Friday, October 10, 2025
Homeព័ត៌មានជាតិសង្វេគខ្លាំងណាស់!!! ស្ត្រីម្នាក់ស្លាប់មានរបួសស្នាមពេញខ្លួន សង្ស័យប្តីសម្លាប់ ខណៈក្រុមគ្រួសារគ្មាលុយធ្វើបុណ្យសពនារីរងគ្រោះ

សង្វេគខ្លាំងណាស់!!! ស្ត្រីម្នាក់ស្លាប់មានរបួសស្នាមពេញខ្លួន សង្ស័យប្តីសម្លាប់ ខណៈក្រុមគ្រួសារគ្មាលុយធ្វើបុណ្យសពនារីរងគ្រោះ

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ ដោយមានស្លាកស្នាមរបួសជាំពេញមុខមាត់ ដងខ្លួន និងត្រូវបានគេសង្ស័យថា អាចត្រូវបុរសជាប្តីវាយសម្លាប់ ព្រោះក្រោយកើតហេតុ មិនឃើញមុខបុរសជាប្តីសោះឡើយ មិនដឹងគេចខ្លួនទៅណាបាត់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នារីរងគ្រោះដែលសង្ស័យថាត្រូវប្តីវាយសម្លាប់ មានឈ្មោះកាន់ និកា អាយុ២៤ឆ្នាំ មិនមានមុខរបរអ្វីរកស៊ីអ្វីទេ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យជាប្តី មានឈ្មោះបឿន ក្តិប អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ក្រោយកើតហេតុ បានគេចបាត់ពីផ្ទះ)។

តាមសម្តីស្ត្រីឈ្មោះហាយ ម៉ៅ អាយុ៥៨ឆ្នាំ ស្នាក់នៅក្បែរផ្ទះកើតហេតុប្រមាណ១០០ម៉ែត្រ ត្រូវជាម្តាយក្មេករបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាមពិតទាំងកូនប្រសាស្រី  និងកូនប្រុសបង្កើតរបស់គាត់ មិនមានមុខរបររកស៊ីអ្វីនោះទេ គឺរស់នៅហូបចុកអាស្រ័យលើគាត់ជាម្តាយផ្តល់ឱ្យ ក្រោយពីគាត់មកពីស៊ីឈ្នួលគេនៅផ្សាររុងក្លឿដីថៃវិញ។ មិនតែប៉ុណ្ណោះ ពួកគេក៏មិនមានលំនៅអ្វីផ្ទាល់ខ្លួនដែរ ទើបគាត់បានឱ្យផ្ទះខាងលើដែលជាផ្ទះរបស់គាត់ ទៅពួកគេស្នាក់នៅ ចំណែកគាត់ជាម្តាយក្មេកសុខចិត្តទៅរស់នៅជាមួយកូនម្នាក់ទៀត ចម្ងាយពីគ្នាប្រហែលជាង១០០ម៉ែត្រ។

ស្ត្រីជាម្តាយក្មេករូបនេះ បន្តថា ជាធម្មតា រាល់ល្ងាចកូនគាត់និងកូនប្រសាស្រី តែងតែបណ្តើរគ្នាមកយកបាយសម្លពីផ្ទះគាត់ទៅហូប ហើយស្រាប់តែនៅល្ងាចថ្ងៃកើតហេតុ មិនឃើញពួកគេមកយកបាយសម្លដូចរាល់ដងសោះ ទើបគាត់នឹកឆ្ងល់ក៏ដើរទៅមើល ស្រាប់តែប្រទះឃើញកូនប្រសាស្រីដេកស្លាប់លើពូកក្នុងផ្ទះបាត់ទៅហើយ ចំណែកកូនប្រុសបង្កើតគាត់មិនដឹងបាត់ទៅណា ទើបគាត់ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាមរយះក្បាល២កន្លែង មានស្នាមជាំភ្នែកទាំងសងខាង និងមានស្នាមជាំពេញដងខ្លួន។ តាមការសន្និដ្ឋានជាជំហានដំបូង សាកសពនារីរងគ្រោះទទួលរងការវាយដំយ៉ាងដំណំ។ យ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកបុរសជាប្តី ដើម្បីនាំមកធ្វើការសាកសួរឱ្យបានច្បាស់លាស់ជាមុនសិន ថាតើករណីនេះ គឺជាករណីអ្វីឱ្យពិតប្រាកដ។

ចំណែកប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា តាមអ្វីដែលពួកគាត់បានដឹងកន្លងមក ប្តីប្រពន្ធខាងលើនេះ គឺជាមនុស្សញៀនថ្នាំស្មើដៃគ្នា ហើយបុរសជាប្តីតែងតែប្រព្រឹត្តអំពើហិង្សាដាក់ប្រពន្ធជាញឹកញាប់ តែយ៉ាងណា គេមិនហ៊ានសន្និដ្ឋានទេថា ការស្លាប់របស់នារីរងគ្រោះ អាចមានជាប់ពាក់ព័ន្ធនឹងបុរសជាប្តីដែរឬក៏អត់នោះទេ។

ដោយឡែក តាមការបញ្ជាក់តាមទូរស័ព្ទពីបងស្រីបង្កើតនារីរងគ្រោះដែកកំពុងរស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះគឺជាកូនទី៦ ក្នុងចំណោម៧នាក់ ហើយនាងបានប្តីមុនជាអ្នកខេត្តបាត់ដំបង និងមានកូនស្រីម្នាក់អាយុប្រហែល៦ឆ្នាំ បច្ចុប្បន្នកូននោះនៅជាមួយម្តាយខាងប្តីមុន។ ក្រោយមកនារីរងគ្រោះបានសែនព្រេនជាមួយប្តីក្រោយឈ្មោះបឿន ក្តិប អស់រយៈពេល៣ឆ្នាំហើយ ប៉ុន្តែមិនទាន់មានកូននោះទេ ហើយបងប្អូនគាត់ និងឪពុកម្តាយសុទ្ធតែក្រ ពុំមានលទ្ធភាពមកធ្វើបុណ្យសពទេ។

សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅវត្តប្រជាធម្មត្រ័យ ក្បែរកន្លែងកើតហេតុ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES