Friday, January 17, 2025
Homeសង្គម និងជីវិតខឹងជក់បារី និយាយមិនស្តាប់ ទាត់១ជើង ចាក់១សោរយះក្បាល

ខឹងជក់បារី និយាយមិនស្តាប់ ទាត់១ជើង ចាក់១សោរយះក្បាល

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ បានអង្គុយជក់បារីបង្អុយផ្សែងហុយទ្រលោមពេញហាងកាហ្វេ រហូតដល់បុរសជាអ្នករត់ម៉ូតូឌុបម្នាក់អង្គុយក្បែរនោះ ទ្រាំមិនបាន ក៏ប្រាប់ឱ្យចេញទៅជក់នៅខាងក្រៅទៅ តែមិនព្រម ក៏កើតជាទំនាស់ត្រូវបុរសជាអ្នករត់ម៉ូតូឌុបទាត់១ជើង រួចចាក់១កូនសោម៉ូតូចំក្បាល បណ្តាលឱ្យបុរសជាអ្នករត់រ៉ឺម៉កម៉ូតូកង់៣រងរបួសហូរឈាមស្រោចខ្លួន។

ករណីហិង្សផ្តើមចេញពីរឿងជក់បារីបង្ហុយផ្សែងលើគេឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចហាងកាហ្វេ១កន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះជា ផាន អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិអូររំពង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនដៃដល់ មានឈ្មោះខេង វន្នី អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានចូលទៅផឹកកាហ្វេនៅក្នុងហាងកាហ្វេ ទីតាំងកើតហេតុខាងលើ លុះបន្តិចក្រោយមក ជនរងគ្រោះក៏បានយកបារីមកជក់បង្ហុយផ្សែងទ្រលោមពេញហាងកាហ្វេ ដោយមិនបានគិតពីផល ប៉ះពាល់ដល់អ្នកដ៏ទៃឡើយ។ ឃើញបែបនេះ ជនដៃដល់ដែលជាអ្នករត់ម៉ូតូឌុប និងជាមនុស្សដែលស្គាល់គ្នា កំពុងអង្គុយនៅក្បែរនោះ ជាមនុស្សមិនសូវចូលចិត្តផ្សែងបារី មានការធុញទ្រាន់ខ្លាំងពេកទ្រាំមិនបាន ក៏ស្រែកដាក់ជនរងក្រោះខ្លាំងៗថា “ស្អុយផ្សែងបារីណាស់ ឯងទៅជក់ខាងក្រៅទៅ”។ ចំណែកជនរងគ្រោះ អាងតែជាមនុស្សស្គាល់គ្នា នឹកស្មានថាគេនិយាយលេង ក៏នៅតែបន្តជក់បារីបង្ហុយផ្សែងដដែល រហូតធ្វើឱ្យជនដៃដល់ ទប់ចិត្តមិនបាន ក៏ដើរទៅជិតជនរងគ្រោះ រួចក៏ទាត់ចំដៃជនរងគ្រោះដែលកំពុងកាន់បារីនោះ១ជើង បណ្តាលឱ្យបែកផ្កាភ្លើងខ្ចាយ ធ្លាក់បារី ពីដៃ។

ប្រភពដដែលបន្តថា នៅពេលដែលត្រូវជនដៃដល់ទាត់១ជើងបែបនេះ ជនរងគ្រោះ បានច្រឡោតខឹង ក៏ស្ទុះទៅទាញអំបោសវាយត្រូវ ជើងជនដៃដល់ រួចក៏រត់ឡើងលើម៉ូតូរ៉ឺម៉កកង់បីរបស់ខ្លួន ស្រាប់តែភ្លាមនោះ ជនដៃដល់បានទាញកូនសោម៉ូតូ ទៅចាក់ប្រហារជនរងគ្រោះចំក្បាល ១កូសោ បណ្តាលឱ្យរងរបួសរយះក្បាលហូរឈាមស្រោចពេញមុខតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ចាប់ខ្លួនជនដៃដល់នាំយកមកដោះស្រាយគ្នា។

បន្ទាប់ពីសមត្ថកិច្ច ចុះទៅឃាត់ខ្លួនមកធ្វើការសាកសួរ រួចហើយ ភាគីជនបង្កបានសម្រេចសងសំណងទៅឱ្យជនរងគ្រោះ ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES