ពេជ្រ សោភា តារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស ថ្បីត្បិតតែឆ្នាំនេះ នាងមានអាយុ៣៥ឆ្នាំក្ដី តែអ្នកចម្រៀងដុះស្លែនៅហង្សមាស នៅតែត្រូវបានបណ្ដាក្រុមហ៊ុនធំត្រូវការនាងឲ្យធ្វើជាទូតសុឆន្ទៈរបស់ពួកគេ ដើម្បីឃោសនាលក្ខណៈពាណិជ្ជកម្មលើទីផ្សារ ជាមួយតម្លៃខ្លួនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ។ ជាក់ស្ដែង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ពេជ្រ សោភា ដែលជា Brand Ambassador របស់ទូរស័ព្ទ Oppo នោះ បានលេចមុខក្នុងកម្មវិធីសម្ពោធ F7 របស់ Oppo ដែលមានក្រុមអ្នកគាំទ្រអ្នកចម្រៀងល្បីឈ្មោះរូបនេះ ទៅថត Selfie ពេញសណ្ឋាគារសុខា ភ្នំពេញ។
ពេជ្រ សោភា និយាយថា ទូរស័ព្ទ Oppo នេះ នាងលង់ស្នេហ៍ខ្លាំងណាស់ តែមិនចង់និយាយឃោសនាច្រើនទេ បើបងប្អូនចង់ដឹងថាវាពិសេសយ៉ាងណានោះ គឺមានតែទិញទៅប្រើប្រាស់ខ្លួនឯង ទើបដឹងពីគុណភាព ហើយតម្លៃត្រឹមតែ៣២៩ដុល្លារតែប៉ុណ្ណោះ។
ពេជ្រ សោភា បានឡើងច្រៀងរាំអង្រួនលើឆាកតន្ដ្រីនៅចំពោះមុខថ្នាក់ដឹកនាំនិងអាជីវកររបស់ Oppo ដោយនាងបានយកក្រុមរាំអមផ្ទាល់ខ្លួន ដល់ទៅ១០នាក់ឯណោះ។ ក្រៅពីពេជ្រ សោភា តារាចម្រៀងដែលជាទូតសុឆន្ទៈរបស់ Oppo ក៏មានស្រីស្អាតវ័យក្មេង នាងរ៉េត ស៊ូហ្សាណា និងលោក Step ផងដែរ ដែលពួកគេបានឈរ និងច្រៀងឃោសនាឲ្យ Oppo ដូចគ្នា។ ចំណែកអ្នកចម្រៀងចំណូលថ្មីរបស់ហង្សមាស ដែលគ្មានតួនាទីជាមួយ Oppo អតីតតារាចម្រៀងផលិតកម្មសាន់ដេ លោកនីកូ ក៏ឡើងច្រៀងក្នុងព្រឹត្តិការណ៍នោះដែរ បានយកបទថ្មីរបស់ខ្លួននៅហង្សមាស ”ចូកមួយ” ទៅអូសទាញការគាំទ្រឡើងវិញ បន្ទាប់ពីស្ពាយបង្វេចចេញពីសាន់ដេ រត់ចូលទៅហង្សមាស តាមបងប្រុសខ្លួន ណុប បាយ៉ារិទ្ធ នោះ។
គេក៏កត់សម្គាល់ផងដែរថា ពិធីការិនីថ្មីរបស់ហង្សមាស អ្នកនាងគង់ សុជាតិ ក៏បានបង្ហាញខ្លួនក្នុងរាត្រីនោះដែរ ដោយចាប់ដៃគូជាមួយពិធីករលោករ៉ាស៊ី សហការគ្នាឃោសនាឲ្យ Oppo។
អ្នកតំណាងក្រុមហ៊ុន Oppo មិនហ៊ានបញ្ជាក់ថា តម្លៃខ្លួនតារាជាទូតសុឆន្ទៈរបស់ Oppo ទាំង៣ មានពេជ្រ សោភា , រ៉េត ស៊ូហ្សាណ និង Step នោះបានទទួលប្រាក់ប៉ុន្មានក្នុង១ឆ្នាំឡើយ គ្រាន់តែថាតម្លៃមិនធម្មតាទេ។
ប្រភពបានឲ្យដឹងថា ក្នុងចំណោមតារាចម្រៀងផលិតកម្មរស្មីហង្សមាស គឺមានតែលោកព្រាប សុវត្ថិ ទេ ដែលថតស្ពតតម្លៃខ្លួនខ្ពស់ជាងគេ គឺក្នុងត្រា១ឆ្នាំ ស៊ីថ្លៃ៥ម៉ឺនដុល្លារ៕