Saturday, November 16, 2024
Homeតារាខ្មែរប៉េងប៉ោង ប្រកាសចូលរួមកម្មវិធីអង្គរសង្ក្រាន្ត ក្រោយបុណ្យ៧ថ្ងៃឪពុកចប់

ប៉េងប៉ោង ប្រកាសចូលរួមកម្មវិធីអង្គរសង្ក្រាន្ត ក្រោយបុណ្យ៧ថ្ងៃឪពុកចប់

ពិធីបុណ្យគម្រប់៧ថ្ងៃ របស់តារាកំប្លែងលោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានប្រារព្ធធ្វើនៅវត្តព្រះបារមីវង្កដ្ឋបូរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយមានតារាសិល្បករជាច្រើនបានចូលរួមជាបន្ដបន្ទាប់ ដែលចាប់ផ្ដើមតាំងពីរសៀលម៉ោង៣ រហូតដល់យប់ជ្រៅ។ គេឃើញមានអ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងតារាល្បីៗមួយចំនួនទៀត ដូចជា នាយចាបចៀន , នាយតឹង , ម៉េង ប៊ុនឡូ , ម៉េង ប៊ុនលី , ហេង ស៊ីមន , លាង ឧត្តម និងតារាជាច្រើនទៀត ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រូសារសព។

ប្រភពបានឲ្យដឹងថា អ្នកនាងម៉ៅ និមល ហៅប៉េងប៉ោង ដែលជាកូនស្រីតារាកំប្លែងនាយវីតាមីនសេ បានប្រាប់តាមទូរស័ព្ទថា “នាងនៅតែមានអារម្មណ៍ក្ដុកក្តួលខ្លាំងណាស់ គឺទប់ទឹកភ្នែកមិនជាប់ទេ នៅពេលដែលឃើញអ្នកសិល្បៈរួមអាជីពជាមួយប៉ានាងជាច្រើន មកបុណ្យ៧ថ្ងៃ របស់ឪពុកនាង តែនាងក៏សូមលើកដៃដប់អរគុណដល់តារាសិល្បកររៀមច្បងនិងប្អូនៗទាំងអស់ ដែលមកជួយរំលែកទុក្ខដល់គ្រួសារអ្នកនាង ដែលកំពុងតែមានទុក្ខនាពេលនេះដែរ”។

ប៉េង ប៉ោង បានឲ្រៀបរាប់ទាំងស្រងូតស្រងាត់ថា ”ខ្ញុំមិនទាន់អាចរំសាយទុក្ខបានទេ! ខ្ញុំនៅតែក្ដុកក្ដួលខ្លាំង នៅពេលដែលឃើញអ្នកសិល្បៈមក តែបាត់ប៉ាខ្ញុំ។ ខ្ញុំទប់ទឹកភ្នែកមិនជាប់ទេបង…”។

តារាកំប្លែងនាយវីតាមីន បានទទួលមរណៈភាពកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយជំងឺដុះដុំសាច់ក្នុងថ្លើម និងធ្វើទុក្ខខ្លាំង រយៈពេល១ខែចុងក្រោយនេះ រហូតដល់ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបានឡើយ បើទោះជាបានយកទៅព្យាបាលដល់មន្ទីរពេទ្យនៅប្រទេសថៃ និងសម្រាកព្យាបាលនៅមន្ទីពេទ្យនៅកាល់ម៉ែត្រ ជាង១ខែក្ដី។ មរណៈភាពរបស់លោកម៉ៅ សាមឿន ធ្វើឲ្យក្រុមគ្រួសារ និងមហាជន រួមទាំងអ្នកសិល្បកររួមអាជីពមានការសោកស្ដាយជាពន់ពេកព្រោះថា លោកជាវីរសិល្បករម្នាក់ដែលមានការតស៊ូជាខ្លាំងក្នុងវិស័យសិល្បៈ។

អ្នកនាងប៉េងប៉ោង បានឲ្យដឹងថា “ប៉ារបស់នាងបានបង្កើតក្រុមកំប្លែងមួយ ដែលមានឈ្មោះថា ”នាយវីតាមីនសេ” មុនពេលដែលគាត់ស្លាប់ ហេតុនេះហើយនាងមិនចង់ឲ្យសមត្ថផលរបស់ប៉ានាង ត្រូវបានបញ្ចប់ពេលគាត់អស់ជីវិត ហើយរំសាយកូនក្រុមចោលវិញអស់នោះទេ ហេតុនេះហើយបានជានាងតាំងចិត្តថា នឹងដឹកនាំក្រុមកំប្លែងរបស់ឪពុកនាង ដើម្បីឲ្យដំណើរការតទៅមុខទៀត ហើយនាងសូមអធ្យាស្រ័យមហាជនជាមុនថា ប្រសិនបើក្រុមកំប្លែង ”នាយវីតាមីនសេ” ដែលមាននាងជាអ្នកដឹកនាំផ្ទាល់នោះ មានចំណុចខ្វះខាត ឬឆ្គាំឆ្គងត្រង់ណាមួយ ព្រោះថា នាងមានបទពិសោធន៍នៅខ្ចីណាស់ ការបន្ដក្រុមកំប្លែងនេះតទៅទៀត គោលបំណងធំ គឺឲ្យមហាជននៅតែចងចាំលើក្រុមកំប្លែងដែលបង្កើតដោយឪពុកនាងនេះទៅថ្ងៃមុខ”។

ទោះជាអ្នកនាងប៉េង ប៉ោង និយាយផងស្រក់ទឹកភ្នែកផង នៅតែអាល័យសោកស្ដាយខ្លាំងការបាត់បង់ឪពុកថ្មីៗនេះក្ដី តែពេលនេះ អ្នកនាងបានត្រៀមខ្លួនរួចជាស្រេចថា នឹងទៅច្រៀងរាំនៅអង្គរសង្រ្កាន្ដ តាមគម្រោង ដោយធ្វើការសុំទោសមហាជនជាមុនផងថា សូមកុំឲ្យវ៉ៃប្រហាររូបនាងអីថា ឪពុកទើបស្លាប់ថ្មីៗ កូនបែរជាទៅច្រៀងរាំសប្បាយនោះ ព្រោះថាមុនស្លាប់ ឪពុកនាងក៏បានផ្ដាំថា ឲ្យនាងទៅអង្គរសង្រ្កាន្តដែរ អីចឹងនាងត្រូវតែធ្វើទៅតាមបំណងគាត់ ហើយគាត់ធ្លាប់បានទៅសង្ក្រាន្ត៤លើកមកហើយ កាលនៅមានជីវិត៕

RELATED ARTICLES