ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានចេញមុខអះអាងថា ប្តីរបស់នាងដែលជាប៉ូលិសព្រហ្មទណ្ឌ បានលួចលាក់ទៅមានស្រីញីក្រៅផ្ទះ ធ្វើបាបចិត្តប្រពន្ធមិនអស់ចិត្ត ថែមទាំងប្រើអំពើហិង្សាវាយដំ ដាល់ទាត់ធាក់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ជាំភ្នែកម្ខាង ប៉ុន្តែបុរសជាប្តីបានបដិសេធថា តាមពិតខ្លួនគ្រាន់តែជ្រុលដៃទះប្រពន្ធ១កំផ្លៀងប៉ុណ្ណោះ មិនអាចរបួសធ្ងន់បែបនេះទេ ហេតុនេះអ្វីៗសុទ្ធតែជាការប្រឌិតរបស់ប្រពន្ធ។
ករណីហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធជាំភ្នែកនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ស្ត្រីរងគ្រោះដែលអះអាងថាត្រូវបុរសជាប្តីវាយធ្វើបាបរហូតដល់ជាំភ្នែកម្ខាងរងរបួសធ្ងន់ មានឈ្មោះគុំ ស៊ុននូ មានគណនីហ្វេសប៊ុកឈ្មោះ Nun Nou។ ចំណែកបុរសជាប្តី មានឈ្មោះកង សារុន ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាននគរបាលខេត្តប៉ៃលិន និងមានគណនីហ្វេសប៊ុកឈ្មោះ Korn Sarun។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្ត្រីរងគ្រោះ ដែលមានឈ្មោះ Nun Nou កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះរូបថតចំនួន១៥សន្លឹក បង្ហាញពីស្ថានភាពរបួសដែលត្រូវប្តីវាយដំ រួចសរសេរបញ្ជាក់ថា “នាងខ្ញុំឈ្មោះគុំ ស៊ុននូ ជាប្រពន្ធមានមានអេតាស៊ីវិលស្របច្បាប់ ជាមួយឈ្មោះកន សារុន ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាននគរបាលខេត្តប៉ៃលិន សូមគោរពចូលមកឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាទីគោរព កម្មវត្ថុ សុំមេត្តាជួយរកយុត្តិធម៌ ដោយអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ដោយវាយដាល់ ធាក់លើរូបនាងខ្ញុំ។ កម្មវត្ថុខាងលើ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង១០យប់ ឈ្មោះកន សារុន ដែលជាប្តីខ្ញុំ មានឋានន្តរសក្កិជាអ្នកយល់ច្បាប់ បានដាល់និងទះកំផ្លៀង ទាត់ធាក់ខ្ញុំនៅក្បែរផ្លូវមួយ រហូតខ្ញុំផ្ងារក្រោយ រួចគាត់គេចខ្លួនបាត់ទៅ ធ្វើឱ្យខ្ញុំវង្វេងវង្វាន់ដល់ឥឡូវ នឹងដាល់ខ្ញុំចំគុម្ពត្រចៀកខាងស្តាំ នេះរឺអ្នកយល់ច្បាប់ អ្នកធ្វើការច្បាប់មកប្រើហិង្សាលើប្រពន្ធកូន អាស្រ័យហេតុនេះ សូមលោកនាយមេត្តាជួយចាត់វិធានការណ៍ រកយុត្តិធម៌ឱ្យនាងខ្ញុំផង នាងខ្ញុំមានស្លាកស្នាមដោយអំពើហិង្សាជា ភ័ស្តុតាង សូមមេត្តាចាត់ចុះមកជួយជាបន្ទាន់ផង។ សេចក្តីគួរពុំគួរ មេត្តាអធ្យាស្រ័យ ជួយ Share តៗគ្នាផង អំពើដ៏ព្រៃផ្សៃលើប្រពន្ធកូន ព្រោះតែមានស្រីញីក្រៅផ្ទះ សូមឱ្យច្បាប់ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង សូមអគុណ…”។
ក្រោយពីស្ត្រីជាប្រពន្ធ បានបង្ហោះសារឈឺចាប់ និងដង្ហោយរកការជួយអន្តរាគមន៍ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានរយៈពេលប្រមាណ២ម៉ោងរួចមក នៅវេលាម៉ោង៣ និង៣៦នាទី ភាគីបុរសជាប្តីបានបង្ហោះសារមួយនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Korn Sarun ថា “ខ្ញុំបាទ កន សារុន សុំធ្វើការបកស្រាយចំពោះបណ្តឹងរបស់លោកស្រី គុំ ស៊ុននូ ដែលជាភរិយារបស់ខ្ញុំ។ កាលពីយប់ថ្ងៃអាទិត្យ ខ្ញុំបានដឹកកូនស្រីរបស់ខ្ញុំឈ្មោះសារុន ដារីកា ចេញពីកន្លែងហូបអីនៅសួន រួចយកទៅផ្ទះសួនអំពៅវិញ ពេលកូនស្រីខ្ញុំបើក ទ្វារចូលដល់ក្នុងផ្ទះ ស្រាប់តែលោកស្រី គុំ ស៊ុននូ គាត់ជិះម៉ូតូមកដល់ ហើយចុះពីលើម៉ូតូស្រែកជេរបញ្ចោរខ្ញុំ ដៀលពូជអំបូរ ថាកូនមីសំផឹង អាឈាមថោក ដោយមិនសួរហេតុផលខ្ញុំសោះ ពេលនោះខ្ញុំខឹងពេកដោយសារគាត់ជេរនេះរាប់រយដងហើយ ខ្ញុំពិតជាបានទះគាត់មួយកំផ្លៀងមែន តែមិនធ្ងន់ធ្ងរទេ ហើយក៏គ្មានការប្រតាយប្រតប់គាត់ទៀតដែរ សម្រាប់របួស គឺគាត់ប្រឌិតខ្លួនឯង ដើម្បីចង់ធ្វើបាបខ្ញុំ។ កន្លងមក អ្វីក៏គាត់ហ៊ានធ្វើដែរ។ ចំពោះករណីនេះខ្ញុំមានសាក្សីនៅផ្ទាល់នឹងកន្លែង…”។
ជាការឆ្លើយតប នៅវេលាម៉ោង៨និង១៩នាទីយប់ថ្ងៃដដែលនោះ ភាគីស្ត្រីជាប្រពន្ធបានបង្ហោះសារមួយបន្ថែមទៀតថា “ជួយគិតមើល គាត់ធ្វើបាបខ្ញុំប៉ុណ្ណឹងហើយ ធ្វើបាបទាំងកាយទាំងចិត្ត គាត់បែរជាថា ខ្ញុំលាបពណ៌ប្រឌិតរឿង មិនដឹងចិត្តគាត់សាងពីអ្វី ហ៊ានចោទប្រកាន់ខ្ញុំ ទាំងគាត់បានសារភាពហើយថា គាត់វ៉ៃខ្ញុំមែន ធ្វើបែបនេះដើម្បីលាងខ្លួនឯង គាត់ថាយើងចង់ធ្វើបាបគាត់ គ្មានអ្នកណាចង់ធ្វើបាបប្តីខ្លួនឯងទេ បើប្តីនោះធ្វើឱ្យយើងអត់ទ្រាំលែងបាន។ អ្នកច្បាប់បំពានច្បាប់ សួរថាមនុស្សស្រីដូចគ្នាមានអារម្មណ៍បែបណា ដែលឃើញគាត់ជាប្តីទៅនៅផ្ទះស្រី ដែលជាអាឌិតប្រពន្ធមុនគាត់ ដែលលែងលះគ្នារួចរាល់ ចេញចូលរាល់ពេល គាត់ចោទថា ខ្ញុំជេរគាត់ គឺគាត់ចោទយើងខុសស្រឡះ គ្រាន់តែខ្ញុំសួរថា មកទីនេះធ្វើអីដូចពាក្យដែលខ្ញុំរៀបរាប់មុន។ គាត់ចង់ធ្វើអ្វីក៏គាត់ធ្វើដែរ សួរថាខ្ញុំមានអារម្មណ៍យ៉ាងណា ដែលគាត់វ៉ៃខ្ញុំនៅមុខស្រីគាត់ ថែមទាំងចោទខ្ញុំថាងែញមានសិទ្ធិអីម៉ោផ្ទះនេះ ច្បាប់អ្នករកយុត្តិធម៌ ច្បាប់អ្នកដោះស្រាយ…”។
យោងតាមប្រភពព័ត៌មានមួយ បានទម្លាយប្រាប់ថា តាមពិតរវាងស្ត្រីរងគ្រោះ និងបុរសជាប្តី (ប៉ូលិសព្រហ្មទណ្ឌ) នេះ ទើបនឹងចាប់ដៃជាមួយគ្នា ក្រោយពីបុរសជាប្តីបានលែងលះជាមួយនឹងប្រពន្ធដើមដាច់ស្រេច ពោលគឺបុរសជាប្តីធ្លាប់មានប្រពន្ធម្តងរួចមកហើយ។ លុះក្រោយពីរួមរស់នឹងស្ត្រីរងគ្រោះ បុរសជាប្តីនោះ ចេះតែមានទំនាក់ទំនងជាមួយនឹងប្រពន្ធកូនមុនបន្តទៀត ទើបធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធក្រោយកើតមានចិត្តប្រចណ្ឌ ធ្វើឱ្យកើតជាជម្លោះ និងឈានដល់អំពើហិង្សាបែបនេះតែម្តង។
ជុំវិញរឿងរ៉ាវវិវាទគ្រួសារខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន ប្តីប្រពន្ធទាំង២នាក់ខាងលើបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕