ខេត្តបាត់ដំបង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការបែកធ្លាយរូបថតជនបរទេសម្នាក់ បានឡើងទៅអង្គុយថតសែលហ្វីយ៉ាងរំភើយ ពីលើព្រះកេសព្រះពុទ្ធបដិមាដ៏ធំមួយអង្គ ស្ថិតនៅលើកំពូលភ្នំសំពៅ ខេត្តបាត់ដំបង ដែលកំពុងសាងសង់មិនទាន់រួចនៅឡើយ ជាហេតុធ្វើឱ្យអ្នកលេងហ្វេសប៊ុក ពិសេសមហាជនទូទៅបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ចំពោះទង្វើមាក់ងាយវប្បធម៌ប្រពៃណីខ្មែរ ដែលបង្កឡើងដោយជនបរទេសរូបនោះ។
ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះរូបថតចំនួន២សន្លឹក ដែលបង្ហាញឱ្យឃើញពីសកម្មភាពរបស់ជនបរទេសប្រុសស្រី២នាក់ បាននាំគ្នាឡើងទៅលើកំពូលភ្នំសំពៅ កន្លែងការដ្ឋានសំណង់ព្រះកេសព្រះពុទ្ធបដិមាដ៏ធំ។ បន្ទាប់មក បុរសជាជនបរទេសដែលស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌បៃតង ខោខ្លីលើជង្គង់ពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅ បានឡើងទៅលើកំពូលព្រះកេសព្រះពុទ្ធបដិមា រួចហើយ អង្គុយសើចស្ញាញ ថតសែលហ្វីធ្វើព្រងើយ ចំណែកនារីជាដៃគូនៅឈរពីក្រោមសម្លឹងមើលហាក់ដូចជាកំពុងរីករាយខ្លាំងណាស់។
ទាក់ទងទៅនឹងរូបភាពជនបរទេសដែលឡើងទៅអង្គុយលើព្រះកេសព្រះពុទ្ធបដិមា ដែលត្រូវបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ មិនមានប្រភពណាបានស្គាល់ពីអត្តសញ្ញាណជនបរទេសប្រុសស្រីទាំង២រូបនោះទេ តែរូបភាពនេះត្រូវគេសង្ស័យថា បានកើតឡើង ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថ្មីៗនេះ ខណៈដែលក្រុមជាងបានសម្រាកធ្វើការអស់ហើយ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺមានមន្ត្រីនគរបាលទេសចរណ៍ និងអ្នកលក់សំបុត្រដែលមានស្នាក់ការនៅក្បែរនោះ បែរពួកគេមិនយកភ្នែកមើលទៅវិញ។
ជុំវិញរឿងរ៉ាវមួយនេះ មហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីនគរបាលទេសចរណ៍ ដែលមិនយកចិត្តទុកដាក់ថែរក្សាតំបន់ទេសចរណ៍ភ្នំសំពៅនេះ។
ក្រោយការបែកធ្លាយនូវរូបភាពដែលបង្ហាញពីទង្វើមើលងាយមើលថោក និងជាន់ឈ្លីព្រះពុទ្ធរូបដែលជាព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់ខ្មែរនេះ មហាជនបានទាមទារឱ្យសមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជននោះទៀតផង។
ចំណែកកាលពីព្រឹកមិញនេះ ហ្វេសប៊ុកដែលមានឈ្មោះ William Guang បានបង្ហោះសារភ្ជាប់នឹងរូបថតជនបរទេសដែលបានអង្គុយលើព្រះកេសព្រះពុទធបដិមាថា “អាជ្ញាធរបាត់ដំបងមានបានឃើញទេចំពោះរឿងនេះដែលកើតឡើងនៅភ្នំសំពៅ ជនបរទេសនេះវាព្រហើនណាស់មកប្រមាថព្រះពុទ្ធសាសនាខ្មែរបែបនេះ។ សូមអាជ្ញាធរចាប់ជននេះអោយបាន ដាក់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។
គួរបញ្ជាក់ថា រូបព្រះអង្គធំដែលជាចម្លាក់ថ្មជញ្ជាំងលើភ្នំសំពៅនេះ ត្រូវបានកសាងនិងផ្អាកការសាសង់ច្រើនឆ្នាំមកហើយ តែថ្មីៗនេះ ស្ថាប័នជំនាញបានរៀបចំឱ្យដំណើរការឡើងវិញ ដោយក្រុមជាងចម្លាក់មួយក្រុមផ្សេងទៀត៕