គ្រី ថៃពៅ ក្លាយជាម្ចាស់ពាន “Cambodian Idol” រដូវកាលទី៣ សម្រេចដូចក្ដីស្រមៃ ក្រោយពីពីធីករលោកជា វិបុល បានប្រកាសថា បេក្ខភាពដែលធ្វើដំណើរមកពីខេត្តកំពង់ចាម រូបនេះ បានយកឈ្នះបេក្ខភាពសៀន ញញឹម មកពីខេត្តកណ្ដាល។
គ្រី ថៃពៅ រំភើបត្រេកអរយ៉ាងខ្លាំង រហូតរលីងរលោងទឹកភ្នែក នៅពេលដែលរូបគេត្រូវបានលោកជំទាវម៉ែន សំអន ប្រគល់ពានរង្វាន់ “Cambodian Idol” ដោយអមដំណើរដោយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ហើយម្ចាស់ពាននេះបានទទួលរង្វាន់ជាទឹកប្រាក់ចំនួន១៥០លានរៀល និងក្លាយទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលនឹងចុះកុងត្រារយៈពេល៥ឆ្នាំ។
គ្រាន់តែកាន់ពានដែលរៀបចំដោយក្រុមហ៊ុនហង្សមាស ភ្លាមនោះ បុរសដែលធ្វើដំណើរមកពីខេត្តកំពង់ចាម ពីមុនមិនដែលមានអ្នកណាស្គាល់នោះ ស្រាប់តែត្រូវបានអ្នកទស្សនាផ្ទាល់ឡើងទៅសុំថតរូប ធ្វើឲ្យថៃពៅ រកតែរើខ្លួនមិនរួចឡើយ គឺប្រៀបដូចជាតារាចម្រៀងល្បីម្នាក់អីចឹង ហើយម្ចាស់ពានរូបនេះ និយាយថា ”ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងណាស់ ដែលនេះជាក្ដីសុបិនរបស់ខ្ញុំដែលចង់ក្លាយទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស នោះ ពេលនេះបានក្លាយទៅជាការពិតហើយ។ ខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបោះឆ្នោតជូនខ្ញុំឲ្យក្លាយទៅជាម្ចាស់ពាន និងបានច្រៀងនៅហង្សមាស ដូចបំណងនេះ”។
កម្មវិធីកាន់តែមានការទាក់ទាញផងដែរ នៅពេលដែលមុនប្រកាសលទ្ធផលនោះ តារាចម្រៀង២ដួងរបស់ផលិតកម្មរស្មីហង្សមាស ដែលកើតចេញពីការជ្រើសក្នុងកម្មវិធី “Cambodian Idol” រដូវកាលទី១ លោកនី រតនា និងនាងឈិន ម៉ានិច្ច ម្ចាស់ពានរដូវកាលទី២នោះ បានឡើងបកស្រាយបទចម្រៀងរួមគ្នា បទ ”នារីក្នុងបេះដូងបងជាអ្នកណា?” ឆ្លងឆ្លើយគ្នាផងដែរ។
ពិធីករលោកជា វិបុល បាននិយាយចំៗដាក់នាងស្រីនិច្ច ហៅម៉ានិច្ច ថា ”ពីមុន ម៉ានិច្ច មិនស្អាតអីចឹងទេ សាមញ្ញ ជិះឡានជាមួយអី ចង់ពុលឡាន តែឥឡូវស្អាតហើយ គឺស្អាតនៅពេលដែលមានទឹកលុយហ្នឹងតែម្ដង…”។
គួរបញ្ជាក់ថា នៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រលងចម្រៀង “Cambodian Idol” រដូវកាលទី៣ ដែលក្រុមហ៊ុនហង្សមាស ទិញសិទ្ធ (License) ពីអាមេរិកនេះ មានបេក្ខភាព៤រូប គឺកញ្ញាឈាង សុវណ្ណារី មកពីខេត្តបន្ទាយមានជ័យ , កញ្ញាចែម ស្រីលក្ខណ៍ មកពីខេត្តតាកែវ , លោកសៀក ញញឹម មកពីខេត្តកណ្ដាល និងគ្រី ថៃពៅ មក ពីខេត្តកំពង់ចាម។ បន្ទាប់ពីបេក្ខភាពនីមួយៗបានបកស្រាយម្នាក់៣បទរួចហើយនៅពាក់កណ្ដាលកម្មវិធី អ្នកគ្រប់គ្រងតម្រូវឲ្យជម្រុះបេក្ខជន២រូប ចេញពីកម្មវិធី ដើម្បីយកតែ២រូបប៉ុណ្ណោះទៅវគ្គផ្ដាច់ព្រ័ត្រ ហើយជាលទ្ធផលហង្សមាស បានប្រកាសថា លោកសៀក ញញឹម និងលោកគ្រី ថៃពៅ ជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ព្រោះមានសំឡេងឆ្នោតគាំទ្រច្រើន ចំណែកបេក្ខនារីឈាង សុវណ្ណារី និងចែម ស្រីល័ក្ខ ត្រូវធ្លាក់ចេញដោយស្វ័យប្រវត្តិ។
អ្នកទស្សនាផ្ទាល់ និងតាមគេហដ្ឋាន មានការខកចិត្តជាខ្លាំង ព្រោះថាបេក្ខនារីសុវណ្ណារី និងស្រីល័ក្ខ សុទ្ធតែមានសមត្ថភាពច្រៀងបានល្អ និងគ្មានការភ្លាត់ស្នៀតនូវចំណុចណាមួយឡើយ បែរជាមិនអាចឈានទៅវគ្គដែលប្រែងលើកពានបានទៅវិញដោយក្នុងនោះ មាននារីម្នាក់ដែលទស្សនាផ្ទាល់ និយាយថា ”ខ្លាចតែយកដូចពេជ្រ ថៃ ទៀតទេ…”។
ទោះជាយ៉ាងណា នៅវគ្គផ្ដាច់ព្រ័ត្ត ម្ចាស់ពាន “Cambodian Idolរ” ដូវកាលទី៣ លោកគ្រី ថៃពៅ នេះក៏ធ្វើបានល្អដែរ ពិសេសការច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ បទ ”ស្នាមទឹកភ្នែកកាត់អក្សរស្នេហ៍” នោះ ការគាំទ្រច្រើនតាមរយៈការហ៊ោកញ្ច្រៀវពេញ Studio ហង្សមាស នៅផ្សារទំនើបអ៊ីអនជាន់ទី៤។ ដោយឡែក បទចម្រៀងបទចម្រៀងផ្សេងទៀត ដែលគ្រី ថៃពៅ បានយកច្រៀងនៅវគ្គផ្ដាច់ព្រ័ត្រឈ្នះគូប្រជែង រហូតបានលើកពាននេះ មានដូចជាបទ ”ដួងខែរនោច”, ”មានសង្សារដូចអត់សង្សារ” និងបទ ”ត្រូវម៉ក់”។
អ្នករៀចចំកម្មវិធី បានឲ្យដឹងថា “កម្មវិធី Cambodian Idol រដូវកាលទី៣ នេះ មានការរៀបចំរយៈពេលជិត៧ខែ ទើបឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ដោយជ្រើសបានគ្រី ថៃពៅ ជាម្ចាស់ពាននេះ ហើយកម្មវិធីនេះសុក្រិតណាស់ ព្រោះថា មហាជនជាអ្នកបោះឆ្នោតជ្រើសរើសឲ្យបេក្ខជនដែលមានសម្ថភាពពិតប្រាកដ ក្លាយជាម្ចាស់ពាន។ ប៉ុន្ដែមហាជនហាក់នៅតែមិនទាន់អស់ចិត្តឡើយ ព្រោះថា សំលេងឆ្នោតដែលមហាជនបោះនោះ មិនត្រូវបានបង្ហាញជាសាធារណៈថា មានចំនួនប៉ុន្មានឡើយ ខណៈដែលកម្មវិធីប្រលងចម្រៀងឆ្នាំនេះ មិនសូវត្រូវបានលេងបណ្ដាញសង្គម Facebook មានការចាប់អារម្មណ៍ខ្លាំង ដោយបង្ហោះ ឬចែកចាយច្រើនដូចមុនឡើយ តាំងពីពួកគេមានការស្រងាកចិត្តដែលហង្សមាស ជ្រើសយកពេជ្រ ថៃ ឲ្យក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ នោះ ដោយម្នាក់ៗបានចោទហង្សមាស ថា ជាអ្នករៀបចំឲ្យអ្នកណាលើកពានក៏បាន បើទោះបីជាក្រុមហ៊ុនប្រកែក ហើយប្រាប់ដដែលថា ហង្សមាស មិនមែនជាអ្នកកកំណត់ឲ្យអ្នកណាលើកពានទេ គឺទស្សនិកជាអ្នកបោះឆ្នោតក៏ដោយ៕