រកួត ម៉ី ចាន់រដ្ឋា ធ្លាប់បានជាប់ឈ្មោះទៅប្រកួត Ban AFF U16 Championship 2011 នៅឡាវ ក្រោមការបង្វឹករបស់គ្រូបង្វឹកសញ្ជាតិជប៉ុន Daisuke Yoshioka ដែលមានជំនួយការគឺលោកភា សុភ័ក្ត្រា មាស ចាន់ណា និងសួង ភារម្យ។ បន្ទាប់មក វគ្គជម្រុះ AFC U16 Championship នៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ២០១១ កីឡាកររូបនេះមិនបានចូលរួម ដោយសារតែរបួស។

ម៉ី ចាន់រដ្ឋា គឺជាអតីតខ្សែការពារល្អនៅតំបន់កណ្តាល ប៉ុន្តែក្រោយមក រូបគេបានលាឈប់ពីបាល់ទាត់ ដោយចាប់យកការសិក្សាវិញ។ យ៉ាងណាក្តី អតីតយុវជនព្រះខ័នរាជស្វាយរៀងរូបនេះ នៅបន្តលេងបាល់ តែមិនមែនអាជីពទេ៕

RELATED ARTICLES