ប្រិយមិត្តដែលធ្លាប់ទស្សនារឿងភាគថៃ “ជីវិតនាងឡាំយ៉ង” កាលពីច្រើនឆ្នាំមុន ប្រាកដជានៅចងចាំតារាឯកស្រីម្នាក់នេះមិនខាន។ នាងសម្តែងជាតួអង្គប្រមឹក និងមានស្វាមីច្រើន។ ឯជីវិតពិតរបស់នាង ក៏នាងទើបតែទម្លាយលើកដំបូងថា នាងឆ្លងកាត់ស្វាមីច្រើន និងស្នេហាក្អួតឈាម ស្ទើរតែធ្វើឱ្យនាងធ្វើអត្តឃាតច្រើនដងមកហើយ ទម្រាំបានជួបសុភមង្គលស្នេហានាពេលនេះ…។
នាង តម រជ្ជនីកន ហៅឡាំយ៉ង ឱ្យដឹងថា ប្រវត្តិស្នេហ៍ខកចិត្តដំបូង ចាប់ផ្តើមឡើងនៅក្នុងរបងមហាវិទ្យាល័យ។ វាពុំមែនជាស្នេហារវាងបុរសនារីទេ តែជាស្នេហារវាងភេទដូចគ្នា ដោយនាងសារភាពថា នាងដើរតួជាស្រីក្នុងស្នេហាខុសធម្មជាតិនេះ។ ប៉ុន្តែសុខៗដៃគូស្នេហារបស់នាងក៏បាត់មុខជាច្រើនខែ ដោយនាងពុំអាចទាក់ទងបាន ព្រោះសម័យនោះពុំមានទូរស័ព្ទទាក់ទងគ្នាដូចពេលបច្ចុប្បន្នទេ។ នាងសម្រេចចិត្តឡើងរថភ្លើងទៅហួឡាំពូង ជាទីដែលស្រីម្នាក់នោះរស់នៅ។ នាងបានជួបមិត្តភក្តិរបស់ស្រីម្នាក់នោះ ដែលប្រាប់ដំណឹងនាងថា ដៃគូរបស់នាងមានសង្សារជាបុរសហើយ។ នាងប្រាប់ថា ពេលនោះខូចចិត្តខ្លាំង ដោយដើរតាមផ្លូវរថភ្លើង ដូចក្នុងវីដេអូអ៊ីចឹង។
ខកចិត្តជាមួយនារីភេទដូចគ្នា នាងក៏បែរមកសាកល្បងស្នេហាជាមួយបុរសភេទវិញម្តង។ នាងប្រាប់ថា ពេលនាងកំពុងក្លាយជាតារាល្បី តារាឯកប្រុសរូបសង្ហា អូ វរុឍ វរថាំ ក៏បានឈានចូលមកក្នុងជីវិតនាង។ នាងរំលឹកអតីតកាល ប្រាប់ថា “បងអូ តាមស្រលាញ់ខ្ញុំ។ គាត់ចូលមកក្នុងរូបភាពគួរឱ្យស្រលាញ់។ គាត់ទិញនំផ្ញើ និងសុំអនុញ្ញាតម៉ែ ជូន ខ្ញុំទៅណាមកណា”។
តម សារភាពថា ភាពសង្ហារបស់ អូ ធ្វើឱ្យបេះដូងនាងរំជើបរំជួល តែស្នេហានេះមិនបានដល់ត្រើយសុភមង្គលទេ ព្រោះគេចូលមករកនាងក្នុងពេលដែលគេមានបញ្ហាជាមួយសង្សារ។ លុះពេលពួកគេត្រូវរ៉ូវគ្នាវិញ អូ ក៏ត្រឡប់ទៅរកសង្សារចាស់គេវិញ។
បន្ទាប់មក តម រជ្ជនីកន ក៏ជួបនឹងស្នេហាថ្មីទៀត ដែលស្ទើរតែនាងរលុបបាត់ឈ្មោះពីពិភពលោក។ នាងរំលឹកហេតុការណ៍នោះប្រាប់ថា “កាលនោះ ខ្ញុំជាតួឯក ដែលមានការងារច្រើនណាស់។ មានមិត្តម្នាក់បានណែនាំឱ្យស្គាល់គេហ្នឹង គេតាមខ្ញុំស្អិតខ្លាំងណាស់។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ម្នាក់នេះគួរឱ្យសេពគប់ គេមានក្តីអំណត់ខ្ពស់។ អំឡុងពេលដែលយើងជាសង្សារនឹងគ្នា គេល្អណាស់ ប្រហែលជាមកពីយើងពុំសូវបាននៅជាមួយគ្នាទេដឹង។ ការស្វែងយល់ចិត្តគ្នាក៏បានតិចតួច ក្នុងមួយខែ យើងបានជួបគ្នាតែថ្ងៃសុក្រទេ គេធ្វើការនៅតាមខេត្ត ឯខ្ញុំឆ្កួតនឹងការងារថតកុន។ យើងបានត្រឹមនិយាយគ្នាតាមទូរស័ព្ទ”។
តម ប្រាប់ថា នាងដឹងថា បុរសម្នាក់ហ្នឹងជាព្រាននារី តែដោយការមានជំនឿចិត្តលើខ្លួនឯងខ្លាំង នាងគិតថាអាចយកឈ្នះ ទើបសម្រេចចិត្តរៀបការ បន្ទាប់ពីទាក់ទងគ្នាបានបីឆ្នាំ តែការសម្រេចចិត្តរួមរស់ជាមួយបុរសព្រាននារីម្នាក់នេះ មិនខុសពីការយកកទៅលនឹងអន្ទាក់មច្ចុរាជឡើយ។ នាងប្រាប់ថា នាងស្ទើរវិកលចរិត នាងមានជំងឺសោកសៅ រហូតប៉ុនប៉ងធ្វើអត្តឃាតជាច្រើនដង នាងធ្លាប់លើកកាំភ្លើងភ្ជង់ក្បាលខ្លួនឯងច្រើនលើកច្រើនគ្រា តែស្រមោលរូបភាពក្រុមគ្រួសារក្នុងការទទួលខុសត្រូវ ធ្វើឱ្យនាងពុំអាចកេះកៃកាំភ្លើងបញ្ចប់ជីវិតខ្លួនឯងឡើយ។ ទីបំផុត នាងសម្រេចចិត្តលែងលះគ្នា ក្រោយពេលរួមរស់ជាមួយប្តីនោះអស់រយៈពេល៣ខែ។
ក្រោយលែងប្តី នាងគេចទៅសំងំព្យាបាលរបួសបេះដូងនៅអាមេរិក ជាទីកន្លែងដែលនាងបានជួបស្នេហ៍ថ្មី។ គេជាបុរសកូនកាត់ថៃ-អាមេរិក ក្នុងគ្រួសារមូស្លីម។ បុរសម្នាក់នេះ ស្រលាញ់នាងខ្លាំង តែក៏ប្រចណ្ឌនាងកំពូលណាស់ដែរ។ គេទំនុកបម្រុងនាង មិនឱ្យខ្វះអ្វី តែអ្វីដែលខ្វះ គឺសេរីភាព។ នាងមិនខុសពីបក្សីក្នុងទ្រុងមាសឡើយ។
តម រជ្ជនិកន ប្រាប់ថា ទីបំផុត នាងសម្រេចចិត្តហើរចោលទ្រុងមាស លែងស្តាយស្រណោះ ហើយបានជួបនឹងស្វាមីបរទេស នាពេលបច្ចុប្បន្ននេះ៕