ខេត្តព្រៃវែង ៖ បុរសម្នាក់ឃើញកូនប្រុសចេញទៅដឹកគោត្រឡប់មកផ្ទះវិញទាំងមេឃកំពុងរកកលចង់ធ្លាក់ភ្លៀង ទើបដើរទៅតាមជួយកូន លុះពេលកំពុងបណ្តើរគ្នា២នាក់ឪកូនដឹកគោសំដៅមកផ្ទះវិញ ក៏ស្រាប់តែត្រូវរន្ទះបាញ់ចំបុរសជាឪពុក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីស្រែប្រាំងខាងកើតភូមិបង្អែក ចម្ងាយប្រមាណ៨០០ម៉ែត្រ ស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ អំឡុងពេលចេញទៅជួយដឹកគោកូនឯវាលស្រែ មានឈ្មោះដូង សារ៉ាត់ អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ កូនប្រុសរបស់ជនរងគ្រោះ បានដឹកគោចេញទៅចងនៅវាលស្រែប្រាំងចំណុចកើតហេតុខាងលើ។ រហូតមកដល់វេលាល្ងាច ថ្ងៃដដែល ដោយឃើញមេឃចាប់ផ្តើមងងឹត មានពពកខ្មៅអួរអាប់ រកកលចង់ធ្លាក់ភ្លៀង ព្រមទាំងមានខ្យល់បោកបក់ លាយឡំនឹងផ្គររន្ទះផង ទើបបុរសរងគ្រោះ បានប្រើឱ្យកូនប្រុសប្រញាប់ចេញទៅដឹកគោត្រឡប់មកផ្ទះ វិញដើម្បីកុំឱ្យធ្លាក់ភ្លៀងទាន់។
ប្រភពដដែលបន្តថា លុះពេលកូនប្រុសដើរចេញផុតពីផ្ទះជនរងគ្រោះជាឪពុកនឹកឃើញអាណិតកូនប្រុសដើរទៅដឹកគោតែម្នាក់ឯង ក៏បានដើរតាមពីក្រោយ ដើម្បីទៅជួយដឹកគោកូនត្រឡប់មកផ្ទះវិញ។ លុះទៅដល់វាលស្រែ ជនរងគ្រោះនិងកូនប្រុស បាននាំគ្នាស្រាយចំណងគោ រួចបណ្តើរគ្នាដឹកសំដៅមកផ្ទះវិញ ស្រាប់តែភ្លាមនោះ ក៏ស្រាប់តែរន្ទះបានបាញ់ប្រហារមកចំជនរងគ្រោះជាឪពុក បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះ កូនប្រុសរបស់ជនរងគ្រោះ បានរត់មកប្រាប់ក្រុមគ្រួសារ និងហៅអ្នកភូមិនាំគ្នាទៅជួយឪពុកដែរ តែអកុសល ឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាំគ្នាសែងយកសាកសព ត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកច្ចិឱ្យចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕