ខេត្តព្រៃវែង ៖ បុរសម្នាក់ឱ្យតែផឹកស្រាស្រវឹង ចេះតែព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនជាញឹកញាប់ តែមិនបានសម្រេច ព្រោះក្រុមគ្រួសារ រួមនឹងអ្នកភូមិជួយទាន់រហូត លុះចុងក្រោយបន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែក ក៏កាន់ខ្សែគោដើរទៅក្រោយផ្ទះបាត់ ពេញ១យប់ លុះព្រឹកឡើង ក៏ត្រូវសាច់ញាតិប្រទះឃើញចងកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើដើមអម្ពិល ព្រៃដំបូកខាង ជើងភូមិចារ ឃុំរលេច ស្រុកស៊ីធរកណ្តាល។
បុរសប្រមឹកដែលចងកធ្វើអត្តឃាត មានឈ្មោះអ៊ន់ ជ្រីន អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីឈ្មោះស៊ា ហ៊ា អាយុ៥៧ឆ្នាំ ត្រូវជាម្តាយមីងរបស់ជនរងគ្រោះ ស្នាក់នៅផ្ទះជាមួយគ្នា បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ គឺជាមនុស្សដែលចូលចិត្តផឹកស្រាខ្លាំងណាស់ រហូតដល់ក្តៅខួរក្លាយជាមនុស្សមានសតិមិនប្រក្រតីទៅហើយ មិនតែប៉ុណ្ណោះឱ្យតែផឹកស្រាស្រវឹង ជនរងគ្រោះចេះតែទាមទារចង់តែស្លាប់មិនឈប់ ហើយកន្លងមក ជនរងគ្រោះធ្លាប់បានប៉ុនប៉ងថ្វើអត្តឃាតប៉ុន្មានដងដែរ តែត្រូវក្រុមគ្រួសារ និងអ្នកជិតខាងជួយសង្គ្រោះទាន់ពេលរហូត។
ស្ត្រីជាម្តាយមីងរបស់ជនរងគ្រោះបន្តថា លុះមកដល់ម៉ោងប្រមាណ៤រសៀល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានអង្គុយផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ទើបឈប់ផឹក ហើយក៏ក្រោកដើរចេញទៅក្រោយផ្ទះ ដោយកាន់ខ្សែគោទៅជាមួយផង ចំណែកក្រុមគ្រួសារបានព្យាយាមតាមរកមើលដែរ តែមិនឃើញសោះ ទើបត្រឡប់មកផ្ទះវិញ សម្រាកទល់ភ្លឺ។ ស្រាប់តែព្រឹកឡើង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ក៏មានគេប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមអម្ពិល ខាងក្រោយផ្ទះបាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអ្វត្តឃាតប្រាកដមែន។
សាកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕