Friday, January 17, 2025
Homeសង្គម និងជីវិតស្រាយគំនុំចាស់កាប់គូទំនាស់របួសធ្ងន់ គេចខ្លួន២ខែ ជាប់ខ្នោះ

ស្រាយគំនុំចាស់កាប់គូទំនាស់របួសធ្ងន់ គេចខ្លួន២ខែ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលធ្វើសកម្មភាពកាប់ប្រហារយុវជនម្នាក់ជាគូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចស្រាវ ជ្រាវចាប់ខ្លួនបានកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជនសង្ស័យដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធុល សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ចំណែកបក្ខពួកផ្សេងទៀត បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ទៅហើយ។ ដោយឡែកជនរងគ្រោះមាន ឈ្មោះខៃ សំណាង មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ត្រី ឈឿង គឹមសុង ប្រធានក្រុមអន្តរាគមន៍បង្ក្រាបនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិ១៣មករា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានចុះប្រតិបត្តិការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ៥៣ ត.ព្រ,១៨ របស់ចៅក្រមស៊ើបសួរ លិ សុខា នៃសាលាដំបូងខេត្តបាត់ដំបង បានឃាត់ខ្លួនឈ្មោះធុល សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពជិះម៉ូតូជាមួយបក្ខពួក យកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះខៃ សំណាង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរបួស ត្រូវចំក្បាលប្រអប់ដៃ និងខ្នងជាច្រើនកាំបិត ធ្វើឱ្យរបួសធ្ងន់ ហើយថែមទាំងបានយកដំបងវាយ និងយកដុំថ្មមកគប់លើជនរងគ្រោះ មួយវិញ ទៀតពួកគេទាំងអស់គ្នាបានវាយម៉ូតូជនរងគ្រោះធ្វើឱ្យខូចខាតថែមទៀតផង។

ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតគ្រាប់បែកច្នៃចំនួន១គ្រាប់ផងដែរ។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានប្រគល់ឱ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES