ក្នុងឱកាសដែលសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រជ្រៃកោង រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការ Live វីដេអូ ក្នុងទំព័រហ្វេសប៊ុក (Page) សម្តេចផងនោះ ស្រាប់តែមានគណនីហ្វេសប៊ុក ឈ្មោះ Angkor Soksan ចូលទៅ Comment ថា ”លោកអៀង ស៊ីធុល មន្ដ្រីក្រសួងវប្បធម៌ កំពុងរំលោភយកដីរួម ជិត២ពាន់ម៉ែត្រការ៉េ របស់ភូមិត្បូងឃ្មុំ ឃុំវាល ដោយគប់គិតជាមួយតុលាការខេត្តកំពង់ស្ពឺ លោកចៅក្រមឆឹម រិទ្ធី ចេញសាលក្រម”។
អ្នកយកព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទទៅលោកអៀង ស៊ីធុល កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបានលោកអះអាងថា ទំនាស់វិវាទដីនោះត្រូវបានបញ្ចប់ហើយ ដោយតុលាការបានកាត់ដីនោះមកឲ្យលោក តាំងពីឆ្នាំ២០១៦មកម្ល៉េះ។
លោកអៀង ស៊ីធុល បញ្ជាក់ថា ”ដីហ្នឹងជាដីកេរឪពុកខ្ញុំតាំងពីឆ្នាំ១៩៧៩ម្ល៉េះ ហើយមានរឿងវិវាទខ្លះ ក្រោយមក យើងធ្វើទៅតាមផ្លូវច្បាប់ ហើយតុលាការបានកាត់ដីហ្នឹងឲ្យខ្ញុំតាំងពីឆ្នាំ២០១៦ម្ល៉េះ។ ខ្ញុំមិនបានទៅគប់គិតជាមួយតុលាការ រំលោភយកដី ដូចគេចោទទេ គឺដីហ្នឹងជាដីខ្ញុំ។ ខាងអ្នកដែលគេមិនសុខចិត្ត គេចេះតែតវ៉ាអ៊ីចឹង តែតាមពិត ដីហ្នឹងក្រោយតុលាការកាត់មកឲ្យខ្ញុំ គឺចប់អស់ហើយតើ”។
ទោះជាយ៉ាងណា លោកសាស្រ្ដាចារ្យអៀង ស៊ីធុល អះអាងថា “លោកសូមស្វាគមន៍ចំពោះអ្នកដែលចង់តវ៉ារឿងវិវាទដីនោះ ហើយនឹងបន្ដដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជានិច្ច បើសិនជាភាគីណាមួយមិនសុខចិត្ត គឺសូមឲ្យអ្វីៗធ្វើទៅតាមច្បាប់ ព្រោះលោកមានឯកសារគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ដីនោះជាដីកេរឪពុកលោកចែកឲ្យ”។
លោកអៀង សុីធុល ក៏បានព្រមានថា បើសិនជាគេនៅតែបន្ដការចោទប្រកាន់មកលើរូបលោកបែបនេះទៀតនោះ គឺលោកក៏មិនអាចនៅសម្ងំស្ងៀមដែរ គឺត្រូវតែធ្វើទៅតាមច្បាប់ ព្រោះធ្វើអ៊ីចឹង ចូលជាបទបរិហារកេរិ៍្ដលើរូបលោកដែលជាម្ចាស់ដីហើយ៕