Saturday, November 16, 2024
Homeតារាខ្មែរមាន សូនីតា ចំណេញ៣មុឺនដុល្លារ ថតរឿងឲ្យហង្សមាស

មាន សូនីតា ចំណេញ៣មុឺនដុល្លារ ថតរឿងឲ្យហង្សមាស

មាន សូនីតា ក្លាយជាតួឯកក្នុងភាពយន្តភាគរបស់ទូរទស្សន៍ហង្សមាស ដែលជារឿងអាថ៌កំបាំងជាងគេលើលោក ព្រោះថា រាល់តារាប្រុសស្រីដែលចូលថតរឿងមួយនេះ គឺមិនអាចនិយាយពីចំណងជើង និងសាច់រឿងដែលខ្លួនឯងសម្តែងទៅប្រាប់អ្នកកាសែតបានជាដាច់ខាត បើមិនដូច្នេះទេ នឹងត្រូវបង់សំណងទៅឱ្យអ្នកដឹកនាំរឿងនៅហង្សមាស នេះ ចំនួន3ម៉ឺនដុល្លារអាមេរិក តាមលក្ខខណ្ឌដែលពួកគេបានចុះកុងត្រាហើយ។ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស បាននិយាយថា គ្រាន់តែមាន សូនីតា ថតក្នុង1រឿងនេះ របស់ហង្សមាស ហើយនាងលាក់ឱ្យជិតពីចំណងជើង កុំនិយាយប្រាប់អ្នកកាសែតឱ្យសោះ គឺដូចតែបានចំណេញ3ម៉ឺនដុល្លារដែរ តែបើសិនជាសូនីតា ហ៊ានតែថ្លោះធ្លោយនិយាយប្រាប់អ្នកកាសែតនោះ គឺដូចជា អស់ឡាន1គ្រឿងអ៊ីចឹងដែរ ព្រោះការព្រមានពិន័យ3ម៉ឺនដុល្លារនោះ ស្មើនឹងការថតកុន6រឿងឯណោះ។

មាន សូនីតា ដែលតែងតែត្រូវបានផលិតកម្មរស្មីហង្សមាស ផ្តល់ឱកាសឱ្យសម្តែងក្នុងបទចម្រៀងជា MV ល្បីៗ ដូចជាបទ “Lady” របស់ព្រាប សុវត្ថិ នោះ ឆក់បានតំណែងជាតួឯកក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍ហង្សមាស ដោយប៉ះជាមួយលោកណាខុន។

ប្រភពបានឱ្យដឹងថា រឿងនោះមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើន ដែលកម្រនឹងប៉ះគ្នា ដូចជា អ្នកនាងឡាយ លក្ខិណា, ឌុច សុភា និងកុល ដាវី ជាដើម តែតារាទាំងនោះមិនព្រមផ្តល់បទសម្ភាសន៍ពីភាពយន្តដែលជានិពន្ធ និងដឹកនាំសម្តែង ដោយកញ្ញាប៊ុន ច័ន្ទនិមល ដែលជាអតីតអ្នកនិពន្ធរបស់ហង្សមាស ឡើយ គឺបែរជាអ្នកកាសែតសួរនាំបន្តិច ក៏គេចរត់ចេញតែម្តង ដែលមើលទៅម្នាក់ៗហាក់ខ្លាចការព្រមានរបស់ហង្សមាស គ្រប់ៗគ្នាអស់ទៅហើយ ព្រោះថា ពួកគេខ្លាចអស់3ម៉ឺនដុល្លារ។

លោកណាខុន ដែលជាតួឯកប្រុសប៉ះជាមួយមាន សូនីតា និយាយតាមទូរស័ព្ទថា “អូ! មានឯណាបង! ខ្ញុំថតហ្នឹង MV តើបង មានថតរឿងឯណា? មើលទៅ សង្ស័យតែគេច្រឡំហើយយ៉ាងនេះ?”។

ចំណែកកុល ដាវី វិញ និយាយខ្លីថា “ខ្ញុំមិនហ៊ាននិយាយទេបង ព្រោះគេមិនឱ្យនិយាយទេ! ខ្ញុំថតឱ្យហង្សមាស មែន តែខ្ញុំមិនអាចនិយាយបានជាដាច់ខាត”។

ដោយឡែក អ្នកនាងឡាយ លក្ខិណា វិញ ប្រាប់បែបលាក់លៀមដែរថា “ខ្ញុំបានថតរឿងឱ្យហង្សមាស ហ្នឹងមែន គឺថត4ទៅ5ខែហើយ តែខ្ញុំមិនអាចនិយាយបានទេ ព្រោះខាងគេមិនឱ្យនិយាយទេ។ សូមអធ្យាស្រ័យផងណា៎ ខ្ញុំមិនចង់ឱ្យមានបញ្ហាជាមួយក្រុមហ៊ុនគេ”។

មាន សូនីតា បានបង្ហាញភាពហ៊ឺហាដល់កំពូលនៅចុងឆ្នាំ2017 និងដើមឆ្នាំ 2018 នេះ ដោយនាងបានទិញវីឡាតម្លៃជាង30ម៉ឺនដុល្លារ នៅបុរីប៉េងហួត (បឹងស្នោ) និងបើកហាងលក់ក្រមានៅខាងក្រោយព្រះបរមរាជវាំង ដោយបោះទុនអស់ជាច្រើនម៉ឺនដុល្លារ រួមទាំងការលេងម៉ូដរថយន្តទំនើបៗជាបន្តបន្ទាប់ទៀតផង។ ភាពមានបានទ្រព្យយ៉ាងលឿនដូចផ្លេកបន្ទោររបស់ស្រីស្រស់សំឡេងស្រាលៗនេះ ក្រោយពីដំណឹងស្នេហ៍របស់នាងត្រូវបានគេខ្សឹបខ្សៀវពេញក្នុងចង្កោមអ្នកសិល្បៈថា នីតា ត្រូវបានលោកគយ កាត់ចិន អាយុជិត50ប្លាយម្នាក់ រាយអន្ទាក់ស្នេហ៍យ៉ាងប្រកិតបំផុត ដោយបុរសដែលមិនមែននៅទំនេរនោះ បានលង់ស្នេហ៍សូនីតា ជាង2ឆ្នាំទៅហើយ ព្រមទាំងបានតាមដានសកម្មភាពសិល្បៈរបស់សូនីតា គ្រប់ពេលវេលាទាំងអស់ទៀតផង។

ប្រភពបានឱ្យដឹងថា សូនីតា នឹងមានអ្វី២គ្រប់យ៉ាងទាំងអស់ ឱ្យតែនាងត្រូវការទាំងលុយ ឡាន វីឡា គឺរស់នៅសោយសុខមិនចេះអស់ បើសិនជានាងព្រមភ្ជាប់ស្នេហ៍ជាមួយគយ ដែលចាយលុយដូចក្រដាសនោះ។

ទោះជាយ៉ាងណា មាន សូនីតា មិនដែលហ៊ានលាតត្រដាងរឿងស្នេហាជាមួយលោកគយ ដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយចាំឧបត្ថម្ភដល់ភាពហ៊ឺហាដល់នាងនោះទេ គឺពេលនេះមិនស្វាគមន៍អ្នកកាសែតសម្ភាសន៍ឡើយ។

យ៉ាងណា ប្រភពដ៏ជិតស្និទ្ធនឹងនាងមាន សូនីតា បានបង្ហើបឱ្យដឹងថា ការនៅតែបន្តប្រឡូកសិល្បៈ ដោយសម្ងំថតរឿងឱ្យហង្សមាស របស់មាន សូនីតា នៅពេលនេះ បញ្ជាក់ថា ស្រីស្អាតរូបនេះមិនត្រូវបានលោកគយ ហួងហែង ឬប្រចណ្ឌ ខ្លាំងឱ្យឈប់ពីអាជីពចាស់ដូចតារាស្រីល្បីៗមួយចំនួន ដែលមានគូស្នេហ៍ជាមន្ត្រីធំ ហើយរើខ្លួនមិនរួចពីទ្រុងស្នេហ៍នោះឡើយ៕

RELATED ARTICLES