Friday, January 17, 2025
Homeសង្គម និងជីវិតស្ត្រីដែលប្តីបង្ខំអារប្រដាប់ភេទ កំពុងបារម្ភខ្លាចប្តីរួចខ្លួនតាមសម្លាប់

ស្ត្រីដែលប្តីបង្ខំអារប្រដាប់ភេទ កំពុងបារម្ភខ្លាចប្តីរួចខ្លួនតាមសម្លាប់

ភ្នំពេញ ៖ ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចប្រើទារុណកម្មយ៉ាងឃោរឃៅ រហូតដល់ថ្នាក់ឱ្យយកផ្លែឡាមអារប្រដាប់ភេទ រួចយកក្រដាស ផ្តិតឈាមមកបង្ហាញបញ្ជាក់ពីភាពស្អាតស្អំ ព្រមទាំងថតវីដេអូទាំងសកម្មភាពរួមរ័ក និងអារប្រដាប់ភេទទុកមើល រហូតទ្រាំលែងបានដាច់ចិត្តប្តឹង ឱ្យកម្លាំងអាវុធហត្ថចុះចាប់ខ្លួនប្តីរោគចិត្ត កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានសម្តែងនូវអារម្មណ៍ភ័យព្រួយខ្លាចប្តីបានរួចខ្លួនចេញមកតាមសម្លាប់នាងចោល បន្ទាប់ពីប្តីកំណាចនេះបានខលទៅគំរាមសាច់ញាតិរបស់នាង ទាំងដែលខ្លួន កំពុងជាប់ឃុំឃាំងនៅឡើយ។

ស្ត្រីរងគ្រោះដែលត្រូវប្តីប្រើទារុណកម្មយ៉ាងព្រៃផ្សៃនោះ មានឈ្មោះឡាយ វិល័យ អាយុ៣០ឆ្នាំ។ ចំណែកបុរសជាប្តីចិត្តកំណាច មាន ឈ្មោះនឹម ឈីន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅផ្ទះជួលលេខ១ បន្ទប់លេខ៦ ផ្លូវលំ ភូមិចោមចៅ២ សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្រោយពីត្រូវកម្លាំងអាវុធហត្ថចាប់យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញអស់រយៈពេល២យប់រួចមក ស្រាប់តែនៅយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ប្តីកំណាចរបស់នាង បានទូរស័ព្ទទៅគំរាមស្ត្រីជាអ៊ំស្រីរបស់នាងនៅស្រុកកំណើត ដោយនិយាយថា នៅពេលដែលរូបគេ (ជនសង្ស័យ) បានរួចខ្លួនមកវិញ គេនឹងតាមសម្លាប់ផ្តាច់ពូជ សូម្បីតែអំបាតក៏មិនទុកផង។

ស្ត្រីរងគ្រោះ បន្តថា តាមសម្តីអ៊ំស្រីរបស់នាង ដែលខលទូរស័ព្ទមកប្រាប់នាង បានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ឪពុកក្មេករបស់នាង (ឪពុកបង្កើតរបស់ជនសង្ស័យ) បានខលទៅនិយាយជាមួយគាត់ថា មិនគួរណានាងហ៊ានដាច់ចិត្តប្តឹងប្តីបែបនេះសោះ ព្រោះថា ប្តីស្រលាញ់នាងស្ទើរស្លាប់ ហើយនាងក៏ធ្លាប់រត់ចោលប្តី និងបានយកលុយកាក់មាសប្រាក់ប្តីទៅចាយវាយដែរ មិនគួរចិត្តដាច់ដល់ម្លឹង។ ពេលនោះ គាត់ (អ៊ំស្រី) ក៏បាននិយាយទៅវិញថា គាត់អត់ដឹងទេរឿងនេះ ហើយគាត់ក៏មិនកាន់ជើងខាងណាដែរ។ លុះគ្រាន់តែគាត់និយាយទូរស័ព្ទជាមួយឪពុកក្មេករបស់នាងចាប់មួយសន្ទុះ ក៏ឃើញលេខទូរស័ព្ទរបស់ប្តីនាង ខលទៅគាត់ ហើយក៏លឺសម្តីប្តីរបស់នាងនិយាយប្រាប់គាត់ថា ហេតុអីបានជានាងហ៊ានប្តឹងប្តីដាក់គុកបែបនេះ ភ្លាមនោះ អ៊ំស្រីរបស់នាងក៏ឆ្លើយវិញថា គាត់អត់ដឹងរឿងនេះទេ ស្រាប់តែប្តីកំណាចរូបនេះ បានសម្លុតគំរាមអ៊ំស្រីរបស់នាងថា ចាំមើលនៅពេលដែលគេចេញមកក្រៅវិញ គេនឹងតាមសម្លាប់មួយពូជដោយមិនទុកឱ្យរស់ សូម្បីតែអំបាត។

ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា អ្វីដែលធ្វើឱ្យនាងមានការព្រួយបារម្ភបំផុតនោះ គឺខ្លាចប្តីរួចខ្លួនតាមមកសម្លាប់នាង និងសាច់ញាតិ ផ្តាច់ពូជ ព្រោះប្តីនេះគឺជាមនុស្សដែលមានចរិតកាចសាហាវឃោរឃៅខ្លាំងណាស់ ហើយនាងមិនយល់សោះ ថាហេតុអ្វីបានជាប្តីកំណាចអាចប្រើទូរស័ព្ទផ្ទាល់ខ្លួនបាន ទាំងដែលកំពុងជាប់ក្នុងការឃុំឃាំងនៅឡើយ។ ចំណុចដែលនាងព្រួយបារម្ភមួយទៀតនោះ នៅត្រង់ថា នៅពេលដែលឃើញប្តីអាចប្រើទូរស័ព្ទផ្ទាល់ខ្លួនបានបែបនេះ នាងបារម្ភខ្លាចប្តី បង្ហោះរូបភាព និងវីដេអូដែលប្តីបានថតទាំងសកម្មភាពរួមរ័កគ្នាជាមួយនាង ក៏ដូចជា សកម្មភាពអ្វីផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា យ៉ាងណា ពេលនេះនាងពិតជាមានការព្រួយបារម្ភខ្លាំងបំផុត ព្រោះមិនដឹងថាប្តីរបស់នាង ត្រូវបញ្ជូនទៅពន្ធនាគារ ឬទៅមណ្ឌលអប់រំកែប្រែផ្តាច់ថ្នាំញៀន ព្រោះបើគ្រាន់តែបញ្ជូនទៅមណ្ឌលផ្តាច់ថ្នាំញៀន ឆាប់បានចេញមកវិញ ច្បាស់ជាជីវិតរបស់នាង រស់នៅមិនសុខឡើយ ពោលគឺអាចនឹងស្លាប់ក្រោមកណ្តាប់ដៃប្តីតែម្តង។ ជាមួយនេះ ស្ត្រីរងគ្រោះបានអំពាវនាវ និងសំណូមពរយ៉ាងទទូច សុំឱ្យស្ថាប័នមានសមត្ថកិច្ច ពិសេសស្ថាប័នតុលាការ ចាត់ការប្តីកំណាចរបស់នាងឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យរួចខ្លួនចេញមកក្រៅវិញ។

ស្ត្រីរងគ្រោះ ក៏បានបញ្ជាក់ផងដែរថា ក្រោយពីរឿងរ៉ាវរបស់នាងបែកធ្លាយ ដឹងសុសសាយពេញផ្ទៃប្រទេសរួចមក មានមហាជនជាច្រើន បានសម្តែងនូវការអាណិតអាសូរ ជួយលើកទឹកចិត្តផ្តល់កម្លាំងចិត្តដល់នាង ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមហាជនខ្លះ បែរជាចោទប្រកាន់ រិះគន់នាង ទៅវិញថា មិនគួរយករឿងកេរ្តិ៍ខ្មាស គ្រួសារឯងមកលាតត្រដាងជាសាធារណៈបែបនេះសោះ មិនខុសពីហែកទ្រូងឱ្យក្អែកចឹកទេ។ ប៉ុន្តែនាងគ្រាន់តែចង់បញ្ជាក់ទៅវិញថា ប្រសិនបើនាងមិនទម្លាយរឿងដ៏ព្រៃផ្សៃមួយនេះចេញមកទេ ជីវិតនាងនឹងរស់នៅវេទនាជាងស្លាប់ទៅទៀត ដោយសារមិនអាចរួចផុតពីកណ្តាប់ដៃប្តីកំណាចបាន និងមិនដឹងថាស្លាប់រស់នៅថ្ងៃណា ព្រោះប្តីតែងគំរាមសម្លាប់នាងរាល់ថ្ងៃ ដោយធ្លាប់ប្រដូចនាងទៅ នឹងករណីតារាចម្រៀង សាន ស្រីឡៃ ថាបើចុងក្រោយនាងធ្វើឱ្យគេឆ្អែតចិត្ត គេនឹងសម្លាប់នាងចោលដូច ករណីសាន ស្រីឡៃ បន្ទាប់មកគេនឹង សម្លាប់ខ្លួនឯងដែរ។ លុះក្រោយមក ដោយឃើញមានព័ត៌មានសម្លាប់ស្ត្រីម្នាក់ញាត់ក្នុងធុងទឹកកក ទើបធ្វើឱ្យនាងកាន់តែភ័យខ្លាច កាន់តែខ្លាំងថា ជីវិតរបស់នាង អាចនឹងជួបរឿងបែបនេះ ទើបនាងសម្រេចចិត្តទម្លាយរឿងរ៉ាវមួយនេះ និងប្តឹងឱ្យសមត្ថកិច្ចចាប់ប្តីកំណាចនេះតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះឈ្មោះឡាយ វិល័យ បានរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ដោយចោទប្រកាន់ប្តីកំណាចឈ្មោះនឹម ឈីន ថាបានប្រើអំពើហិង្សាទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ មកលើនាងរាល់ថ្ងៃ រហូតដល់ថ្នាក់ដាក់ទារុណកម្មឱ្យនាងយកផ្លែឡាមអារប្រដាប់ភេទ រួចយកក្រដាសផ្តិតឈាម មកបង្ហាញប្តី ដើម្បីជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តស្មោះ មិនតែប៉ុណ្ណោះថែមទាំងបានថតវីដេអូទាំងសកម្មភាពរួមរ័ក និងអារប្រដាប់ភេទទុកមើល និងទុកគំរាមប្រពន្ធទៀតផង។

នាងឡាយ វិល័យ ធ្លាប់បានបញ្ជាក់ថា រវាងរូបនាង និងបុរសជាប្តីហេងស៊យនេះ បានរួមរស់នឹងគ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ និងមិនទាន់មានកូនជាមួយ គ្នានៅឡើយ។ ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធមក នាងតែងទទួលទារុណកម្មពីប្តីអត់ខាន់ស្លានេះ ទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ គ្មានទីបញ្ចប់ ដោយសារតែប្តីជាអ្នកជួញដូរថ្នាំញៀន និងញៀនថ្នាំជាប្រចាំ និងតែងសម្លុតគំរាម ឱ្យនាងបបោសអង្អែលគេឱ្យមានអារម្មណ៍ ដើម្បីរួមភេទឱ្យបានយ៉ាងហោចណាស់ម្តង ទើបព្រមឱ្យនាងបានដេក ហើយយប់ខ្លះប្តីបង្ខំឱ្យនាងបៀប ប្រដាប់ភេទរបស់គេ រហូតទាល់តែគេដេកលក់ ទើបនាងអាចដេកលក់តាមក្រោយបាន។ មិនតែប៉ុណ្ណោះ ឱ្យតែពេលរួមរ័កគ្នា ប្តីតែងថតវីដេអូទុក ហើយពេលខ្លះនាងដេកលក់ ប្តីតែងលួចសើយសារុង ឬសម្រាតខោនាង រួចយកទូរស័ព្ទមកលួចថតប្រដាប់ភេទរបស់នាងទុកក្នុងទូរស័ព្ទក៏មាន។

ស្ត្រីរងគ្រោះបន្តថា ទារុណកម្មដ៏ព្រៃផ្សៃដែលប្តីបានធ្វើចំពោះនាងនោះ គឺប្តីបានបង្ខំឱ្យនាងយកផ្លែឡាមអារប្រដាប់ភេទរួច យកក្រដាសជូតឈាមមកបង្ហាញគេជាប្តី និងថែមទាំងបានថតវីដេអូនោះទុកទៀតផង។ ក្រៅពីនេះ ប្តីធ្លាប់បង្ខំឱ្យនាងអារដៃ យកអង្រែបុកគ្រឿង ដបស្ព្រាយ៍ ញាត់ចូលប្រដាប់ភេទឱ្យគេមើល រហូតដល់ឱ្យនាងយកដែកសម្រាប់ព្យួរខោអាវដុតឱ្យក្រហម រួចយកមកកៀបជាប់នឹងភ្លៅរហូតដល់រលត់ទៀតផង។ កន្លងមក នៅពេលដែលប្តីវាយដំ ធ្វើទារុណកម្មនាងខ្លាំងពេក រហូតដល់នាងទ្រាំទ្រលែងបាន នាងក៏បានអង្វរលន់តួប្តី ដោយលុតជង្គង់សំពះ និងធ្លាប់លិទ្ធបាតជើងប្តីទៀត ដើម្បីឱ្យប្តីឈប់វាយធ្វើបាប តែប្តីមិនដែលអាណិតអាសូរនាងសោះឡើយ។

គួរបញ្ជាក់ថា ជុំវិញករណីខាងលើនេះ កម្លាំងអាវុធហត្ថ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES