Friday, October 10, 2025
Homeព័ត៌មានជាតិម្តាយកូនស្រីប្តឹង សមត្ថកិច្ចក្របួចបានប្រុស៤នាក់ ស្រីម្នាក់ ក្នុងបន្ទប់តែមួយ

ម្តាយកូនស្រីប្តឹង សមត្ថកិច្ចក្របួចបានប្រុស៤នាក់ ស្រីម្នាក់ ក្នុងបន្ទប់តែមួយ

ភ្នំពេញ ៖ យុវជនឈាមរាវចំនួន៤នាក់ បានប្រមូលផ្តុំគ្នាសម្ងំប្រើប្រាស់គ្រឿញៀនយ៉ាងពពាក់ពពូន នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង និងថែមទាំងបានល្បួងក្មេងស្រីម្នាក់មកចូលរួមជាមួយទៀតផង ទីបំផុត ឪពុកម្តាយក្មេងស្រីតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីក្មេងស្ទាវ៤នាក់ ល្បួងក្មេងស្រីម្នាក់មកសម្ងំជក់ថ្នាំញៀនយ៉ាងពពាក់ពពូន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះសំណាក់យីហោ ស្ពានមាសអូរឬស្សី ស្ថិតនៅតាមបណ្តោយផ្លូវ១៤១ ក្រុមទី១៧ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្មេងស្ទាវទាំង៤នាក់ ដែលល្បួងកូនស្រីគេមកសម្ងំជក់ថ្នាំញៀនក្នុងផ្ទះសំណាក់ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណមិនដល់២០ឆ្នាំផង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះលោ អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំផ្សារហេងលី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងតាមទូរស័ព្ទពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ឈ្មោះលោ ថា មានក្មេងប្រុសស្ទាវចំនួន៤នាក់ បានលួងលោមបបួលកូនស្រីរបស់គាត់ចេញពីផ្ទះ។ លុះពេលពួកគាត់ជាឪពុកម្តាយតាមដាន ក៏ដឹងថា ក្រុមក្មេងស្ទាវទាំងនោះបានល្បួងកូនស្រីរបស់គាត់ ឡើងទៅជក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់ស្ពានមាសអូរឬស្សី។

 

ប្រភពដដែលបន្តថា ភ្លាមនោះកម្លាំងរបស់គាត់បានចុះទៅដល់ផ្ទះសំណាក់ខាងលើ និងបានសួរមេការផ្ទះសំណាក់ ទើបដឹងថា ក្រុមក្មេងស្ទាវទាំងនោះកំពុងដេកនៅជាន់ទី២ បន្ទប់លេខ២០៥ បន្ទាប់មកដោយមានការសហការពីខាងភាគីផ្ទះសំណាក់ ទើបសមត្ថកិច្ចបានឡើងទៅឆែកឆេរដល់បន្ទប់ខាងលើ ក៏ប្រទះឃើញក្មេងៗទាំងនោះកំពុងតែអង្គុយជក់ថ្នាំញៀន ទើបសមត្ថកិច្ចឃាត់ខ្លួនចំនួន៤នាក់តែម្តង។ ចំណែកឯក្មេងស្រីរងគ្រោះត្រូវបានម្តាយសុំធានាយកទៅផ្ទះ ដើម្បីអប់រំ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៤នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES