ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងជោក ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ លុះខឹងប្រពន្ធខ្លាំងពេក ក៏ចាក់សាំងគំរាមដុតផ្ទះចោល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរខាង ភ័យឆោឡោ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ លុះសមត្ថកិច្ចមកដល់ ប្តីជើងខ្លាំងរូបនោះបែរជាមិនហ៊ានចេញមុខដោះស្រាយសម្ងំនៅក្នុងផ្ទះស្ងាត់ឈឹង ទុកឱ្យប្រពន្ធចេញមុខមកដោះស្រាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កហេតុជាប្តីនោះ មានឈ្មោះ ស.វ.ណ អាយុ៥៣ឆ្នាំ មុខរបរលក់ដូរចាប់ហួយ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ វ.ល.ណ អាយុ៥៣ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅផ្ទះជួលភូមិកើតហេតុខាងលើ។
តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កហេតុ បានផឹកស៊ីជាមួយអ្នកផ្ទះជួលជិតកន្លែងកើតហេតុ លុះពេលស្រវឹងធ្លាក់ភ្នែក ស្រាប់តែកើតមានជម្លោះជាមួយអ្នកផឹកស៊ីជាមួយគ្នាម្តងរួចមកហើយ។ បន្ទាប់មក ជនបង្កហេតុក៏បានត្រឡប់ទៅផ្ទះវិញ រួចបានកើតមានទំនាស់តឹងសរសៃកដាក់គ្នាជាមួយប្រពន្ធថែមទៀត លុះបន្តិចក្រោយមក ជនបង្កហេតុស្រាប់តែច្រឡោតខឹងកាន់តែខ្លាំង រហូតដល់យកសាំងមកចាក់បម្រុងដុតផ្ទះចោល ធ្វើឱ្យប្រជាពរដ្ឋរស់នៅក្បែរខាង មានការភិតភ័យយ៉ាងខ្លាំង ព្រោះខ្លាចឆេះរាលដាលដល់បន្ទប់ជួលដែលនៅជិតគ្នា។ មិនតែប៉ុណ្ណោះ ជនបង្កហេតុថែមទាំងបានយកសាំងមកចាក់លើគំនរដូងទៀតផង តែត្រូវប្រពន្ធបានយកស្រាចាក់ពីលើសាំង កុំឱ្យប្តីដុតឆេះ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ព្រោះខ្លាចជនបង្កហេតុខាងលើចាក់សាំងដុតផ្ទះមែន ច្បាស់ជាវីវរមិនខាន។ លុះពេលសមត្ថកិច្ចចុះមកដល់ ស្រាប់តែបុរសជាប្តីជើងខ្លាំង បែរជាសម្ងំឈឹងក្នុងផ្ទះ មិនព្រមចេញមុខមកដោះស្រាយទេ ទុកឱ្យប្រពន្ធចេញមុខមកដោះស្រាយជំនួសទៅវិញ។
តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនបង្កហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបសគាត់ និងកូនប្រុសរបស់គាត់ បានផឹកស៊ីជាមួយអ្នកជិតខាង ហើយមករករឿងឈ្លោះប្រកែកជាមួយគាត់ បន្ទាប់មកប្តីរបស់គាត់បម្រុងដុតផ្ទះចោល ដោយយកស្រាចាក់លើគំនរដូង តែមិនមែនយកប្រេងសាំងចាក់ទេ។
ដោយសារតែមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ហើយជនបង្កមិនហ៊ានចេញមុខដោះស្រាយជាមួយសមត្ថកិច្ច ទើបស្ត្រីជាប្រពន្ធជាអ្នកចេញមុខធានា មិនឱ្យមានលើកក្រោយទៀតទេ៕