ដាញ់ ម៉ូនីកា បាននាំកូនស្រីមកលេងស្រុកកំណើតស្ងាត់ៗ កាលពីពេលថ្មីៗនេះ ហើយថែមទាំងបានទៅសម្ភាសន៍នៅទូរទស្សន៍ MyTV កាលពីរសៀលថ្ងៃទី១០ ខែមេសា ទៀតផង ដែលធ្វើឲ្យអ្នកសិល្បករធ្លាប់រួមអាជីពជាមួយនាង មានការភ្ញាក់ផ្អើលមិនតិចទេ ព្រោះថា ម៉ូនីកា បានបាត់មុខពីរង្វង់សិល្បៈជាង៧ឆ្នាំទៅហើយ។
ប្រភពបានឲ្យដឹងថា ដាញ់ ម៉ូនីកា បាននាំកូនស្រីច្បងរបស់នាងមកលេងម្ដាយ ដោយមិនបានយកកូនប្រុសទី២ និងស្វាមីនាង អាណិកជនខ្មែរ នៅអូស្រ្ដាលី លោកប៊ុន ថែល មកឡើយ។ ដាញ់ ម៉ូនីកា បានប្រាប់មិត្តភក្ដិនៅ CTN ថា នាងបានមកដល់ស្រុកកំណើតជាង៣សប្ដាហ៍មកហើយ តែការមកលើកនេះ មិនសូវមានមិត្តភក្ដិអ្នកសិល្បៈណាបានដឹងទេ ព្រោះថានាងមកដោយស្ងាត់ៗ ទើបតាមកម្មវិធីរបស់អ្នកសិល្បៈមួយចំនួន រួមទាំងការថតកម្មវិធីសិល្បៈផ្សេងៗរបស់បណ្ដាប៉ុស្ដិ៍ទូរទស្សន៍គេមិនបានហៅនាងថតទេ ព្រោះថា អ្នកដឹកនាំកម្មវិធីសិល្បៈមិនដឹងថា នាងមកស្រុកខ្មែរ ដោយសារមិនចេញមុខមាត់ដូចតារាមួយចំនួនដែលទៅរស់នៅបរទេស ហើយពេលមកស្រុកខ្មែរ បានជម្រាបឲ្យដឹងជាមុននោះ។
ដាញ់ ម៉ូនីកា ធ្លាប់ល្បីល្បាញក្នុងភាពយន្ដរឿង ”ទុំទាវ” នោះ បានរៀបការជាមួយបុរសពោះម៉ាយអាណិកជនខ្មែរ នៅអូស្រ្ដាលី លោកប៊ុន ថែល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ ហើយទទួលបានសម្រាលកូនដំបូងជាកូនស្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១១ និង១ឆ្នាំបន្ទាប់ ក៏បានសម្រាលកូនប្រុសម្នាក់ទៀត។ ម៉ូនីកា ដែលចេញទៅរស់នៅតាមស្វាមី ជាង៧ឆ្នាំ លើទឹកដីអូស្រា្ដលី នេះ នាងបានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុង ដោយមិនមានការចេញសម្ដែងដូចអតីតតារាមួយចំនួនដែលមានស្វាមីនឹងចេញទៅរស់នៅអូស្រ្ដាលី មែន តែពួកគេនៅតែបន្ដឆ្លៀតសម្ដែងសិល្បៈ រាល់ពេលមានតារាខ្មែរយើងទៅច្រៀងនៅទីនោះ។
ប្រភពបានឲ្យដឹងថា ម៉ូនីកា នៅតែចង់ឆ្លៀតថតភាពយន្ដឡើងវិញ នៅពេលដែលនាងមកដល់ស្រុកខ្មែរនេះ ព្រោះថា ស្វាមីនាងមិនបានហាមឃាត់មិនឲ្យប្រឡូកក្នុងអាជីពសម្ដែងនោះឡើយ គឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។
លោកអែនឌី ដែលបានថតរូបជាមួយអ្នកនាងដាញ់ ម៉ូនីកា កាលពីថ្ងៃទី១០ ខែមេសា នៅទូរទស្សន៍ CTN នោះ នៅពេលដែលអ្នកយកព័ត៌មានយើងសាកសួរ លោកបានប្រាប់ថា បានជួបម៉ូនីកា ដោយចៃដន្យប៉ុណ្ណោះ។
អតីតអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានឲ្យដឹងថា ”ខ្ញុំបានជួបគាត់ដោយចៃដន្យទេបង នៅពេលដែលខ្ញុំបានទៅថតកម្មវិធីនៅហ្នុងដែរ។ ខ្ញុំអត់បាននិយាយអីជាមួយគាត់ច្រើនទេ តែម៉ូនីកា បានប្រាប់ខ្ញុំថា គាត់នៅតែស្រលាញ់អាជីពសិល្បៈអីចឹង ហើយបើមានពេលគាត់នឹងមកលើកក្រោយៗទៀត ឆ្លៀតថតសម្ដែងរឿងឡើងវិញដែរ”។
ដាញ់ ម៉ូនីកា ដែលបោះបង់អាជីពសិល្បៈចេញទៅរស់នៅតាមប្ដី កាលពីឆ្នាំ២០១០នោះ នាងបានទទួលសញ្ជាតិអូស្រ្ដាលី កាលពីឆ្នាំ២០១៤ ហើយតែងចុះមកលេងស្រុកកំណើតជាញឹកញាប់ គ្រាន់តែថាការមកស្រុករបស់ម៉ូនីកា តែងតែមកស្ងប់ស្ងាត់ ព្រោះនាងមិនចង់ឲ្យមានអ្នកណាម្នាក់ដឹងឡើយ។ ដោយឡែក សម្រាប់ដំណើរលើកនេះ ម៉ូនីកា នៅបន្ដការដើរលេងកម្សាន្ដក្នុងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះហើយ នាងនឹងវិលត្រឡប់ទៅអូស្រ្ដាលី វិញ នៅដើមខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះហើយ។
ដាញ់ ម៉ូនីកា ដែលល្បីថា បានប្ដីកាច លោកប៊ុន ថែល នោះបែរជាអាចបន្ដស្នេហាដោយរលូន ជិត៨ឆ្នាំនេះ និងរស់នៅយ៉ាងមានសេចក្ដីសុខលើទឹកដីអូស្ត្រាលី ដែលផ្ទុយពីអ្នកនាងកែវ ពេជ្រពិសី បានរៀបការប្ដីអាណិកជនខ្មែរ នៅអូស្រ្ដាលី ដូចម៉ូនីកា ដែរ តែចំណងស្នេហ៍ជាមួយលោកថៅកែឡនំបុ័ង ចន្ថា ស្រី បានលែងលះគ្នាដោយភាពចម្រូងចម្រាស កាលពីឆ្នាំ២០១០ ក្រោយពីរៀបការបានតែជាង២សប្ដាហ៍ប៉ុណ្ណោះ ទើបធ្វើឲ្យពេជ្រពិសី ធ្លាក់ខ្លួនមេម៉ាយទាំងមិនគួរឲ្យជឿឡើយ ដែលមើលទៅវាសនារបស់នាង គឺផ្ទុយស្រឡះពីមិត្តភក្ដិដ៏ជិតដិតរបស់នាង គឺម៉ូនីកា នេះ។
ក្រៅពីដាញ់ ម៉ូនីកា តារាស្រីស្អាតដែលមិនអាចគេចផុតពីកណ្ដាប់ដៃប្រុសខ្មែរ-អូស្រ្ដាលី មានដូចជា អ្នកនាងអឿន ដាលីស , សុខ ច័ន្ទណានូ ចំណែកអ្នកនាងខៀវ សានសាណា បានស្វាមីជនជាតិអូស្ត្រាលី ជាដើម ដែលពេលនេះពួកគេរស់នៅលើគំនរទ្រព្យ និងចាយលុយមិនចេះអស់ឡើយ៕