ស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេក នាងរ៉េត ស៊ូហ្សាណា ត្រូវបានថៅកែផលិតកម្មរស្មីហង្សមាស ពេញចិត្ត និងលើកស្ទួយជាងគេនោះ ប្រភពមួយបានអះអាងថា ស៊ូហ្សាណា មានភាពស្និទ្ធស្នាលគ្នាជាមួយលោក Step ខុសពីធម្មតា ទើបគេសង្ស័យថា ពួកគេមានទំនាក់ទំនងពិសេសជាមួយគ្នា តែប្រុសសង្ហា Step បែរជាប្រកែករឿងស្នេហ៍នេះទៅវិញ…។
រ៉េត ស៊ូហ្សាណា ធ្វើឱ្យតារាចម្រៀងផលិតកម្មរស្មីហង្សមាស ដទៃទៀត មានការច្របូកច្របល់ខ្លាំង ព្រោះថា ស្រីក្មេងរូបនេះត្រូវលោកថៅកែផលិតកម្មធំជាងគេនៅក្នុងស្រុកនេះ លើកស្ទួយខ្លាំងណាស់ ទាំងបទចម្រៀងភាពយន្ត និងស្ពតពាណិជ្ជកម្ម។
តើហេតុអ្វីបានជាថៅកែផលិតកម្មហង្សមាស ពេញចិត្តស៊ូហ្សាណា ខ្លាំងជាងតារាផ្សេងទៀត? បើតាមអ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា នាងហ្សាណា ធ្វើការគោរពពេលវេលា មានការតែងខ្លួនបែបជាយុវវ័យ និងរូបសម្រស់គួរឱ្យទាក់ទាញ នេះហើយជាចំណុចដែលហង្សមាស ប្រឹងរុញនាងហ្សាណា បើទោះជាអ្នកចម្រៀងរូបនេះមានសំឡេងត្រឹមមធ្យមក្តី។ ដោយឡែក សម្រាប់តារាផ្សេងៗទៀតនៅហង្សមាស ដែលច្រណែននាងហ្សាណា នោះ គឺដោយសារតែមិនបានតួឯក ឬស្ពតពាណិជ្ជកម្មដូចគេ ទើបចេះតែដើរនិយាយថា ហង្សមាស លើកតែហ្សាណា នោះទៅ…។
រ៉េត ស៊ូហ្សាណា ឆក់បានតំណែងជាតួឯកស្រីមុនគេនៅហង្សមាស តាមរយៈរឿង “បិសាចគួរឱ្យស្រលាញ់” ដែលប៉ះជាមួយលោកសុខ វិបុល ហៅ Step ហើយតាំងពីថតភាពយន្តនោះមក គេឃើញនាងហ្សាណា កាន់តែមានភាពស្និទ្ធស្នាលចម្លែកជាមួយគ្នាជាងមុន ហើយថែមទាំងបណ្តើរគ្នាយ៉ាងត្រសងដូចជាគូស្នេហ៍ទៀតផង ទើបធ្វើឱ្យគេសង្ស័យថា តារាវ័យក្មេង1គូនេះ មានស្នេហាទាំងក្នុង និងក្រៅឆាកជាមួយគ្នា។
ក្នុងជំនួបជាមួយលោក Step កាលពីពេលថ្មីៗ បុរសភ្នែកតូចៗរូបនេះបានប្រកែកថា រូបគេគ្មានទំនាក់ទំនងពិសេសជាមួយស្រីស្អាតហ្សាណា ជាស្នេហាទេ គឺគ្រាន់តែជាមិត្តភក្តិរួមអាជីពតែប៉ុណ្ណោះ តែអ្នកចម្រៀងរូបនេះបានសរសើរពីម្ចាស់បទ “ឈប់” នេះយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើល។
លោក Step ថ្លែងថា “ខ្ញុំមានទៅណាបណ្តើរគ្នារហូតឯណាបង! ទៅកម្មវិធីខ្លះគឺជួបគ្នាដោយចៃដន្យទេ មិនបានណាត់គ្នាមុនផង។ ខ្ញុំនិងហ្សាណា គ្មានទំនាក់ទំនងអីក្រៅពីមិត្តរួមការងារទេ មិនមែនស្នេហាអីទេនោះជាការយល់ច្រឡំទេ។ តែហ្សាណា ជាតារាម្នាក់ល្អ ធ្វើការគោរពពេលវេលា ទាំងការថតបទចម្រៀង និងថតភាពយន្ត។ ក្រៅពីសម្តែងរឿងជាមួយគ្នា ខ្ញុំក៏ថតចម្រៀងជាមួយគាត់ដែរ អ៊ីចឹងបានជាគេច្រឡំហ្នឹង ព្រោះយើងបានធ្វើការច្រើនជាមួយគ្នា”។
រ៉េត ស៊ូហ្សាណា ធ្លាប់បង្ហាញភាពស្និទ្ធស្នាលតែជាមួយលោក Step ម្នាក់ទេ ក្រៅពីនេះអ្នកចម្រៀងដែលមានក្រុមគ្រួសារជាត្រកូលអភិជននេះ ច្រើនតែមានម្តាយ និងឪពុកតាមជាប់ជានិច្ច ដែលធ្វើឱ្យប្រុសជាច្រើនដែលចង់សាសងស្នេហ៍ស្រីស្អាត ដែលលោកថៅកែហង្សមាស ពេញចិត្តខ្លាំងនេះ ពិបាកនឹងបាននែបនិត្យកាយា៕