តារាសម្ដែងនិងជាពិធីករទូរទស្សន៍បាយ័ន លោកជា វណ្ណារិទ្ធិ បានបង្ហាញទឹកមុខត្រេកអរ និងរំភើបចិត្តខ្លាំង នៅពេលដែលភរិយារបស់លោក អ្នកនាងបេឡា បានសម្រាលកូនប្រុសទី២ ដោយជោគជ័យ នៅមន្ទីពេទ្យចិត្រាប៉ូលីគ្លីនិក កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក។ ទារកដែលទើបមើលឃើញពន្លឺព្រះអាទិត្យបានប៉ុន្មានម៉ោងនេះ ត្រូវបានលោកវណ្ណារិទ្ធិ ដាក់ឈ្មោះថា “ជា ភិរក្សរិទ្ធិ” ហៅ Fair ដែលមានទម្ងន់ជាង២គីឡូ ។ ការយកកូនទី២របស់ភរិយាពិធីករជា វណ្ណារិទ្ធិ នេះ បន្ទាប់ពីកូនប្រុសទី១ ឈ្មោះ Fame មានអាយុជាង២ឆ្នាំហើយ ហេតុនេះហើយបានជាលោកវណ្ណារិទ្ធ ត្រូវតែយកកូនង៉ែតមួយ ដើម្បីកុំឲ្យកូនច្បងរបស់លោកអផ្សុក។
ជា វណ្ណារិទ្ធិ បានថ្លែងថា ”កូនទី២របស់ខ្ញុំ ត្រូវសង្វាររុំក ២ដុំ និងរុំពេញខ្លួន ហើយត្រូវក្រុមគ្រូពេទ្យយកចិត្តទុកដាក់វះកាត់ដោយជោគជ័យ។ នេះជាលើកទី២ហើយដែលលោកគ្រូពេទ្យវះកាត់ដោយផ្ទាល់ជូនកូនខ្ញុំទាំង២ Fame និង Fair ប្រកបដោយសុវត្ថិភាព”។
ជា វណ្ណារិទ្ធ ជាតារាប្រុសម្នាក់ដែលធ្លាប់តែធ្វើឲ្យក្រុមគ្រួសារតារាសិល្បៈផ្សេងៗទៀត មានការច្រណែន និងសុភមង្គលរបស់ខ្លួនជាមួយភរិយា ព្រោះថាពិធីករនេះមិនដែលលាក់បាំងរឿងប្រពន្ធកូនទេ។ ផ្ទុយទៅវិញ វណ្ណារិទ្ធ ច្រើនតែបង្ហាញពីភាពផ្អែមល្ហែមក្នុងគ្រួសារ នាំឲ្យនារីៗមិនតិចនាក់ទេ ដែលលួចច្រណែនអ្នកនាងបេឡា ព្រោះថាបានស្វាមីល្អ និងពូកែថ្នាក់ថ្នមចិត្តគ្រប់ពេលទាំងអស់។
ប្រភពបានឲ្យដឹងថា ការមានកូន២នាក់នេះមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ក្រុមគ្រួសារជា វណ្ណារិទ្ធ គឺពួកគេចង់បានកូនថែមទៀត ដើម្បីឲ្យក្រុមគ្រួសារកាន់តែមានសុភមង្គល តែការសម្រាលដោយវះកាត់ទាំង២លើកនោះ នឹងមិនធ្វើឲ្យអ្នកនាងបេឡា អាចយកកូនបានច្រើនថែមទៀត តាមចិត្តចង់បានឡើយ៕