ខេត្តព្រៃវែង ៖ នារីវ័យក្មេងម្នាក់ បានអះអាងថា នាងត្រូវបានក្មេងស្ទាវចំនួន៣នាក់ ធ្វើសកម្មភាពស្ទាក់ចាប់រំលោភបូករហូតដល់បានសម្រេច កាលពីថ្ងៃចូលឆ្នាំ លុះក្រោយពីសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង៣នាក់បាន ក៏មានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ប្រកែកថា ខ្លួនមិនបានរំលោភនារីរងគ្រោះនោះទេ គ្រាន់តែបានត្រឹមឱបថើបប៉ុណ្ណោះ រីឯបក្ខពួក២នាក់ទៀត សារភាពថា ពិតជាបានរំលោភមែន។
ករណីក្មេងស្ទាវ៣នាក់ ចាប់រំលោភបូកនារីវ័យក្មេងម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ (ចំថ្ងៃចូលឆ្នាំទី២) នៅចំណុចភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច។ លុះក្រោយពេលនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវកម្លាំងអាវុធហត្ថខេត្តព្រៃវែង ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបាន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
ក្រុមជនសង្ស័យល្មោភកាមទាំង៣នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីរងគ្រោះ រួមមាន ទី១-ឈ្មោះវន់ សុខរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ទី២-ឈ្មោះផន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច និងទី៣-ឈ្មោះតុន រាជ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាង រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច។ ចំណែកនារីរងគ្រោះ មានឈ្មោះម.ច អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ ដោយប្តឹងទៅលើក្រុមក្មេងស្ទាវចំនួន៣នាក់ ថាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ កាលពីថ្ងៃចូលឆ្នាំទី២មកម៉្លេះ។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រីឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាកម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយមានការបំភ្លឺពីនារីរងគ្រោះផង និងមានការសម្រួលនីតិវិធីពីលោកមាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងផង ទើបនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខកម្លាំងអាវុធហត្ថ ជនសង្ស័យឈ្មោះផន សីហា និងឈ្មោះតុន រាជ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល៥និង៣០នាទីល្ងាច ពួកគេទាំង២នាក់ពិតជាបានចាប់រំលោភនារីរងគ្រោះខាងលើប្រាកដមែន។ ចំណែកឈ្មោះវន់ សុខរិទ្ធី បានឆ្លើយបដិសេធថា រូបគេមិនបានចាប់រំលោភនារីរងគ្រោះនោះទេ តែគ្រាន់បានឱបថើបជនរងគ្រោះប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕