Saturday, November 16, 2024
Homeតារាខ្មែរសាន សុម៉ាលី-ជា ស្រួច ផ្លោងពាក្យសម្តីដាក់គ្នា ពាក់ព័ន្ធគ្រោះថ្នាក់ប្អូនប្រុស

សាន សុម៉ាលី-ជា ស្រួច ផ្លោងពាក្យសម្តីដាក់គ្នា ពាក់ព័ន្ធគ្រោះថ្នាក់ប្អូនប្រុស

ភ្នំពេញ ៖ តារាសម្តែងស្រីមានងារជាកាកី នាងសាន សុម៉ាលី បានបញ្ចោញនូវប្រតិកម្មតបខ្លាំងៗ ចំពោះអតីតកីឡាករប្រដាល់ និងតារាសម្តែង ជា ស្រួច ជុំវិញរឿងរ៉ាវដែលប្អូនប្រុសរបស់នាងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុក) ដែលតាមការអះអាងរបស់នាងសាន សុម៉ាលី ប្អូនប្រុសរបស់នាងបានជួបគ្រោះថ្នាក់ នៅពេលដែលគេបានទៅដើរលេងជាមួយនឹងលោកជា ស្រួច លុះពេលប្អូនប្រុសមានបញ្ហា ក៏ស្រាប់តែទាក់ទងលោកជា ស្រួច លែងបានទៅវិញ។

នាងសាន សុម៉ាលី កាលពីពេលថ្មីៗនេះ បានបង្ហាញសារទួញសោកមួយ រៀបរាប់ថា នាងមានទុក្ខដោយសារប្អូនប្រុសដើរចូលឡាន។ សាន សុម៉ាលី បានបញ្ជាក់ថា ពេលនេះប្អូនប្រុសរបស់នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាប់នៅពេទ្យសូរិន្ទ ហើយ និងមិនទាន់ដឹងថា ស្ថានភាពបានធូរឬយ៉ាងណានៅឡើយទេ។

នាងសាន សុម៉ាលី បានបង្ហាញអារម្មណ៍ក្តុកក្តូលថា “ប្អូនប្រុសខ្ញុំ គាត់មកពីភ្នំពេញ មកគ្នាបីនាក់ មកឧត្តរមានជ័យ ដើម្បីមកលេងចូលឆ្នាំ មកជាមួយបងជា ស្រួច និងមិត្តភក្កិបង ជា ស្រួច ម្នាក់ទៀត ហើយស្រាប់តែពេលមានហេតុការណ៍ ខ្ញុំមិនដឹងទេថាប្អូនប្រុសខ្ញុំសុខៗត្រូវគេបាញ់បាក់ភ្លៅ ហើយគេវាយបាក់ដៃ បាក់ជើង ហើយបែកមុខ បែកមាត់រួចហើយ យកទៅទម្លាក់នៅកណ្តាលថ្នល់ ថាគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែពេលដែលបញ្ជូនទៅដល់ពេទ្យសូរិន្ទ ខ្លួនគាត់អត់មានស្នាមឡានបុកឡានអីទាំងអស់ ហើយពេលដែលខ្ញុំខលទៅបង ជា ស្រួច គាត់បិទទូរស័ព្ទបាត់…”។

ឆ្លើយតបទៅនឹងការលើកឡើងរបស់តារាសម្តែង សាន សុម៉ាលី ដែលអះអាងថា ប្អូនប្រុសរបស់នាងជួបគ្រោះថ្នាក់ ខណៈដែលចេញដើរលេងជាមួយនឹងអតីតកីឡាករប្រដាល់ ជា ស្រួច នោះ លោកជា ស្រួច បានបង្ហោះសារមួយ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ថា “ជំរាបសួរសម្តេច ទ្រង់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនជាទីគោរពអំពីខ្ញុំបាទ ថ្ងៃនេះ ខ្ញុំបាទសុំបកស្រាយពីបទពាក់ព័ន្ធជាមួយសាន សុម៉ាលី ដំបូងប៉ា សាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ ថ្ងៃចុងក្រោយចូលឆ្នាំ ហើយការរាប់អានរវាងខ្ញុំជាមួយសាន សុម៉ាលី ជាង៣០ឆ្នាំហើយ តាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូតដល់គាត់ស្លាប់ មិនសមមកនិយាយរឿងមិនពិត សូម្បីតែទៅនឹងថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅម្នាក់ឯងគត់ ហើយពេលប្អូនគ្រោះថ្នាក់ចរាចរណ៍ និយាយថា គេវាយបាក់ជើងបាក់ដៃ ហើយពេលកើតរឿងថា តេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិតប្រាប់សារព័ត៌មានបែបនេះ បានន័យថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា កុំយកភាសាស្រវឹងនិយាយ…”។

ក្រោយពីឃើញសាររបស់លោកជា ស្រួច ភ្លាម តារាសម្តែងសាន សុម៉ាលី ក៏បានបង្ហោះសារតបមកវិញភ្លាមៗថា “បងស្រួច អាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបង សូម្បីតែមួយដង ម្នាក់នៅស្រុក ម្នាក់នៅភ្នំពេញ ហេតុអីបានបងនិយាយថាខ្ញុំស្រវឹង បងផុសថា បងមិនដឹងរឿងនឹង ចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយាយថាបងមិនដឹង តែគាត់បានទៅជាមួយបងតែបីនាក់ ហើយខ្ញុំមិនបានហៅមកលេងទេ តែបងសុំលេខប៉ាខ្ញុំ ហើយក៏ឱ្យ ដោយសារតែការរាប់អាននិងទុកចិត្តបង ហើយហេតុអ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហា ហេតុអ្វីក៏បានទុកប្អូនឱ្យប្អូនឈឺតែម្នាក់ឯង ហើយបងបបួលទៅដើរលេងបីនាក់ ស្រាប់តែគាត់មកវិញតែពីរនាក់ នឹងពាក្យសំដីថារាប់អានគ្នា៣០ឆ្នាំ បងប្អូនជួយគិតមើលបើ បងស្រួច រាប់អានគ្រួសារ៣០ឆ្នាំ ហេតុអីបងសុខចិត្តឱ្យក្មួយដេកងាប់តែម្នាក់អែង ហើយនិយាយថាដើររកពេញនឹង តែម្នាក់មិត្តភក្តិថា ឃើញតែបងស្រួច ឆ្លើយថាដើររក ខ្ញុំមិនសង្ស័យមានន័យចំលែក បើពេលប៉ារកឃើញហើយ គាត់ទាំងភ័យតក់ស្លុត ហេតុអីគាត់ឆ្លើយថាប្រញាប់ទៅការគេ ហើយប៉ាបានប្រាប់គាត់ថា ឱ្យយកក្មួយទៅពេទ្យផង ហើយទាំងមិនយកខោអាវដែលបោកអ៊ុតហើយទៅឡើងលឿន នឹងហើយដែលហៅថាការរាប់អាន និយាយចេញពីមាត់បង បើបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅមុខផ្លូវច្បាប់…”។

 

យ៉ាងណាក្តី ជាចុងក្រោយ លោកជា ស្រួច បានបង្ហោះសារខ្លីមួយឆ្លើយតបទៅសាន សុម៉ាលី ថា “សុំអភ័យទោស សរសេរមិនទាន់ចប់ផង។ សូមផ្តាំថាកុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តយសខ្ញុំ ប្រយ័ត្នបកវិញ កុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង…”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ តារាសម្តែង សាន សុម៉ាលី បានទទួលដំណឹងមកថា ប្អូនប្រុសរបស់នាង បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ ហើយករណីនេះ ត្រូវបានសាន សុម៉ាលី ដាក់ការសង្ស័យថា អាចមានជាប់ពាក់ព័ន្ធជាមួយនឹងអតីតកីឡាករប្រដាល់ ជា ស្រួច ព្រោះពួកគេបានទៅដើរលេងជាមួយគ្នា លុះពេលកើតរឿង បែរជាទាក់ទងទូរស័ព្ទទៅជា ស្រួច មិនចូលទៅវិញ៕

RELATED ARTICLES