Saturday, November 16, 2024
Homeតារាខ្មែរឌុច លីដា បិទឡាំឌួយ ហើយ

ឌុច លីដា បិទឡាំឌួយ ហើយ

ថៅកែស្រីហាងគុយទាវឡាំឌួយ តារាសិចស៊ី ឌុច លីដា ដែលគេសង្ស័យថា ត្រូវបានថៅកែស្រីលក់ពេជ្រម្នាក់ ជួយជ្រោមជ្រែងក្នុងការបើកអាជីវកម្មនោះ ស្រាប់តែដំណើរការមិនទាន់បានកន្លះឆ្នាំផង បែរជាបិទទ្វារគួរឱ្យភ្ញាក់ផ្អើល…។

ហាងគុយទាវឡាំឌួយ ដែលមានទីតាំងក្រោយសាលាវ៉ាន់ដា ដែលជាកម្មសិទ្ធិរបស់តារាសម្តែងឌុច លីដា នោះបានបិទទ្វារជាយូរថ្ងៃមកហើយ ដោយម្ចាស់ផ្ទះនោះ បានដាក់ស្លាកថា “ផ្ទះជួល” ទៅវិញ ទើបគេសន្និដ្ឋានថា លីដា បានរំសាយបុគ្គលិកអស់ហើយ ដោយសារមិនទទួលបានជោគជ័យតាមគម្រោងការ។

អ្នកជិតខាងនៅជុំវិញហាងឡាំឌួយ នោះ បានឱ្យដឹងថា ហាងនេះមិនសូវដាច់ទេ ហើយយូរៗម្តងគេឃើញតារាសម្តែង និងអ្នកដឹកនាំដែលជាអ្នករួមអាជីពជាមួយលីដា នោះ ចូលញ៉ាំម្តងម្កាលប៉ុណ្ណោះ ទើបចុងក្រោយ ស្រាប់តែបិទទ្វារ ហើយម្ចាស់ផ្ទះគេដាក់ទៅជាផ្ទះជួលវិញ។

ឌុច លីដា បានបិទទូរស័ព្ទ កាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបំភ្លឺបានឡើយ។ តែការបើកដំណើរការហាងគុយទាវឡាំឌួយ នេះ កន្លងមកតារាសម្តែងរូបនេះ បានប្រាប់ថា នាងចំណាយទុនជាង3ម៉ឺនដុល្លារអាមេរិក ទើបចេញជារូបរាងបាន ហើយនាងថែមទាំងមានជំនឿថា អាចនឹងជោគជ័យទៀតផង ព្រោះថា គុយទាវនោះ ពិសេសជាងហាងដទៃទៀត។ ប៉ុន្តែ ក្តីរំពឹងរបស់ឌុច លីដា ហាក់ដូចជាមិនដូចពេលដែលដំណើរការលក់ជាក់ស្តែងបានឡើយ ព្រោះថា ម្តុំនោះមានហាងច្រើន ហើយភាគច្រើន ជាសិស្សសាលា មិនសូវមានប្រាក់ចូលញ៉ាំគុយទាវប្រេនប្រេន ទើបចុងក្រោយ ធ្វើឱ្យថៅកែស្រីលីដា ដួលដោយខាតឡុងចុងកណ្តាលផ្លូវ។

ទោះជាយ៉ាងណា នេះមិនមែនជាភាពអាម៉ាស់សម្រាប់លីដា ឡើយ គឺការរកស៊ីតែងតែពេលខ្លះកាក់កប និងពេលខ្លះបរាជ័យ អ៊ីចឹងហើយ ព្រោះថា ក្រៅពីនាងក៏នៅមានតារាជាច្រើនទៀតដែរ ដែលបរាជ័យក្នុងការបើកហាង ដូចជា កែវ ពិសី, កែវ ស្រីនាង ជាដើម ដែលអស់ទុនច្រើនជាងលីដា ទ្វេដងឯណោះ។

ឌុច លីដា ឡើងកូដខ្លាំងក្នុងអាជីពសម្តែងដែលឈរក្នុងតំណែងជាតារាស្រីក្នុងចំណោមលំដាប់ជួរមុខគេ នាពេលបច្ចុប្បន្ន ហើយនាងថតភាពយន្ត ក្នុង1ថ្ងៃស៊ីថ្លៃជាង300ដុល្លារ។ ឌុច លីដា កំពុងថតតួឯកភាពយន្តភាគឱ្យទូរទស្សន៍ហង្សមាស រឿង “ពស់កេងកង” ដែលប៉ះគ្នាជាមួយកញ្ញាម៉ាក សែនសូនីតា។ តារាស្រអែមស្រស់រូបនេះ ត្រូវប៉ាន់ទាំងការសម្តែង ដើរបង្ហាញម៉ូដ និងស្ពតពាណិជ្ជកម្ម ទើបធ្វើឱ្យនាងលេចធ្លោខ្លាំង នារយៈពេល3ឆ្នាំចុងក្រោយនេះ រហូតមានប្រាក់បើកហាងគុយទាវឡាំឌួយ។ ទោះជាយ៉ាងណា ការមានប្រាក់បោះទុនម៉ឺនដុល្លារ សម្រាប់ការបើកហាងនេះ ស្របពេលដែលលីដា ត្រូវបានអ្នកសិល្បៈជាច្រើននាំគ្នាខ្សឹបខ្សៀវគ្នាថា ស្រីស្រអែមស្រស់រូបនេះ មានទំនាកទំនងស្នេហាជាមួយថៅកែស្រីលក់ពេជ្រម្នាក់ នៅម្តុំផ្សារធំថ្មី។

ព័ត៌មានបានឱ្យដឹងថា ថៅកែស្រីដែលចូលចិត្តជះលុយដុល្លារ លើតារាស្រីស្អាតៗនោះ ពេញចិត្តលីដា ខ្លាំងណាស់ ក្នុងការសម្តែងសិល្បៈ តែស្ត្រីដែលមានទ្រព្យស្តុករូបនោះមិនពេញចិត្តលីដា ក្នុងការសម្តែង ដែលបណ្តោយឱ្យតារាប្រុសៗឱបថើប និងស្ទាបអង្អែលគ្រប់កន្លែងតាមចិត្តនោះឡើយ ដោយថែមទាំងព្រមានលីដា ឱ្យចាកចេញពីសិល្បៈថែមទៀតផង។ តែមិនមែនមានលីដា ម្នាក់ទេ ដែលត្រូវថៅកែស្រីលក់ពេជ្ររូបនោះ ស្រលាញ់ហើយហួងហែង គឺមានតារាស្រីល្បីៗជាច្រើនទៀត ដែលគាត់ស្រលាញ់ ហើយប្រចណ្ឌដូចគ្នាដែរ ទើបចុងក្រោយ តារាស្រីៗទាំងនោះនាំគ្នារត់ចោលថៅកែស្រីអស់។

ឌុច លីដា ធ្លាប់ឆក់បានតំណែងជាតួឯកស្រីក្នុងភាពយន្តសំខាន់ៗជាច្រើនរឿង ដែលនាំឱ្យនាងមានទីផ្សារសិល្បៈ រហូតមកដល់ពេលនេះ ដូចជារឿង “ព្រាយខ្លា”, “ស្បែកគង់”, “នារីវេទមន្ត” ជាដើម។ ការសម្តែងរឿងទាំងនោះ លីដា ទទួលបានទាំងការគាំទ្រ និងរិះគន់ព្រមគ្នា ដោយអ្នកខ្លះថា នាងហ៊ានសម្តែងគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឱ្យកុនខ្មែរ ទៅមុខ តែអ្នកខ្លះទៀតបែរជាថា លីដា សុខចិត្តថតស្រាត លែងខ្លួនននលគក គឺដើម្បីតែបានលុយ អ្វីក៏នាងហ៊ានធ្វើដែរ។ យ៉ាងណា ឌុច លីដា មិនខ្វល់ការរិះគន់ឡើយ ហើយនាងបែរជាថា ការសម្តែងភាពយន្ត បើគិតពីផលប៉ះពាល់ប្រពៃណីខ្លាំងពេក គឺមិនអាចធ្វើបានទេ៕

RELATED ARTICLES