ភ្នំពេញ ៖ ស្ត្រីសង្ស័យជាមេក្លោងគ្រឿងញៀនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចាប់ខ្លួនបញ្ជូនឡើងតុលាការ ដើម្បីចាត់ការតាមច្បាប់ ស្រាប់តែឆ្លៀតពេលសមត្ថកិច្ចធ្វេសប្រហែសមួយភ្លែត ក៏ព្យាយាមនាំគ្នារត់គេចពីតុលាការទាំងដៃជាប់ខ្នោះ តែចុងក្រោយនៅតែរត់មិនរួច ព្រោះត្រូវបានសមត្ថកិច្ចការពារគោលដៅ ចាប់ក្របួចជាប់វិញភ្លាមៗ។
ករណីស្ត្រីសង្ស័យ២នាក់ប៉ងរត់ចេញពីតុលការទាំងដៃជាប់ខ្នោះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការរត់គេចខ្លួនរបស់ស្ត្រីសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនទាំង២នាក់នេះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន។ ប៉ុន្តែបើទោះជាស្ត្រីសង្ស័យទាំង២នាក់ ព្យាយាមរត់គេចយ៉ាងណាក្តី ក៏មិនអាចរត់យករួចខ្លួនបានឡើយ ដោយសារសមត្ថកិច្ចប្រចាំការ នៅសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនបានវិញ និងបញ្ជូនខ្លួនឱ្យមន្ត្រីប្រឆាំងគ្រឿងញៀន ដើម្បីបន្តបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញវិញ។
គួរបញ្ជាក់ថា មន្ត្រីនគរបាលការពារគោលដៅសាលាដំបូងរាជធានីភ្នំពេញ ដែលចាប់ជនសង្ស័យស្ត្រីមេក្លោងគ្រឿងញៀន២នាក់មកវិញនោះ រួមមាន ទី១-លោកអនុសេនីយឯក នួន ចិន្តា និងទី២-លោកអនុសេនីយឯក គង់ សុវណ្ណ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ ហង្ស វីរៈ ប្រធានគោលដៅនគបាលការពារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕