Saturday, November 16, 2024
Homeតារាខ្មែរខេមរៈ​ សិរីមន្ដ ចាប់ដៃពេជ្រ សោភា រាំផ្អើលតោ

ខេមរៈ​ សិរីមន្ដ ចាប់ដៃពេជ្រ សោភា រាំផ្អើលតោ

តារាស្រីលំដាប់ជួរមុខគេ ហង្សមាស នាងពេជ្រ សោភា និងលោកខេមរៈ សិរីមន្ដ បានលេចមុខក្នុងកម្មវិធីប្រគំតន្រ្ដីនៅសណ្ឋាគារសូហ្វីតែល កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្នុងយុទ្ធនាការរបស់ ABC Extra Stoud ដែលមានឈ្មោះថា ”ជាឧត្តមភាពល្អឯក”។

ពេជ្រ សោភា ច្រៀងបទ ”What’s your Name?” ដោយមានក្រុមរាំអមដល់ទៅ១០នាក់ ដែលធ្វើឲ្យភ្ញៀវទស្សនាដោយជក់ចិត្ត។ ចំណែកលោកខេមរៈ សិរីមន្ដ ច្រៀងបទ ”ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” និងបទ ”ក្បាច់ក្ងោក” ជាដើម។ តារាចម្រៀងពេជ្រ សោភា និងលោកខេមរៈ សរីរីមន្ដ សុទ្ធតែបានភ្លក្សរសជាតិថ្មីរបស់ស្រាបៀរ ABC ហើយអ្នកចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ទាំង២នាក់នេះ ក៏ត្រូវបានពិធីកាលោកជេមី និងកញ្ញាជេមី បានសួរឲ្យពួកគេពីពាក្យថា ”ជាឧត្តមភាពល្អឯក” ហើយអ្នកចម្រៀងល្បីទាំង២ដួងនេះបានឆ្លើយដូចគ្នាថា ”គឺអស្ចារ្យ”។

ក្រៅពីតារាចម្រៀងខេមរៈ​ សិរីមន្ដ និងពេជ្រ សោភា នោះ ក៏មានការចូលរួមពីក្រុមអ្នកបង្ហាញម៉ូដតំណាងឲ្យ ”ជាឧត្តមភាពល្អឯក” នេះដែរ ខណៈដែលនាងប្រាសាទ ដាវីន ដើរម៉ូដធ្វើតោញី ចំណែកលោកណាខុន ដើរម៉ូដធ្វើជាតោឈ្មោល។

អ្វីដែលចម្លែកនោះ គឺពិធីការិនីស្រីស្អាត នាងជេមី ត្រូវបានឲ្យភ្ញៀវកិត្តិយសទាំងអស់ រួមទាំងអ្នកាសែតផងដែរ បានបញ្ចេញសំឡេងគ្រហ៊ឹមជាសត្វតោ លាន់ឮរំពងពេញកណ្ដាលសណ្ឋាគារសូហ្វីតែល ភោគិត្រា ភ្នំពេញ ដែលនាំឲ្យផ្អើលដល់តារាចម្រៀងខេមរៈ សិរីមន្ដ និងពេជ្រ សោភា នៅបន្ទប់ផ្លាស់សម្លៀកបំពាក់ផងដែរ ខណៈដែលស្ពតពាណិជ្ជកម្មត្រូវបានគេដាក់បញ្ចាំង ហើយសត្វតោធំមួយក្បាលបានរត់ចូលក្នុងឆាក ដែលធ្វើឲ្យភ្ញៀវញាក់សាច់គ្រប់គ្នានោះ តែគ្មានអ្នកណាអាចរកឃើញឡើយ។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុន CBL បានមានប្រសាសន៍ថា ”មនុស្សសម័យបច្ចុប្បន្ននេះ ឲ្យតម្លៃទៅលើមនុស្ស ដោយសារអត្តចរិត និងសីលធម៌រស់នៅក្នុងជីវិត។ ដូច្នេះយុទ្ធនាការថ្មីរបស់ ABC គឺផ្ដោតទៅលើការនាំផ្លូវមនុស្សគ្រប់គ្នា ឆ្ពោះទៅរកភាពជោគជ័យ និងឧត្តមភាពដ៏ល្អឯកជាមួយគ្នា។ នេះជាហេតុផលដែលយើងសម្រេចចិត្តប្រើសត្វតោ ABC ដើម្បីធ្វើជានិម្មិត្តរូបនៃកិត្តិយស និងអត្តចរិតរបស់បុរស ABC ប្រកបដោយឧត្តមភាពដ៍ល្អឯក”។

ក្រៅពីតារាចម្រៀងខេមរៈ សិរីមន្ដ និងពេជ្រ សោភា នោះ ស្លាកសញ្ញា ABC ថ្មីនៅលើបដានោះ ក៏មានតារាល្បីៗជាច្រើនទៀតត្រូវបានគេយកមកផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ក្នុងនោះមានដូចជា ឱក សុគន្ធកញ្ញា , មាស សុខសោភា , ឆាយ វីរៈយុទ្ធ , សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ, ណាខុន និងនីកូ ជាដើម។

តាមរយៈការលេចមុខចុងក្រោយរបស់តារាចម្រៀងខេមរៈ​សិរីមន្ដ នេះ គេឃើញអតីតតារាចម្រៀងសាន់ដេ រូបនេះនៅតែមានសន្ទុះខ្លាំងក្លាដដែល បើទោះបីជាអ្នកជំនាញសិល្បៈបានលើកឡើងថា សិរីមន្ដ ហាក់ចុះខ្សោយជាងមុន គឺមិនទាន់ខ្លាំងក្លាដូចកាលនៅសាន់ដេ ក្ដី។ ដោយឡែក ពេជ្រ សោភា ដែលរងការរិះគន់បទ ”បីឆ្កែទៅរាំ“ ដោយមានទាំងនាយទាហាន និងព្រះសង្ឃផង ចេញមុខប្រឆាំងតារាចម្រៀងស្រីរូបនេះ មិនធ្វើឲ្យប៉ះពាល់ដល់តារាចម្រៀងហង្សមាស រូបនេះឡើយ គឺនាងនៅតែមានទីផ្សារសិល្បៈធម្មតា ជាមួយតម្លៃខ្លួនឡើងខ្ពស់ជាងមុនទៀតផង ព្រោះអ្នករៀបចំកម្មវិធីបានបង្ហើបឲ្យដឹងថា សោភា ច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ ស្មើឱក សុគន្ធកញ្ញា ដែរ៕

RELATED ARTICLES